(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានក្រើនរំលឹកអាជ្ញាធរភូមិ-ឃុំ ត្រូវចុះពិនិត្យវាយតម្លៃ ដល់ខ្នងផ្ទះឲ្យបានច្បាស់ មុនចេញប័ណ្ណក្រីក្រជូនពលរដ្ឋ ដែលស្នើសុំ ជាពិសេសហាមមិនឲ្យអ្នកមានបន្លំក្រ មានក្នុងមូលដ្ឋានខ្លួនជាដាច់ខាត។

ការលើកឡើងបែបនេះ ក្នុងឱកាសលោក ជាម ច័ន្ទសោភ័ណ និងលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចុះសំណេះសំណាលជាមួយ មេភូមិ មេឃុំ ជំទប់ ស្មៀនឃុំ ក្នុងឃុំគោកស្រុក និងឃុំចុងជាច ស្រុកតំបែរ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០។

លោក ជាម ច័ន្ទសោភ័ណ ក៏បានណែនាំឲ្យមេភូមិ មេឃុំ ស្មៀនឃុំ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវមានមានសុក្រឹតភាព តម្លាភាព ក្នុងបេះដូង ដួងចិត្ត លើការងារ ធ្វើអត្តសញ្ញាណកម្ម កំណត់គ្រួសារក្រីក្រ និងងាយរងគ្រោះ នាអំឡុងកូវីដ-១៩ ក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីពលរដ្ឋដែលក្រីក្រពិតប្រាកដ ទទួលបានសាច់ប្រាក់ឧបត្ថម្ភ ពីរាជរដ្ឋាភិបាលកម្ពុជា ពីសម្តេចតេជោ ក៏ដូចជាបានផ្តាំផ្ញើរឲ្យមន្ត្រីគ្រប់លំដាប់ថ្នាក់ទាំងអស់ ខិតខំបំរើសេវាឲ្យបានលឿន បំពេញតម្រូវការពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីទាញយកសមាណចិត្ត និងបេះដូងក្តីស្រលាញ់គាំទ្ររបស់ពួកគាត់ មានចំពោះគណបក្សប្រជាជនកម្ពុជាជារៀងរហូត។

ក្រោយមានប្រសាសន៍សំណេះសំណាល ក្រើនរំលឹក និងផ្តាំផ្ញើរួចមក លោក ជាមច័ន្ទសោភ័ណ បានចែកថវិការកំដរដៃមួយចំនួន ដល់អាជ្ញាធរភូមិឃុំ ចាត់ទុកជាការលើកទឹកចិត្តផងដែរ៕