(ក្រចេះ)៖ លោកស្រី ស៊ុន សាភឿន តំណាងរាស្ត្រមណ្ឌលក្រចេះ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តក្រចេះ ជាទីប្រឹក្សាក្រុមការងារគណបក្សប្រជាជនចុះជួយក្រុងក្រចេះ និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ រួមជាមួយក្រុមការងារ និងសប្បុរសជន នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះ បាននាំយកអំណោយចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខស្ត្រីក្រីក្រគ្មានទីពឹង ចំនួន៥០គ្រួសារ នៅក្រុងក្រចេះ ខេត្តក្រចេះ។

នៅក្នុងពិធីសំណេះសំណាលសួរសុខទុក្ខនេះ លោកស្រី ស៊ុន សាភឿន បានក្រើនរំលឹកដល់បងប្អូនស្ត្រីឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ថែរក្សាការពារខ្លួនឱ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបានចៀសផុតពីជំងឺកូវីដ១៩ ដោយត្រូវលាងដៃនឹងសាប៊ូ ឫទឹកអាល់កុលឱ្យបានជាប់ជាប្រចាំ, ត្រូវពាក់ម៉ាស់ឱ្យបាន ជាប្រចាំ, ត្រូវរក្សាអនាម័យល្អ ផឹកស្អាត ហូបស្អាត, មិនត្រូវនៅជិតគ្នា ប៉ះពាល់គ្នានិងជួបជុំគ្នាច្រើនទេ ហើយបើគ្មានការចាំបាច់មិនត្រូវចេញទៅក្រៅផ្ទះនោះទេ។

តំណាងរាស្ត្រមណ្ឌលក្រចេះ បានបន្ថែមថា នៅលើសលកលោក ពុំទាន់មានប្រទេសណារកឃើញវ៉ាក់សាំងសម្រាប់ការពារជំងឺកូវីដ១៩នៅឡើយទេ ហើយបើ រកឃើញក៏ត្រូវការពេលវេលា យូរទៀតទើបចេញឱ្យប្រើប្រាស់បាន ដូចនេះគ្មានអ្វីក្រៅពីការពារខ្លួនឱ្យបានខ្ជាប់ខ្ជូននោះទេ។ ការពារខ្លួនឯងគឺការពារអ្នកនៅជុំវិញខ្លួន ក៏ដូចជាជួយការពារសង្គមជាតិផងដែរ។

លោកស្រី ស៊ុន សាភឿន ក៏បានលើកឡើងផងដែរ អំពីការយកចិត្តទុក្ខដាក់របស់រាជរដ្ឋាភិបាល ក៏ដូចជាគុណសម្បត្តិរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដោយមានក្រសួងសុខាភិបាលជាសេនាធិការ បានជួយទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជាបានទាន់ពេលវេលា និងបានជួយសម្រាលការលំបាក របស់ប្រជាពលរដ្ឋដែលខ្វះខាតក្នុងសម័យកូវីដ១៩នេះ តាមរយៈការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះជាដើម។

នាឱកាសនោះលោកស្រី ស៊ុន សាភឿន និងសមាជិកគណៈប្រតិភូ ដែលបានចូលរួមចំណែកឧបត្ថម្ភកម្មវិធីនេះបាននាំយកអំណោយ ចែកជូនបងប្អូនស្ត្រីក្រីក្រទាំង ៥០គ្រួសារ រួមមាន៖ អង្ករ សារុង ក្រម៉ា ម៉ាស់ ទឹកអាល់កុលាងដៃ និងថវិកាមួយចំនួន ព្រមទាំងបានជួយឧបត្ថម្ភដល់គណៈកម្មការក្រុងក្រចេះ នូវទឹកអាល់កុលចំនួន១០ដប ម៉ាស់២ប្រអប់ និងថវិកាចំនួន ១,០០០,០០០រៀលផងដែរ ដោយចំណាយថវិកាសរុបអស់ ៣,៧៦១,២០០រៀល៕