(ភ្នំពេញ)៖ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ បានបង្ហាញរបាយការណ៍ថា ចាប់ពីថ្ងៃទី១ ខែមករា ដល់ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦នេះ មានរថយន្តចំនួន៥២៦គ្រឿង បានស្ម័គ្រចិត្តចូលមកបង់ពន្ធ ដោយទទួលបានថវិកា ចំនួន៩,០៦៥,៧៧៣,១០០រៀល ស្មើនឹងប្រមាណ២,២លានដុល្លារ។
មន្រ្តីសាខា គយ និងរដ្ឋាករ រាជធានីភ្នំពេញបានបញ្ជាក់ថា ក្រោយរាជរដ្ឋាភិបាល រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោករួចមក មានប្រជាពលរដ្ឋជាច្រើននាក់ បានយករថយន្តរបស់ខ្លួន ទៅបង់ពន្ធ ដើម្បីអាចយកទៅធ្វើស្លាកលេខ ប្រើប្រាស់តាមផ្លូវច្បាប់។
សូមជំរាបថា គិតរយៈពេល២០ថ្ងៃនេះ ប្រជាពលរដ្ឋនៅទូទាំងប្រទេស បានយកយានយន្តរបស់ខ្លួន ទៅធ្វើស្លាកលេខមានចំនួន ៣១៧១៥គ្រឿង (ក្នុងនោះមានឡាន ៧៩៦គ្រឿង និងម៉ូតូ៣០៩១៩គ្រឿង) និងយកយានយន្តចូលទៅបង់ពន្ធគយ បានចំនួន២០៣០គ្រឿង (ក្នុងនោះមានឡាន១០៦គ្រឿង និងម៉ូតូ១៩២៤គ្រឿង)។ នេះបើយោងតាមរបាយការណ៍លទ្ធផល ស្តីពីយានយន្តចូលធ្វើស្លាកលេខ និងចូលទៅបង់ពន្ធគយ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦នេះ។ ប៉ុន្តែរបាការណ៍នោះមិនទាន់មានតួលេខ ពីរាជធានីភ្នំពេញ៕