(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានជនជាតិវៀតណាមខុសច្បាប់ ប្រមាណ៥.១៧៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបណ្តេញចេញពីប្រទេសកម្ពុជា នៅអំឡុងឆ្នាំ២០១៥កន្លងទៅ, នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលផ្តល់ដោយលោក កែម សារិន អ្នកនំាពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បន្ទាប់ពីបូកសរុប នៅក្នុងសន្និបាត នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦។
របាយការណ៍នេះបានបញ្ជាក់ថា នៅឆ្នាំ២០១៥ សមត្ថកិច្ចកម្ពុជា បានឃាត់ខ្លួននិងបណ្តេញចេញជនបរទេសខុសច្បាប់ សរុបចំនួន៥.៨០៨នាក់ (ស្រី៨១១នាក់) ក្នុងនោះមាន៦៨សញ្ជាតិ ហើយមានវៀតណាម ៥.១៧៣នាក់ (ស្រី៧៤៨នាក់)។
ការបណ្តេញចេញនេះមាន (១).អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្តេញចេញតាមប្រកាស របស់ក្រសួងមហាផ្ទៃ ចំនួន៤.៤២៤នាក់។ ការបណ្តេញចេញភ្លាមៗ តាមបណ្តាប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ នៃនាយកដ្ឋានច្រកទ្វារ ទី១ និងនាយកដ្ឋានច្រកទ្វារទី២ ចំនួន៥៥៧នាក់ ហើយការបណ្តេញចេញ ដោយការិយាល័យអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តជាប់ព្រំដែន មានចំនួន៨២៧នាក់។
រហូតមកដល់ពេលនេះ ចាប់តាំងពីបង្កើតអគ្គនាយកដ្ឋានអន្តោប្រវេសន៍មក សមត្ថកិច្ចបានឃាត់ខ្លួន និងបណ្តេញជនបរទេសខុសច្បាប់ ចេញពីប្រទេសចំនួន៧.៧០៩នាក់ (ស្រី១.១.៨៩នាក់) ក្នុងនោះមានជនជាតិវៀតណាមច្រើនជាងគេ រហូតដល់៦.៧៤៤នាក់ផងដែរ។
នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកអន្តោប្រវេសន៍កម្ពុជា បាននិយាយថា ការបណ្តេញជនបរទេសខុសច្បាប់ នៅកម្ពុជានេះនឹងធ្វើជាបន្តបន្ទាប់ទៀត ដោយសមត្ថកិច្ចបានអនុវត្តរៀងរាល់ថ្ងៃតាមច្បាប់អន្តោប្រវេសន៍របស់កម្ពុជា៕