(ភ្នំពេញ)៖ ស្ដ្រីចិត្តឆៅ ដែលយកកាំបិតវះមុខក្មេងស្រីអាយុ ៥ឆ្នាំ យ៉ាងឃោរឃៅ នៅក្នុងបុរីភពថ្មីឈូកវ៉ា២ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ អាចប្រឈមនឹងការជាប់ពន្ធនាគារយ៉ាងតិចណាស់១០ឆ្នាំ ខណៈដែលតុលាការបានសម្រេចចោទប្រកាន់រូបនាងពីបទ ទារុណកម្ម និងអំពើឃោរឃៅ ដោយមានស្ថានភាពទម្ងន់ទោស។
លោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា លោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០២០នេះ បានសម្រេចចោទប្រកាន់លើស្ដ្រីចិត្តឆៅ ឈ្មោះ លីវ ប៊ុនធឿន អាយុ៤៣ឆ្នាំ ដែលយកកាំបិតវះមុខក្មេងស្រីអាយុ ៥ឆ្នាំ ពីបទប្រព្រឹត្តអំពើឃោរឃៅ និងទារុណកម្ម មានស្ថានភាពទម្ងន់ទោស តាមបញ្ញត្តិមាត្រា២១១ នៃក្រមព្រហ្មទណ្ឌ។
មាត្រា២១១ នៃក្រមព្រហ្មទណ្ឌ បានចែងថា បទទារុណកម្ម និងអំពើឃោរឃៅ មានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១០ឆ្នាំ ទៅ២០ឆ្នាំ កាលបើអំពើនេះ ត្រូវបានប្រព្រឹត្តលើ៖
* ១៖ បុគ្គលដែលទន់ខ្សោយពិសេស ដោយមូលហេតុអាយុនៃបុគ្គលនោះ។
* ២៖ នារីមានគភ៌ កាលបើគភ៌ត្រូវបានគេឃើញជាក់ស្តែង ឬកាលបើជនល្មើសបានដឹង។
* ៣៖ បុគ្គលដែលទន់ខ្សោយពិសេស ដោយមូលហេតុនៃជំងឺ ឬពិការភាព កាលបើស្ថានភាពបុគ្គលនេះ ត្រូវបានគេឃើញជាក់ស្តែង ឬកាលបើជនល្មើសបានដឹង។
បន្ទាប់ពីតំណាងអយ្យការបានចោទប្រកាន់ហើយនោះ សំណុំរឿងនេះ ត្រូវបានបញ្ជូនទៅកាន់ចៅក្រមស៉ើបសួរ ដើម្បីបន្តតាមនីតិវិធីផងដែរ។ នេះបើតាមអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គឹមឡុង បញ្ជាក់បន្ថែម។
ស្រ្តីជនសង្ស័យឈ្មោះ លីវ ប៊ុនធឿន អាយុ៤៣ឆ្នាំ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន និងនាំយកទៅសាកសួរ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ និងត្រូវបានបញ្ជូនទៅតុលាការកាលពីរសៀល ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ បន្ទាប់ពីបានធ្វើសកម្មភាព យកកាំបិតអារមុខ ច្រមុំ រួមទាំងកន្លែងមួយចំនួនទៀត របស់កុមារីម្នាក់អាយុ៥ឆ្នាំ ឈ្មោះ ឡាស់ម៉ាវី លីយ៉ា។
អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោក ម៉ន វុធី បានឲ្យដឹងថា ស្រ្តីដៃដល់ខាងលើ មានទីលំនៅផ្ទះលេខ៦ ផ្លូវលេខ២៦ បុរីភពថ្មីឈូកវ៉ា២ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ រីឯក្មេងស្រីរងគ្រោះឈ្មោះ ឡាស់ម៉ាវី លីយ៉ា អាយុ៥ឆ្នាំ រស់នៅផ្ទះលេខ១៨ ផ្លូវលេខ២០ បុរីភពថ្មីឈូកវ៉ា២ ភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម។
ដើមហេតុនៃអំពើរឃោរឃៅនេះ កើតឡើងបន្ទាប់ពី ស្រ្តីសាហាវរូបនោះ ខឹងក្មេងស្រីរងគ្រោះ ធ្វើឲ្យកូនគាត់អាយុជាង២ឆ្នាំរបួសចេញឈាម ពេលក្មេងៗឈ្លោះប្រកែកគ្នា។
នៅចំពោះមុខសមត្ថកិច្ច ស្រ្តីជនសង្ស័យ បាននិយាយសារភាពថា ជម្លោះក្មេងៗនេះ បានធ្វើឱ្យគាត់ខឹងដេកអត់លក់២យប់ ដោយសារតែក្មេងស្រីខាងលើ ធ្វើឲ្យកូនគាត់របួសចេញឈាម ហើយអះអាងថា កូនគាត់ធំឡើងអាចនឹងក្លាយជាតារា ដូច្នេះគាត់ត្រូវសងសឹកលើក្មេងស្រីនេះ ដោយសុំត្រឹមតែឲ្យក្មេងស្រីនេះ ចេញរបួសឈាមវិញដូចជាកូនគាត់ណោះ។ ស្ត្រីខាងលើបាននិយាយទៀតថា នៅរសៀលថ្ងៃកើតហេតុគាត់បានទៅទិញកូនកាំបិត រួចក៏ចាប់ក្មេងស្រីនោះអារ ឆូតមុខ ច្រមុះ និងដៃព្រមទាំងក បណ្តាលឱ្យរបួសធ្ងន់តែម្ដង។
រហូតមកដល់ពេលនេះ ក្មេងស្រីរងគ្រោះ កំពុងសង្គ្រោះ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ។
ករណីនេះ មហាជនជាច្រើន ក៏ដូចជាអង្គការសង្គមស៊ីវិលមួយចំនួន បានស្នើឱ្យស្ថាប័នមានសមត្ថកិច្ច និងតុលាការ អនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ចំពោះស្រ្តីជនសង្ស័យ ដែលប្រព្រឹត្តអំពើឃោរឃៅបែបនេះ៕