(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានរកឃើញថា មានជនបរទេសប្រមាណ ៣៤.០៥២នាក់ កំពុងរស់នៅកម្ពុជា ជាមួយ ឯកសារស្នាក់នៅមិនប្រក្រតី និងរស់នៅយូរ តែគ្មានឯកសារ។ កម្លាំងនគរបាលអន្តោប្រវេសន៍ ក៏បានវែកមុខមន្រ្តីខិលខូច ដែល លួចចេញឯកសារស្នាក់នៅឲ្យជនបរទេសមួយចំនួនផងដែរ មន្រ្តីខិលខូចទាំងនោះ បាននិងកំពុងរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការនៅដើមឆ្នាំ២០១៦នេះ។
ថ្លែងប្រាប់ក្រុមអ្នកព័ត៌មានពេលអញ្ជើញបើកសន្និបាតបូក សរុបការងាររបស់អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ឆ្នាំ២០១៥ និង លើកទិសដៅសម្រាប់២០១៦ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦នេះ នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា ជំរឿនស្ថិតិលើជនបរទេសនៅកម្ពុជា ធ្វើសម្រេចបាន ២៣ខេត្តហើយ នៅសល់តែរាជធានីភ្នំពេញ និងខេត្តកណ្តាលតែប៉ុណ្ណោះ។ នាយឧត្តមសេនីយ៍ សុខ ផល មិនទាន់បង្ហាញពីលទ្ធផលជំរឿន និង ចំនួនជនបរទេសនៅកម្ពុជានៅឡើយទេ ដោយរង់ចាំឲ្យការធ្វើជំរឿននៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល បានបញ្ចប់សិន។
បើទោះបីមិនបង្ហាញលទ្ធផលជំរឿន តែនាយឧត្តមសេនីយ៍ សុខ ផល បានបង្ហើបឲ្យដឹងថា កម្លាំងរបស់លោក បានរកឃើញមន្រ្តីមួយចំនួននៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល បានលួចធ្វើឯកសារស្នាក់នៅឲ្យជនបរទេស។ បើតាមនាយឧត្តមសេនីយ៍សុខ ផល មន្រ្តីដែលចេញឯកសារឲ្យជនបរទេសស្នាក់នៅកម្ពុជាទាំងអស់នេះ នឹងត្រូវដាក់ទណ្ឌកម្ម ហើយខ្លះទៀត នឹងត្រូវបញ្ជូនទៅតុលាការនៅដើមឆ្នាំ២០១៦នេះ។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា ជនបរទេស ដែលរស់នៅជាមួយឯកសារមិនប្រក្រតី និងរស់នៅយូរគ្មានឯកសារមានចំនួន ៣៤.០៥២នាក់។
កម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បានឲ្យដឹងផងដែរថា ឯកសារមិនប្រក្រតី ដែលចេញឲ្យជនបរទេសរួមមាន៖ ១. សៀវភៅស្នាក់នៅ(ក២) ចំនួន ៥.២៩១ក្បាល, ២. សៀវភៅគ្រួសារ (ក៤) ចំនួន ១.៥៦៥ក្បាល, ៣. សំបុត្រកំណើតចំនួន ៤.៥៤៥ច្បាប់, ៤. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ២.៦៦២ប័ណ្ណ, ៥. សំបុត្រអាពាហ៍ពិពាហ៍ខ្មែរចំនួន ១៤៧ច្បាប់, ៦. លិខិតឆ្លងដែនខ្មែរចំនួន ៤៨ក្បាល, ៧. ប័ណ្ណបោះឆ្នោតខ្មែរចំនួន ១.៨២១ប័ណ្ណ, ៨. ប័ណ្ណមន្រ្តីរាជការចំនួន ០៣ប័ណ្ណ និង៩. កម្មសិទ្ធិ និងពាក់កណ្តាលកម្មសិទ្ធិនានាចំនួន ៤១ច្បាប់។
នៅក្នុងរបាយការណ៍ បានបញ្ជាក់ឲ្យដឹងផងដែរថា ក្រុមការងារចម្រុះបានធ្វើកិច្ចសន្យារក្សាទុកដាក់ ថែរក្សាឯកសារសរុប ៦.៣៨៦ឯកសារ និងដកហូតឯកសារ ១.២០៥ឯកសារ៕