(ភ្នំពេញ)៖ ស្ដ្រីចិត្តឆៅ ដែលយកកាំបិតវះមុខក្មេងស្រីអាយុ៥ឆ្នាំ ដោយសារតែក្មេងៗឈ្លោះគ្នានោះ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់។ ស្ដ្រីដៃដល់រូបនេះ បានសារភាពថា ខ្លួនពិតជាបានយកកាំបិត ទៅវះមុខក្មេងស្រីរងគ្រោះពិតមែន ដោយសារតែខឹងក្មេងនោះ គប់ដុំថ្មបណ្ដាលឲ្យបែកក្បាលកូនប្រុសខ្លួន ដែលមានអាយុជាង២ឆ្នាំ។

ស្រ្តីដៃដល់ត្រូវបានកម្លាំងនគរបាល ឃាត់ខ្លួននាំយកទៅសាកសួរ ក្រោយពេលគាត់ធ្វើសកម្មភាព យកកាំបិតប៉ុនប៉ងអារ.កសម្លាប់ក្មេងស្រីម្នាក់ ព្រោះតែខឹង ក្មេងស្រីរូបនោះយកដុំថ្មគប់កូនប្រុសគាត់ បែកក្បាលកាលពី២ថ្ងៃមុន។ ប៉ុន្តែការប៉ុនប៉ងសម្លាប់ក្មេងស្រីរងគ្រោះខាងលើ មិនបានសម្រេចទេ ដោយសារតែនាង ស្រែកយំខ្លាំងៗ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ ហើយស្រ្តីដៃដល់បានយក កាំបិតឆូតផ្ទៃមុខ និងច្រមុះ ព្រមទាំងដៃក្មេងស្រីរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ រួចរត់គេចខ្លួនចូលទៅក្នុងផ្ទះ មុននឹងនគរបាលឃាត់ខ្លួន។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣៖១៥នាទីរសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងបុរីភពថ្មីឈូកវ៉ា២ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោក ម៉ន វុធី បានឲ្យដឹងថា ស្រ្តីដៃដល់ខាងលើឈ្មោះ លីវ ប៊ុនធឿន អាយុ៤៣ឆ្នាំ មានទីលំនៅផ្ទះលេខ៦ ផ្លូវលេខ២៦ បុរីភពថ្មីឈូកវ៉ា២ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម។ ក្រោយពេលចាប់ខ្លួនស្រ្តីនោះបាននិយាយថា គាត់ខឹងខ្លាំងណាស់ដេកអត់លក់២យប់ហើយ ដោយសារតែក្មេងស្រីខាងលើ ធ្វើឲ្យកូនគាត់ចេញឈាម ហើយត្រូវដឹងថា កូនគាត់ធំឡើងជាតារាផង ដូច្នេះគាត់សុំត្រឹមតែឲ្យក្មេងស្រីនេះ ចេញឈាមវិញដូចជាកូនគាត់វិញប៉ុណ្ណោះ។

ស្ត្រីខាងលើបាននិយាយទៀតថា នៅរសៀលថ្ងៃកើតហេតុគាត់បានទៅទិញកូនកាំបិត រួចក៏ចាប់ក្មេងស្រីនោះអារ និងឆូតមុខ ច្រមុះ និងដៃព្រមទាំងក តែម្ដងនេះ គឺជាការតបស្នង ហើយអ្នកដាំផ្លែអ្វី គឺបានផលនោះអីចឹងហើយ។

រីឯក្មេងស្រីរងគ្រោះឈ្មោះ ឡាស់ម៉ាវី លីយ៉ា អាយុ៥ឆ្នាំ រងរបួសផ្ទៃមុខ ច្រមុះ ក និងដៃ រស់នៅផ្ទះលេខ១៨ ផ្លូវលេខ២០ បុរីភពថ្មីឈូកវ៉ា២ ភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម។

អ្នកភូមិបាននិយាយថា រឿងហេតុនេះផ្ដើមពីការកាន់ជើងកូនខ្លាំងពេក និងខ្វះការពិចារណាវែងឆ្ងាយ ដោយកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ កូនប្រុសរបស់ស្រ្តីដែលជាជនដៃដល់ខាងលើបាន រើសដុំថ្មគប់ដាក់ក្មេងស្រីរងគ្រោះ ហើយក៏ត្រូវក្មេងស្រីរងគ្រោះគប់តបតវិញ បណ្ដាលឲ្យត្រូវក្បាលរងរបួសបែករយះដេរ២ថ្នេរ ដោយពេលនោះម្ដាយក្មេងស្រីរូបនោះ ក៏បានជួយបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ។

បន្ទាប់មកក្មេងស្រីរូបនោះអត់ហ៊ានដើរលេង២ថ្ងៃ រហូតដល់ថ្ងៃកើតហេតុ ទើបហ៊ានចេញដើរលេង ហើយដើរកាត់មុខផ្ទះស្រ្តីដៃដល់រូបនោះ ក៏ត្រូវបានស្រ្តីនេះស្ទុះចូលទៅចាប់ យកកាំបិតទើបនឹងទិញថ្មីៗ ដើម្បីអារកសម្លាប់ចោល។ ប៉ុន្តែពេលនោះក្មេងស្រីរងគ្រោះបានស្រែកយំខ្លាំង បង្កឲ្យមានការភ្ញាក់ផ្អើល ទើបស្រ្តីដៃដល់នោះឆូតមុខ ឆូតច្រមុះ ដៃ និងក បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ រួចទើបរត់ចូលទៅពួនសម្ងំនៅក្នុងផ្ទះ។

កាលពីយប់មិញ អភិបាលខណ្ឌពោធិ៍សែនជ័យ លោក ហែម ដារិទ្ធ និងអធិការខណ្ឌ បានចុះទៅសួរសុខទុក្ខ និងឧបត្ថម្ភថវិកាមួយចំនួនជូនក្មេងស្រីរងគ្រោះ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកុមារជាតិ៕