(កោះកុង)៖ លោក វេជ្ជបណ្ឌិត ហ៊ួរ សុខហួន ប្រធានមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល បានលើកឡើងថា ជំងឺកូវីដ-១៩ នៅតែជាក្តីកង្វល់ជាប់ជានិច្ច ចំពោះបញ្ហាសុខភាពប្រជាពលរដ្ឋ ដែលរស់នៅតាមមូលដ្ឋាននានាឆ្ងាយៗ ឬកន្លែងដាច់ស្រយាល ដូច្នេះ សូមកុំធ្វេសប្រហែសឱ្យសោះ។
លោកវេជ្ជបណ្ឌិត ហ៊ួរ សុខហួន តែទោះបីយ៉ាងណាអ្វីដែលសំខាន់ក្រុមលោកគ្រូពេទ្យបានសហការណ៍ជាមួយអាជ្ញាធរមូលដ្ឋានចុះធ្វើការផ្សព្វផ្សាយសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្នុងការថែទាំសុខភាពការធ្វើអនាម័យបរិស្ថាន ដើម្បីការពារជំងឺកូវិដ-១៩ និងជំងឺផ្សេងៗទៀតផងដែរ។
លោកវេជ្ជបណ្ឌិត ហ៊ួរ សុខហួន បានបន្តថា ជំងឺកូវិដ១៩ ជាជំងឺឆ្លងដ៏កាចសាហាវ និងរីករាលដាលនៅលើកពិភពលោក ហើយអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតលឿនបំផុត។ ហេតុដូច្នេះ យើងត្រូវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ព្រោះជំងឺកូវិដ-១៩ មិនទានបាត់រូបពីពិភពលោកនៅឡើយទេ។
លោកវេជ្ជបណ្ឌិត ហ៊ួរ សុខហួន បានបន្ថែមថា ការតាមដានរបស់លោកគ្រូពេទ្យចត្តាឡីស័កស្រុកស្រែអំបិលនេះ ពុំមានរោគសញ្ញាជំងឺកូវិដ១៩ទេ ពីព្រោះលោកគ្រូពេទ្យចត្តាឡីស័ក អាជ្ញាធរមូលដ្ឋានរួមទាំងប្រជាពលរដ្ឋបានចូលរួមសហការណ៍គ្នាបានល្អជាពិសេសទាំងក្រុមលោកគ្រូពេទ្យទាំងអាជ្ញាធរគ្រប់មូលដ្ឋានបានចាក់មេក្រូផ្សព្វផ្សាយអបរំរាល់ថ្ងៃ ហើយចុះអនុវត្តន៍ជាក់ស្តែងឱ្យគាត់លាងដៃជាមួយ អាលកុល ជៀល សាប៊ូ និងទឹកស្អាតឱ្យបានញឹកញាប់ហើយត្រូវរក្សាសុខភាពខ្លួនផងដែរ។
លោកវេជ្ជបណ្ឌិតបានបន្ថែមថា៖ «ប្រជាពលរដ្ឋដែលគាត់ចូលមកពិនិត្យសុខភាព ក្នុងមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ខេត្តកោះកុងរាល់ថ្ងៃនេះ ក្រុមលោកគ្រូពេទ្យចត្តាឡីស័ក ធ្វើការពិនិត្យវាស់កំដៅម្នាក់ម្តងៗឱ្យលាងដៃ ជែល សាប៊ូ ចែកម៉ាស និងឱ្យគាត់អង្គុយគម្លាបពីគ្នាពី១,៥០ម៉ែត្រ ហើយអ្នកជំងឺដែលចូលមកព្យាបាលជំងឺក្នុងមន្ទីរពេទ្យ ក្រុមលោកគ្រូពេទ្យឱ្យអនុវត្តន៍ដូចគ្នា ដើម្បីក្នុងការចូលរួមប្រយ័ត្នការពារការឆ្លងរីករាលដាលបើក្នុងករណីមានកូវិដ១៩»។
ប្រធានមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិលរូបនេះ បានគូសបញ្ជាក់ថា ហេតុដូច្នេះ សូមប្រជាពលរដ្ឋត្រូវចូលរួមថែរក្សាសុខភាពថែរក្សាអនាម័យបរិស្ថានអនុវត្តន៍ ទៅតាមការផ្សព្វផ្សាយ របស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល មន្ទីរពេទ្យ មណ្ឌលសុខភាព និងអាជ្ញាធរមូលដ្ឋានដែលផ្សព្វផ្សាយរាល់ថ្ងៃពីជំងឺឆ្លងកូវិដ-១៩នេះ ក្នុងនោះដែលបើមានបងប្អូនចូលមកពីសំណាក់ ស្រុកស្នាក់នៅក្នុងមូលដ្ឋានត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យក្រុមលោកគ្រូពេទ្យចត្តាឡីស័ក ចុះពិនិត្យសុខភាពពិនិត្យកំដៅហើយត្រូវឲ្យគាត់នៅដាច់ពីក្រុមគ្រួសាររយៈពេល១៤ថ្ងៃសិន នេះជាប្រការមួយដើម្បីការពារការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់បើក្នុងករណីសង្ស័យ។
លោកវេជ្ជបណ្ឌិត ក៏បានសំណូមពរដល់ប្រជាពលរដ្ឋរស់នៅតាមមូលដ្ឋានទាំងអស់ បើមានលក្ខណៈស័ង្សយពីសុខភាពខ្លួនឯង ឬក្នុងក្រុមគ្រួសារមានភាពខុសប្រក្រតី សូមអញ្ជើញប្រញាប់មន្ទីរពេទ្យជួបក្រុមលោកពេទ្យ ឬមណ្ឌលសុខភាព ដើម្បីពិភាក្សាពិគ្រោះយោបល់ជាមួយលោកគ្រូពេទ្យ និងឱ្យលោកគ្រូពិនិត្យសុខភាពហើយយើងរួមគ្នាការពារកូវិដ-១៩ ដើម្បីចូលរួមកាត់បន្ថយជំងឺឆ្លងនានា (ការពារប្រសើជាងព្យាបាល)៕