(ភ្នំពេញ)៖ ដើម្បីជាការសម្រួលដល់ការគ្រប់គ្រងអាជីវកម្មឲ្យកាន់តែមានសុក្រិតភាព និងប្រសិទ្ធភាពខ្ពស់ ដោយប្រើប្រាស់ពេលវេលាតិច ក្រុមហ៊ុន BSE Accounting Co,. Ltd និងក្រុមហ៊ុន Localize Tech Solution Co,. Ltd បានសហការគ្នាដាក់ឱ្យប្រើប្រាស់ជាផ្លូវការលើប្រព័ន្ធគ្រប់គ្រងអាជីវកម្មសម្រាប់សហគ្រាសធុនតូច និងមធ្យម ដើម្បីបញ្ចូលបច្ចេកវិទ្យាព័ត៌មានវិទ្យា ទៅក្នុងប្រតិបត្តិការអាជីវកម្ម ជួយសម្រួលដល់ការងារគ្រប់គ្រង និងអភិវឌ្ឍន៍របស់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុកឲ្យមានលទ្ធភាព ស្របតាមស្តង់ដារអន្តរជាតិ។

ក្រុមហ៊ុនទាំងពីរបានព្រមព្រៀងសហការគ្នានេះ ដើម្បីជួយសម្រួលដល់ការងារគ្រប់គ្រង និងអភិវឌ្ឍន៍របស់សហគ្រាសធុនតូច និងមធ្យម ឱ្យស្របតាមគោលនយោបាយ អភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ របស់រាជរដ្ឋាភិបាល ដោយបានកំណត់ថាត្រឹមឆ្នាំ២០២៥ យ៉ាងហោចណាស់ ៥០% នៃសហគ្រាសធុនតូច និង ៧០% នៃសហគ្រាសធុនមធ្យមទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ត្រូវមានបញ្ជីគណនេយ្យច្បាស់លាស់ ។

ពិធីចុះអនុស្សរណយោគយល់គ្នានេះធ្វើឡើងនាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះ នៅភោជនីដ្ឋានទន្លេបាសាក់២ ក្រោមវត្តមានលោក សាន ឫទ្ធី នាយកប្រតិបត្តិ ក្រុមហ៊ុន BSE និងលោក ទុយ ហុង នាយកប្រតិបត្តិក្រុមហ៊ុន Localize និងមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើរូបទៀតផងដែរ។

លោក សាន ឫទ្ធី បានឱ្យដឹងថា ការចុះអនុស្សរណយោគយល់គ្នានេះក្នុងភាពជាដៃគូ ដើម្បីជំរុញនិងគាំទ្រដល់គោលដៅអភិវឌ្ឍការគ្រប់គ្រងពាណិជ្ជកម្ម និងពន្លឿនការ ប្រើប្រាស់បច្ចេកវិទ្យាទំនើបចំពោះគ្រប់អាជីវកម្មនៅកម្ពុជា។ សារៈសំខាន់ជាច្រើនក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាមានដូចជា កាត់បន្ថយការចំណាយ ចំនេញពេល ការប្រើប្រាស់ធនធានមនុស្សតិចតែអាចធ្វើការច្រើន និងអាចរកប្រាក់ចំណូលបានច្រើនសម្រាប់ក្រុមហ៊ុនផងដែរ។

លោក សាន ឫទ្ធី បានបន្ថែមថា បើគិតពីស្ថានភាពពីមុនរាប់ឆ្នាំមកហើយការរកស៊ីគឺចេះតែទិញលក់ រាប់លុយគ្មានក្រដាសស្នាមស្មុគស្មាញអីទេ ក្រោយមកទៀតក៏មានការ វិវត្តន៍ជាបន្តបន្ទាប់ រហូតដល់មានការប្រើប្រាស់ប្រពន្ធគិតលុយ POS ក្រោយមកអ្នករកស៊ីចេះប្រើប្រពន្ធ Computer ដើម្បីគ្រប់គ្រងការទិញលក់របស់ពួកគាត់ ហើយបើគិត មកដល់បច្ចុប្បន្ននេះវិញការប្រើបច្ចេកវិទ្យា គឺមានលក្ខណៈកាន់តែទំនើប ដែលបច្ចេកវិទ្យាអាចគ្រប់គ្រងការទិញ លក់ អាចគ្រប់គ្រងអាជីវកម្ម ថែមទាំងអាចផលិត បញ្ជីគណនីបានទាន់ពេលវេលាថែមទៀតផង។

លោកបានបន្ថែមទៀតថា ស្ថិតដំណាក់កាលនៃជំងឺកូវីដ១៩នេះ ទៅបីជាវាមានផលប៉ះពាល់សម្រាប់សហគ្រាសធុនតូច និងមធ្យម ក្នុងការប្រកបអាជីវកម្មតិចតួចមែន តែក៏ជាឱកាសមួយដែលត្រូវយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងអាជីវកម្មរបស់ខ្លួនឱ្យបានល្អបំផុត គឺត្រូវពង្រឹងអាជីវកម្មរបស់ខ្លួនឱ្យបានល្អ តាមរយៈកាបំពាក់បច្ចេកវិទ្យា ដោយរៀបចំប្រព័ន្ធនៃការរកស៊ីតាមរយៈការប្រើប្រាស់ដោយដៃ ចូលទៅក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីរង់ចាំពេលដែលស្ថានភាពប្រទេសល្អឡើងវិញ គឺអាចពង្រីក អាជីវកម្មឱ្យកាន់តែល្អជាងមុនផងដែរ។

សូមបញ្ជាក់ដែរថា ក្រុមហ៊ុន Localize Tech Solution Co,. Ltd ទទួលបន្ទុកលើការអភិវឌ្ឍន៍ប្រព័ន្ធព័ត៌មានវិទ្យា ដែលត្រឹមត្រូវតាមស្តង់ដា និងមានភាពបត់បែនបានតាម គ្រប់ស្ថានការនៃអាជីវកម្ម និងក្រុមហ៊ុន BSE Accounting Co,. Ltd ទទួលបន្ទុកក្នុងការយកប្រព័ន្ធនេះ ទៅអនុវត្តសម្រាប់សហគ្រាសធនតូចនិងមធ្យម ដោយធ្វើយ៉ាណា អាចជួយសម្រួលដល់ការគ្រប់គ្រងអាជីវកម្ម ជាអតិបរមា រួចផលិតបានបញ្ជីគណនេយ្យមួយដែលត្រឹមត្រូវទទួលយកបាន និងចំណាយពេលវេលា និងថវិកាតិចបំផុត ដែលអាចធ្វើទៅបាន៕