(ភ្នំពេញ)៖ មេចោរប្លន់ និងបក្ខពួក៣នាក់ ពាក់ព័ន្ធនឹងសកម្មភាពប្លន់ លួច យ៉ាងសកម្មនៅក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាល បើកប្រតិបត្តិការស្រាវជ្រាវ រហូតចាប់បាន ជាបន្តបន្ទាប់នៅខណ្ឌសែនសុខ និងខណ្ឌពោធិ៍័សែនជ័យ នាថ្ងៃទី២១-២២ ខែមករា ឆ្នាំ២០១៦នេះ។
ភ្នាក់ងារ Fresh News បានរាយការណ៍ថា ជនសង្ស័យ២នាក់ ត្រូវបានកម្លាំង នគរបាលខណ្ឌសែនសុខ ចាប់ខ្លួនកាលពីយប់មិញ រួចហើយនៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦នេះ នគរបាលជាច្រើននាក់ ដឹកនាំដោយតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានចុះទៅបង្ក្រាបចាប់ខ្លួនមេក្លោងម្នាក់ទៀត ស្ថិតនៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ជនសង្ស័យជាមេក្លោងចោរប្លន់ខាងលើនេះមានឈ្មោះ ស៊ឹម រិទ្ធី បើកហាងបញ្ចាំស្ថិតនៅកន្លែងចាប់ខ្លួននេះតែម្តង។
ពេលចុះឆែកឆេរនោះ កម្លាំងនគរបាលបានដកហូតម៉ូតូចំនួន៣គ្រឿង រួមមានម៉ាក ហ្វីណូ PCX និងសេ១២៥ សេរីឆ្នាំ២០១៦។ សូមបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបករណី ចោរប្លន់ខាងលើនេះ បានធ្វើឡើងក្រោមកិច្ចសហការរវាងកម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល កម្លាំងនគរបាលខណ្ឌសែនសុខ និងកម្លាំងនគរបាល ខណ្ឌពោធិ៍សែនជ័យ ក្រោមបញ្ជាផ្ទាល់ពីសំណាក់ស្នងការនគរបាលរាជធានីភ្នំពេញលោកឧត្តមសេនីយ៍ ជួន សុវណ្ណ។
បើតាមមន្រ្តីនគរបាល នៅពេលនេះ កម្លាំងនគរបាលកំពុងតាមប្រមាញ់តាមចាប់ខ្លួនបក្ខពួកបន្ថែមទៀត៕
Posted by Fresh News Photo on Thursday, January 21, 2016