(រតនគីរី)៖ លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យទី១ ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ឥណទានជាង៣,៧៦៨លានដុល្លារអាមេរិក ត្រូវបានផ្ដល់ឲ្យអតិថិជន ដែលបានស្នើសុំរៀបចំឥណទានឡើងវិញ ក្នុងដំណាក់កាលនៃជំងឺកូវីដ១៩។

ការឲ្យដឹងរបស់លោក គិត សុវណ្ណារិទ្ធ ធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» រៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ក្នុងក្រុងបានលុង ខេត្តរតនគីរី។

លោក គិត សុវណ្ណរិទ្ធ ឲ្យដឹងថា «គិតត្រឹមខែមិថុនា ឆ្នាំ២០២០ ទំហំឥណទានដែលគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានធ្វើការរៀបចំឥណទានឡើងវិញ ដើម្បីផ្ដល់ឲ្យអតិថិជន ដែលកំពុងជួបប្រទះការលំបាក ដោយសារកូវីដ១៩ បានចំនួនជាង២៦ម៉ឺននាក់ ស្មើនឹងទឹកប្រាក់ជាង៣,៧៦៨លានដុល្លារអាមេរិក»

មន្រ្ដីជាន់ខ្ពស់រូបនេះបញ្ជាក់ថា ការរីករាលដាលនៃវីរុសកូវីដ១៩ បានធ្វើឲ្យប៉ះពាល់ ដល់សកម្មភាពសេដ្ឋកិច្ចទាំងមូល ហើយវិស័យធនាគារ និងហិរញ្ញវត្ថុក៏ដូចវិស័យដទៃទៀត ក៏បាននិងកំពុងជួបប្រទះនឹងបញ្ហាមួយចំនួន ដោយសារប្រជាពលរដ្ឋដែលជាអ្នកខ្ចីប្រាក់ កំពុងប្រឈមនឹងការធ្លាក់ចុះនៃប្រាក់ចំណូល និងមានការលំបាកក្នុងការទូទាត់សងត្រឡប់។ ដោយមើលឃើញពីបញ្ហានេះហើយ ទើបធនាគារជាតិនៃកម្ពុជាបានដាក់ចេញវិធានការមួយចំនួន ដើម្បីសម្រួលដល់កិច្ចការនេះ ពិសេសការអនុញ្ញាតឲ្យធ្វើការរៀបចំឥណទានឡើងវិញ ចំពោះអតិថិជនណាដែលជួបផលប៉ះពាល់ជាក់ស្តែង ដោយសារវិបត្តិនៃវីរុសកូវីដ១៩។

លោក សុខ វឿន អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាឲ្យដឹងថា គិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានផ្ដល់ឥណទានសរុបជាង១,១៧០ លានដុល្លារ ដល់អតិថិជនរបស់ខ្លួនជិត២៤ម៉ឺននាក់ ក្នុងចំណោមអតិថិជនដែលបានស្នើសុំ អនុញ្ញាតរៀបចំឥណទានឡើងវិញជាង២៥ម៉ឺននាក់។

លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជាបញ្ជាក់ថា ទោះបីកន្លងមកមានការខិតខំប្រឹងប្រែងអត់ធ្មត់ពី រាជរដ្ឋាភិបាលកម្ពុជា និងពីគ្រប់ភាគីពាក់ពន្ធ័ រហូតធ្វើឲ្យវិស័យមួយនេះ ទទួលបានការចម្រើន ដូចបច្ចុប្បន្ននេះយ៉ាងណាក្ដី ក៏នៅតែមានជនខិលខូច និងជនឱកាសនិយមមួយចំនួន បានឆ្លៀតយកលទ្ធផលនេះ ធ្វើជាឱកាសកេងបន្លំទាញយកផលប្រយោជន៍ សម្រាប់ប្រយោជន៍ផ្ទាល់ខ្លួនទាំងផ្នែកហិរញ្ញវត្ថុ និងនយោបាយ។

លោកបានបន្ថែមថា ជាក់ស្ដែងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» ដែលធ្វើកន្លងមកក៏ដូចជាកំពុងធ្វើនៅពេលនេះ ដើម្បីលើកកម្ពស់ការយល់ដឹង ដល់អាជ្ញាធរដែនដី, ប្រជាពលរដ្ឋ, គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងគ្រឹះស្ថានឥណទានជនបទ កាន់តែមានការយល់ដឹងពីសារៈសំខាន់, បញ្ហាប្រឈម និងដំណោះស្រាយក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។

លោកបន្ដថា ទន្ទឹមនេះសិក្ខាសាលាមានបំណង ដើម្បីបញ្ចៀសកុំឲ្យអ្នកប្រើប្រាស់ និងអ្នកខ្ចីប្រាក់ ក៏ដូចប្រជាជនរួចផុតពីការកេងប្រវ័ញ្ញ និងមានបំណុលវ័ណ្ឌក។ ដូច្នេះបញ្ហាប្រឈមក្នុងវិស័យនេះ ត្រូវតែមានការចូលរួមពី គ្រប់អ្នកពាក់ព័ន្ធពិសេសអ្នកផ្ដល់កម្ចី និងអ្នកខ្ចី៕