(ត្បូងឃ្មុំ)៖ ទ្រព្យសម្បត្ដិរដ្ឋទាំងអស់ ពិសេសដីរដ្ឋ ដែលមិនទាន់បានចុះ ក្នុងសៀវភៅបញ្ជីសារពើភណ្ឌ ត្រូវប្រញាប់យកមកចុះបញ្ជី ឲ្យស្របតាមនីតិវិធីហិរញ្ញវត្ថុ ដើម្បីចៀសវាងពីការរំលោភកាន់កាប់ខុសច្បាប់ ឬបាត់បង់ជាយថាហេតុ។
ព្រមទាំងស្នើឲ្យមន្ទីរ អង្គភាព រដ្ឋបាលខេត្ត-ក្រុង-ស្រុក ឃុំសង្កាត់ ត្រូវយកចិត្តទុកដាក់ ខ្ពស់ចំពោះទ្រព្យសម្បត្តិរដ្ឋ ដោយត្រូវរៀបចំសៀវភៅ បញ្ជីសារពើភណ្ឌឆ្នាំគោល (ឆ្នាំ២០១៩) របស់ខ្លួន ឲ្យបានឆាប់រហ័ស ដើម្បីដាក់ឆ្លងគណៈកម្មការ ធ្វើការត្រួតពិនិត្យ។
នេះជាការជំរុញរួមគ្នារបស់លោក សៀក សុភ័គ អគ្គនាយករង នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ និងលោក គន់ សុភា អភិបាលរងខេត្តត្បូងឃ្មុំ នាឱកាសអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំស្តីពីការត្រួតពិនិត្យ និងវាយតម្លៃលើការ រៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល (ឆ្នាំ២០១៩) និងជំរុញការរៀបចំធ្វើប័ណ្ណកម្មសិទ្ធិ និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ នៅខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីបណ្តាមន្ទីរអង្គភាពពាក់ព័ន្ធ មន្ត្រីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ ភូមិ ជាច្រើនរូប។
លោក សៀក សុភ័គ និងលោក គន់ សុភា ក៏បានក្រើនរំលឹកដល់ ប្រធានអង្គភាពប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋទាំងអស់ ត្រូវគ្រប់គ្រង ថែរក្សាការពារ និងកត់ត្រាទ្រព្យសម្បត្តិរដ្ឋ ទាំងអស់ឲ្យបានត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ និងត្រូវធ្វើសៀវភៅបញ្ជីសារពើភណ្ឌឆ្នាំគោល (ឆ្នាំ២០១៩) ឲ្យរួចរាល់ បានត្រឹមត្រូវ ទាន់ពេលវេលា ជៀសវាងមានការយឺតយ៉ាវ ដែលអាចប្រឈមនឹងវិធានរឹតត្បិត ខាងចំណាយតាមគោលការណ៍សម្រេច របស់រាជរដ្ឋាភិបាល។
ក្នុងឱកាសនោះដែរ លោក គឹម ទិត្យា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តត្បូងឃ្មុំ បានជម្រាបផងដែរថា ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ គឺត្រូវបានអនុវត្ត តាម២ទម្រង់ គឺទម្រង់ទី១ គឺជាសៀវភៅបញ្ជីសារពើភណ្ឌកត់ត្រាលម្អិត នូវទ្រព្យសម្បត្តិរដ្ឋទាំងអស់ ដែលត្រូវធ្វើក្នុងរយៈពេល៥ឆ្នាំម្ដង និងទម្រង់ទី២ គឺជាតារាកើតឡើង និងថយចុះ នូវទ្រព្យសម្បត្តិរដ្ឋ ដែលធ្វើឡើងក្នុង១ឆ្នាំម្តងៗ ក្នុងចន្លោះរយៈពេល៥ឆ្នាំនៃឆ្នាំគោល។
លោកបានឲ្យដឹងទៀតថា ជាលទ្ធផលនៃការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល (ឆ្នាំ២០១៩) របស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរអង្គភាពជុំវិញខេត្ត សរុបទាំងអស់មានចំនួន១០៣អង្គភាព ដោយឡែកប័ណ្ណកម្មសិទ្ធដីជាសម្បត្តិរដ្ឋ មានសរុប៦៦៩កន្លែង ក្នុងនោះដីមានប័ណ្ណកម្មសិទ្ធ(ប្លង់) ចំនួន២០៨កន្លែង និងដីគ្មានប័ណ្ណកម្មសិទ្ធ(ប្លង់) មានចំនួន ៤៦១កន្លែង។
លោក គឹម ទិត្យា បានសំណូមពរដល់បណ្ដាអង្គភាពទាំងអស់សូមរៀបចំសៀវភៅបញ្ជីសារពើភណ្ឌប្រចាំឆ្នាំ ២០១៩ ឲ្យបានឆាប់រហ័ស ដើម្បីដាក់ឆ្លងគណៈកម្មការពិនិត្យ ឲ្យបានរួចរាល់តាមការកំណត់៕