(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងកាលៈទេសៈសេដ្ឋកិច្ចកម្ពុជា ទទួលរងនូវផលប៉ះពាល់ដោយសារជំងឺឆ្លងកូវីដ-១៩ ក្រសួងបានខិតខំប្រឹងប្រែងជំរុញ និងលើកទឹកចិត្តដល់ប្រជាកសិករ អ្នកផលិត វិស័យឯកជន ដៃគូអភិវឌ្ឍ និងសហគមន៍កសិកម្មឱ្យបង្កើនការយកចិត្តទុកប្រែក្លាយវិបត្តិនេះ ទៅជាឱកាសដ៏មានតម្លៃសម្រាប់បង្កើនផលិតភាពផលិតកម្មកសិកម្ម រួមទាំងការកែច្នៃ ដើម្បីបង្កើនសមត្ថភាពផ្គត់ផ្គង់ ធានាបានទាំងបរិមាណ គុណភាពជាលក្ខណៈគ្រួសារ ពាណិជ្ជកម្ម ធានាសន្តិសុខស្បៀងទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគតបង្កើតការងារ និងបង្កើនប្រាក់ចំណូល។

ការលើកទឹកចិត្តបែបនេះ របស់លោក វេង សាខុន បានធ្វើឡើងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលលោកបានអញ្ជើញ ជាអធិបតីភាពពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មស្តីពី «ការទិញ លក់ផលិតផលគ្រាប់ស្វាយចន្ទីកែច្នៃ និងការចុះអនុស្សរណៈ យោគយល់គ្នា រវាងវិស័យសាធារណៈឯកជន ដៃគូអភិវឌ្ឍន៍ និងផលិតករ»

លោក វេង សាខុន បានថ្លែងថា ហេតុផលនេះ ក្នុងរយៈពេលកន្លងមក ក្រសួងបានជំរុញឱ្យគ្រប់តួអង្គពាក់ព័ន្ធ គិតគូរយកចិត្តទុកដាក់អនុវត្តអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើយ៉ាងណាបង្កើនផលិតភាពផលិតក្នុងស្រុក បង្កើតការងារ និងបង្កើនប្រាក់ចំណូល ហើយពិតណាស់អ្វីដែលក្រសួងបានខិតខំ គឺសម្រេចទទួលបានលទ្ធផលសំខាន់ៗដូចខាងក្រោម៖

*ទី១៖ ថ្ងៃទី១៧ ខែកក្កដា មានរៀបចំពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មស្តីពី «ការទិញ លក់ផលិតផលគ្រាប់ស្វាយចន្ទីកែច្នៃ និងការចុះអនុស្សរណៈយោគយល់គ្នារវាងវិស័យសាធារណៈឯកជន ដៃគូអភិវឌ្ឍន៍ និងផលិតករ»។

*ទី២៖ ថ្ងៃទី១៥ ខែកក្កដា បានចុះហត្ថលេខាលើអនុស្សរណនៃការយោគយល់គ្នាស្តីពី «ការអភិវឌ្ឍបន្លែសុវត្ថិភាពសម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញ» រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយក្រុមហ៊ុន Yamato Green Co., Ltd។

*ទី៣៖ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ចុះកិច្ចសន្យាផលិតកម្មកសិកម្មស្តីពី «ការទិញ លក់ ចែកចាយផលិតផលកសិកម្ម រវាងក្រុមហ៊ុន លីលី ហ៊្វូត លីលី ខាមេដា ជាមួយក្រុមផលិត ផ្គត់ផ្គង់ ចែកចាយផលិតផលកសិកម្ម»។

*ទី៤៖ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ការចុះហត្ថលេខាពិធីសារស្តីពី «លក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជា ទៅកាន់សាធារណរដ្ឋប្រទេសចិន»។

រដ្ឋមន្ត្រីកសិកម្មរូបនេះបានបន្ថែមថា សមិទ្ធផលសំខាន់ៗទាំងអស់នេះ មិនមែនជាមោទនភាពតែក្រសួងកសិកម្ម រុក្ខប្រមាញ់ និងសាទ តែគឺជាមោទនភាពរបស់ប្រទេសជាតិយើង ជាពិសេសរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាមគ្គទេសក៏ដ៏ឆ្នើម ដែលលោកតែងតែគាំទ្រ និងលើកទឹកចិត្តដល់ក្រសួងគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ។

យោងលើសមិទ្ធផលទាំងនេះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណជូនថ្នាក់ដឹកនាំក្រសួង គ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ ក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមសហការបានយ៉ាងល្អប្រសើរ ហើយសង្ឃឹមថាកិច្ចសហការដ៏ប្រពៃនេះនឹងនៅតែបន្តក្នុងឆន្ទៈចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ឱ្យមានការរីកចម្រើន ដើម្បីឈានទៅសម្រេចចក្ខុវិស័យរបស់សម្តេចតេជោ នាឆ្នាំ២០៣០ និងឆ្នាំ២០៥០៕