(កំពង់ធំ)៖ ដើម្បីលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ និងការកាត់បន្ថយការនាំចូលសត្វពីក្រៅប្រទេស លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានលើកទឹកចិត្តិឱ្យ ប្រជាកសិករ ចិញ្ចឹមសត្វឱ្យច្រើន ដើម្បីកាត់បន្ថយការនាំចូលពីក្រៅប្រទេស និងជាពិសេសដើម្បីបង្កើនចំណូលនៅក្នុងគ្រួសារ។

ការលើកទឹកចិត្តបែបនេះរបស់លោក សុខ លូ បានធ្វើឡើងនាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងឱកាសដែលលោកបានដឹកនាំក្រុមការងារចុះត្រួតពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូករបស់ លោក ងី គឹមពៅ ស្ថិតនៅភូមិអូរគគី ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ។

ស្ថិតនៅក្នុងឱកាសនោះលោក សុខ លូ បានកោតសរសើរកសិដ្ឋានរបស់លោក ងី គឹមពៅ ដែលបានគិតគូពីសុខមាលភាពប្រជាពលរដ្ឋ និងបានលើកទឹកចិត្តឱ្យខិតខំចិញ្ចឹមជ្រូក មាន់បន្ថែមទៀត ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកកាត់បន្ថយការនាំចូលពីក្រៅប្រទេស តាមប្រសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។

លោកអភិបាលខេត្តក៏បានឱ្យដឹងថា ក្នុងនាមថ្នាក់ដឹកនាំខេត្តលោកនឹងខិតខំពង្រឹងដល់មន្ត្រីជំនាញឱ្យយកចិត្តទុកដាក់ទប់ស្កាត់ចំពោះការដឹកជញ្ជូនសត្វ ចរាចរណ៍សត្វដែលគ្មានប្រភពច្បាស់លាស់ ក្នុងនោះខេត្តកំពង់ធំ មានកន្លែងត្រួតពិនិត្យច្បាស់លាស់នៅក្នុងស្រុកតាំងគោក និងស្រុកស្ទោង។

ជាមួយគ្នានេះ លោកនឹងខិតខំបង្កលក្ខណៈងាយស្រួលទៅលើផ្នែកច្បាប់និងបង្កើនការផលិតដើម្បីកាត់បន្ថយការនាំចូលសត្វពីប្រភពខាងក្រៅ និងបង្កើនការងារដល់ប្រជាពលរដ្ឋ ដែលនៅក្នុងប្រទេសរបស់យើង។

ក្នុងការចុះត្រួតពិនិត្យលោក ចែ យ៉ាណូ តំណាងក្រុមហ៊ុន CP ប្រចាំខេត្តកំពង់ធំ បានលើកឡើងថា ការផលិតក្នុងមួយវគ្គ មានប្រមាណ៤,៥០០ក្បាល ហើយក្នុងមួយវគ្គមាន ២៥សប្តាហ៍ គិតជាថ្ងៃរយៈពេល ១៧៥ថ្ងៃ ទម្ងន់ជាមធ្យមមួយក្បាល ១០០គីឡូក្រាម។

លោក ចែ យ៉ាណូ បានបន្តថា ចំណែកសត្វមាន់មានរយៈពេល ៣៦ថ្ងៃ ទម្ងន់គិតជាមធ្យម ២,២០គីឡូក្រាមទៅ ២,៣០គីឡូក្រាម។ លោកថាកសិដ្ឋានចិញ្ចឹមជ្រូករបស់លោក ងី គឹមពៅ មានចំនួន៦រោង ដែលមានជ្រូកសាច់ចំនួន ៤៥០០ក្បាល ហើយការផ្ដល់ចំណីដល់សត្វ មានលក្ខណៈស្តង់ដារអន្តរជាតិ មិនធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកហូបចុកនោះទេ ហើយសត្វដែលបានយកមកចិញ្ចឹម ត្រូវបានចាក់វ៉ាក់សាំងការពារយ៉ាងត្រឹមត្រូវ ចៀសវាងការឆ្លងជំងឺផ្សេងៗទៀតផង ហើយក្នុងឆ្នាំបន្តបន្ទាប់កសិដ្ឋានរបស់លោកនឹងធ្វើការពង្រីកបន្ថែមទៀត ដើម្បីផ្គត់ផ្គង់នៅតាមបណ្តាខេត្តផ្សេងទៀតដូចជា៖ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគីរី និងខេត្តរតនគីរី។

ជាមួយគ្នានោះដែរ លោកក៏បានសំណូមពរទៅដល់ប្រមុខរាជរដ្ឋាភិបាល សូមមេត្តាជួយសម្រួលបញ្ចុះភ្លើង ដើម្បីឱ្យប្រជាកសិករមានការផលិតឱ្យមានតម្លៃទាប ដើម្បីកាត់បន្ថយការចំណាយថ្លៃដើមខ្ពស់បើធៀបទៅនឹងប្រទេសជិតខាង។

គួរបញ្ជាក់ថា ខេត្តកំពង់ធំ មានកសិដ្ឋានចិញ្ចឹមសត្វជ្រូក ចំនួន១៦កន្លែង និងកសិដ្ឋានចិញ្ចឹមមាន់១៦កន្លែង៕