Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកំពង់ធំ ជំរុញឱ្យពលរដ្ឋមានការប្រុងប្រយត្ន័ខ្ពស់ចំពោះសត្វចិញ្ចឹម ប្រសិនបើមានបញ្ហាអ្វីត្រូវរាយការណ៍ទៅមន្ត្រីជំនាញភ្លាមៗ

17-07-2020 17:39

(កំពង់ធំ)៖ ក្នុងឱកាសដឹកនាំក្រុមការងារចុះចាក់វ៉ាក់សាំងការពារជំងឺគោ ក្របី នៅភូមិគូ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងដាស់តឿនឱ្យប្រជាពលរដ្ឋត្រូវមានប្រុងប្រយត្ន័ខ្ពស់ ចំពោះសត្វចិញ្ចឹមរបស់ខ្លួន ប្រសិនបើមានបញ្ហាជំងឺអ្វីត្រូវរាយការណ៍ ទៅមន្ត្រីជំនាញដើម្បីពិនិត្យ និងព្យាបាលឱ្យបានទាន់ពេលវេលា។

លោក សុខ លូ ក៏បានជំរុញឲ្យបងប្អូនប្រជាកសិករ ត្រូវមានការប្រុងប្រយត្ន័ខ្ពស់ ចំពោះសត្វចិញ្ចឹមរបស់ខ្លួន ខណៈតំបន់មួយចំនួនត្រូវរងគ្រោះដោយទឹកជំនន់ ហើយប្រសិនបើមានបញ្ហាជំងឺអ្វីមួយកើតលើសត្វគោ ក្របី ត្រូវរាយការណ៍ទៅមន្ត្រីជំនាញដើម្បីពិនិត្យ និងព្យាបាលបានទាន់ពេលវេលា។

លោក សុខ លូ បានបន្តថាការចាក់ថ្នាំការពារជំងឺទៅលើសត្វគោ ក្របី ត្រូវធ្វើឡើងតាមរយៈមន្រ្តីចុះទៅដល់មូលដ្ឋានផ្ទាល់របស់ប្រជាពលរដ្ឋ ឬតាមរយៈភ្នាក់ងារ ពេទ្យសត្វតាមភូមិ ហើយរាល់ការចាក់វ៉ាក់សំាងនេះ ពុំបានតម្រូវឲ្យប្រជាពលរដ្ឋបង់ប្រាក់ទេ។

យោងតាមរបាយការណ៍របស់លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានឲ្យដឹងថា ឆមាសទី១ ឆ្នាំ២០២០នេះ ក្រុង ស្រុក ចំនួន៩ទូទាំង ខេត្តកំពង់ធំ មានសត្វគោក្របីសរុបចំនួន ១៦៣,៣៤៣ក្បាល ក្នុងនោះគោមានចំនួន ១២៧,៥៨០ក្បាល និងក្របីមានចំនួន ៣៥,៧៦៣ក្បាល ដោយឡែកការចាក់វ៉ាក់សាំងគោ ក្របី នៅភូមិគុរ នាពេលនេះមានចំនួន ៥៩៩ក្បាល និងក្របី ១១ក្បាល៕