(បន្ទាយមានជ័យ)៖ សំយ៉ាបរោងម៉ាងស៊ីនដំបូលសាលាឆាន់ និងការិយាល័យកសិកម្ម ត្រូវរងគ្រោះបំផ្លាញដោយសារខ្យល់កន្ត្រាក់ នៅវេលាម៉ោង៣និង៣០នាទី ល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ នៅភូមិស្រះជីក ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា នៅវេលាម៉ោង៣៖៣០នាទីល្ងាច មានភ្លៀងធ្លាក់យ៉ាងខ្លាំងអមទៅដោយខ្យល់កន្ត្រាក់ បោកបក់មកចំ ឃុំស្រះជីកក្នុងភូមិស្រះជីក បណ្តាលឲ្យរោងម៉ាស៊ីនកិនស្រូវ ត្រូវរបើកសំយ៉ាប សាលាឆាន់វត្តជ័យឧត្តម បណ្តាលឲ្យរបើកដំបូលក្បឿង និងការិយាល័យកសិកម្មស្រុកត្រូវរបើកដំបូលក្បឿង។

លោវរសេនីយ៍ឯក យ៉ត សុផល បានឲ្យដឹងថា គ្រោះថ្នាក់ធម្មជាតិបណ្តាលឲ្យដើមឈើដួលបាក់ជាច្រើនដើម និងរោងម៉ាស៊ីនកិនស្រូវដែលម្ចាស់ឈ្មោះ សាន់ ហុកលី របើកសំយ៉ាបដំបូលស័ង្កសីអស់ចំនួន១៥០សន្លឹក ការិយាល័យកសិកម្មស្រុកភ្នំស្រុក អស់ក្បឿងស៊ីបប្រូចំនួន៥០សន្លឹក សាលាឆាន់វត្តជ័យឧត្តមអស់ក្បឿងស្រកានាគចំនួន ១.០០០សន្លឹក និងផ្ទះបាយប៉ុស្តិ៍រដ្ឋបាលរបើកដំបូលស័ង្កសីចំនួន ១៥សន្លឹកផងដែរ។

លោកអធិការបានបញ្ជាក់ថា ក្នុងករណីគ្រោះធម្មជាតិខ្សល់កន្ត្រាក់នេះ ពុំបណ្តាលឲ្យមានរងគ្រោះថ្នាក់មនុស្ស និងផ្ទះប្រជាពលរដ្ឋនោះឡើយ៕