(សៀមរាប)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយក្រុង-ខេត្តសៀមរាប និងលោកស្រី បុប្ផា ផល រួមជាមួយថ្នាក់ដឹកនាំក្រុមការងារ ក្នុងមូលដ្ឋានក្រុង និងពុទ្ធបរិស័ទ នាំយកទៀនព្រះវស្សា និងទេយ្យទាន គ្រឿងឧបភោគបរិភោគមួយចំនួនធំ ទៅវេរប្រគេនដល់ព្រះភិក្ខុសង្ឃ ក្នុងក្រុងសៀមរាប ខេត្តសៀមរាបចំនួន១២វត្ត សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃរបស់ព្រះសង្ឃ ក្នុងរយៈពេលគង់ចាំព្រះវស្សាអស់ត្រីមាស នៅតាមទីវត្តអារាមនានា។

វត្តទាំង១២ ដែលទទួលបានទៀនព្រះវស្សា និងទេយ្យទានរួមមាន៖ វត្តកេតកន្សារ៉ាម, វត្តតាព្រហ្មមានជ័យ, វត្តវិហារប្រាំពីរល្វែង, វត្តតាំងតុតុ, វត្តអង្គខាងត្បូង, វត្តអង្គខាងជើង, វត្តកោះតេជោសែនជ័យ, វត្តព្រះឥន្ទកោសីយ៍, វត្តព្រះឥនកោសា, វត្តពោធ៍ ៧ដើម, វត្តពោធ៍លង្កា, នឹកវត្តតាំងតុ ក្នុងសង្កាត់នគរភ្នំ និងសង្កាត់ស្លក្រាម ក្រុង និងខេត្តសៀមរាប នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះ។

ទៀនព្រះវស្សា រួមនិងគ្រឿងឧបភោគ បរិភោគ និងបច្ច័យ ដែលនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ រួមជាមួយថ្នាក់ដឹកនាំ និងក្រុមការងារ រួមជាមួយពុទ្ធបរិស័ទ ក្នុងក្រុងនិងខេត្តសៀមរាប នាំយកទៅប្រភេនចំពោះព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅវត្តទាំង១២វត្ត នាពេលនេះ ចំពេលដែលព្រះសង្ឃចូលព្រះវស្សា ហើយប្រជាពុទ្ធបរិស័ទខ្មែរ អ្នកកាន់សាសនាព្រះពុទ្ធ តែងតែបានប្រារព្ធធ្វើឡើងទៅតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនាខ្មែរយើងជារៀងរហូតមក ស្របទៅតាមរដូវកាលដែលពុទ្ធបរិស័ទចំណុះជើងវត្តមកពីគ្រប់ទិសទី ប្រារព្ធធ្វើនិងគោរពបូជា សន្សំកុសល ផលបុណ្យ ដែលបានកើតឡើងពីការចូលរួមនេះ។

ជួបសំណេះសំណាលជាមួយសមាជិកក្រុមការងានឹងប្រជាពលរដ្ឋដែលជាពុទ្ធបរិស័ទ នឹងព្រះសង្ឃ នាពេលនោះនាយឧត្តសេនីយ៍ ឥត សារ៉ាត់ បានលើកសរសើរចំពោះអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ក្នុងសង្កាត់ស្លរក្រាម និងសង្កាត់នគរភ្នំ ក្រុង និងខេត្តសៀមរាប ដែលរហូតមកបានសហការគ្នាយ៉ាងល្អជាមួយប្រជាពលរដ្ឋ និងព្រះសង្ឃ ក្នុងការកសាងភូមិ ឃុំ របស់ខ្លួនរហូតមានការរីកចម្រើន។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសបញ្ជាក់ទៀតថា បច្ចុប្បន្ននេះកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល ប្រឈមនឹងបញ្ហាដ៏ខ្លាំងក្លាបំផុតនៃជំងឺកូវីដ-១៩ ដែលធ្វើឱ្យប៉ះពាល់ដល់គ្រប់វិស័យ និងជីវិភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅ ហើយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្នៃកម្ពុជា បានដាក់ចេញវិធានការជាច្រើន ដើម្បីទប់ស្កាត់លើការរីករាលដាលជំងឺកូវីដ-១៩ ព្រមទាំងទទួលបានការកោតសរសើរពីប្រទេសមួយចំនួន និងអង្គការសុខភាពពិភពលោកទៀតផង។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានណែនាំដល់ប្រជាពលរដ្ឋ ព្រះសង្ឃ ទាំងអស់ ឱ្យបន្តធ្វើអនាម័យក្នុងភូមិ ឃុំ របស់ខ្លួន ពិសេសខ្លួនយើង និងគ្រួសារជាប្រចាំដោយប្រកាន់ភ្ជាប់ការរស់នៅស្អាត ហូបចុកស្អាត ត្រូវលាងដៃជាមួយសាប៊ូ អាលកុល ឬជែល នឹងត្រូវពាក់ម៉ាសឱ្យបានជាប់ជាប្រចាំ តាមការណែនាំរបា់ក្រសួងសុខាភិបាល។ ពេលមានការជួបជុំអ្វីមួយ ក៏ត្រូវមានគម្លាតពីគ្នាពី ១ម៉ែត្រកន្លះ ទៅ២ម៉ែត្រ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ នាយឧត្តមសេនីយ៍ក៏បានបញ្ជាក់បន្ថែមថា វិធានការនៃការធ្វើអនាម័យ ដើម្បីការការពារនេះ វាមិនគ្រាន់តែការពារសម្រាប់ជំងឺកូវីដ-១៩ ប៉ុណ្ណោះទេ តែវាក៏អាចការពាររាងកាយយើងគ្រប់គ្នា ពីជំងឺដង្កាត់ផ្សេងៗ បានយ៉ាងមានប្រសិទ្ធភាពផងដែរ។

ទៀនព្រះវស្សា រួមនិងគ្រឿងឧបភោគ បរិភោគ និងបច្ច័យសង្ឃក្នុងរដូវព្រះសង្ឃចូលព្រះវស្សានាឆ្នាំនេះ សម្រាប់វត្តទាំង១២ ក្នុងមួយវត្តៗទទួលបាន សាដក ៥កញ្ចប់, ទៀនព្រះវស្សា ១គូរ, អង្ករ ៥០គីឡូក្រាម, ត្រីខ ២យួរ, មី ០២កេស, ទឹកក្រូច ០២កេស, ទឹកបរិសុទ្ធ ០២កេស, ទឹកត្រី ទឹកស៊ីអ៉ីវ ០៤យួរ, នំធុង ២ធុង និងក្រៅពីនោះមានប្រេងឆា, ខ្ទឹមស, ម្រេច, ប៊ីចេង, តែស្ករស, ទឹកដោះគោ, អំបិល ព្រមទាំងបច្ច័យកសាងចំនួន ៥០ម៉ឺនររៀល នឹងប្រគេនដល់ចៅអធិការវត្តបច្ច័យ ១២ម៉ឺនរៀល, ប្រគេនព្រះសង្ឃចូលរួម ៤៦អង្គ ដែលក្នុងមួយអង្គៗឱ្យបច្ច័យ ៨ម៉ឺនរៀល, ជូនតាអាចារ្យថវិកា ៥ម៉ឺនរៀល, ជូនតាជីយាយជី ៥០នាក់ក្នុងម្នាក់ៗ ថវិកា ២ម៉ឺនរៀល, ជូនដល់កម្លាំងប៉ូលិស, ប៉េអឹម និងកងកម្លាំងប្រជាការពារ ក្នុងមួយស្ថាប័នមួយទៅស្ថាប័នថវិកា ២០ម៉ឺនរៀលផងដែរ៕