(ភ្នំពេញ)៖ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង បានចេញលិខិតបំភ្លឺមួយ ដោយអះអាងថា គម្រោងសាងសង់ផែ២កន្លែង នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ពេលនេះគឺត្រូវបានសិក្សាលម្អិតយ៉ាងហ្មត់ចត់អំពីផលប៉ះពាល់ ហើយមានការអនុញ្ញាតត្រឹមត្រូវពីអាជ្ញាធរ និងក្រសួងពាក់ព័ន្ធ។
លិខិតបំភ្លឺរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែល Fresh News ទទួលបាននៅមុននេះបន្តិច គឺក្រុមហ៊ុនបានស្នើដល់គណៈកម្មាធិការនានា ឱ្យយកស្មារតី និងសេចក្តីសម្រេចរបស់ថ្នាក់ខេត្ត និងថ្នាក់ក្រសួងមកធ្វើជាមូលដ្ឋានពិចារណាថ្លឹងថ្លែង មុននឹងធ្វើសេចក្តីជូនដំណឹងបន្ថែមណាមួយ ដែលនាំដល់ការបង្កើតរូបភាព ការិយាល័យធិបតេយ្យ ការជាន់សមត្ថកិច្ច ឬបង្កើតការភ័ន្តច្រឡំក្នុងចំណោមអ្នកគោរពច្បាប់ និង សាធារណជន ។
ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានបញ្ជាក់ថា ការសាងសង់ផែសម្រាប់លើកដាក់សម្ភារៈ (Jetty) ដើម្បី គាំទ្រដំណើរការអភិវឌ្ឍន៍កោះរ៉ុង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ គឺក្រុមហ៊ុនបានកំពុងអនុវត្តដោយគោរពតាមការឯកភាពជាគោលការណ៍ពី អភិបាលខេត្តព្រះសីហនុ តាមរយៈលិខិត លេខ៣៤៩ សជណ/១៤ ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ដែលកាលណោះ លោក ឈិត សុខុន ជាអភិបាលខេត្តព្រះសីហនុ។ សេចក្តីសម្រេចរបស់ អភិបាលខេត្តព្រះសីហនុ នៅគ្រានោះ ក៏បានចម្លងជូនក្រសួងមហាផ្ទៃ និងក៏បានយោងតាមការឯកភាពរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈលិខិតលេខ៤៤៣៦សក ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១០ ដែលបានឯកភាពឲ្យក្រុមហ៊ុនធ្វើផែ២កន្លែង (ផែមួយនៅលើគោក និង ផែមួយទៀតនៅកោះ) ដើម្បីបម្រើដល់ដំណើរការអភិវឌ្ឍន៍កោះរ៉ុង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ក្រុមហ៊ុន បានលើកឡើងថា កោះរ៉ុងនៃខេត្តព្រះសីហនុ មានសក្តានុពលធំធេងក្នុងវិស័យទេសចរណ៍។ គុណតម្លៃនៃការអភិវឌ្ឍន៍កោះរ៉ុង គឺនឹងបានផលប្រយោជន៍រួមចំណែកយ៉ាងធំធេង ដល់ការលើកកម្ពស់ ជីវភាពប្រជាជនកម្ពុជា និង រួមចំណែកជួយជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ ។ ការអភិវឌ្ឍន៍ទាំងឡាយ គឺក្រុមហ៊ុនបានសិក្សាយ៉ាងហ្មត់ចត់ ហើយក្រុមហ៊ុនក៏បានសហការជាមួយអាជ្ញាធរខេត្តនិងក្រសួងពាក់ព័ន្ធ ប្រកបដោយស្មារតីទទួលខុសត្រូវ ។ គ្មានហេតុផលណាដែលក្រុមហ៊ុនអនុវត្ត ដោយរំលងច្បាប់ ឬធ្វើឲ្យខូច ប្រយោជន៍ជាតិនិងប្រជាជននោះទេ ៕
សូមអានលិខិតបំភ្លឺរបស់ក្រុមហ៊ុន Royal Group.