(កំពង់ឆ្នាំង)៖ កូនឈើប្រភេទឈើផ្កាសម្រាប់លម្អ គឺប្រភេទដើមផ្កាសាគូរ៉ាជាង១០០ដើម ត្រូវបានខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង ដាំជួសឡើងវិញ នៅតំបន់រមណីយដ្ឋានគម្របបៃតងទំនប់ទឹកឈ្វាំង ស្ថិតក្នុងឃុំរលាប្អៀរ ស្រុករលាប្អៀរ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យរុក្ខទិវា៩ កក្កដា។

ការដាំកូនផ្កាសាគូរ៉ា ជួសកន្លែងខ្លះដែលងាប់ដោយសារការរាំងស្ងួតនៅរដូវប្រាំងកន្លងមកនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ដឹកនាំដោយលោកនាយ ខណ្ឌរដ្ឋបាលព្រៃឈើ កំពង់ឆ្នាំងលោក ថោង វីរាវុទ្ឍី និងមានមន្ត្រីផ្នែករដ្ឋបាលព្រៃឈើកំពង់ឆ្នាំង និងមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើរលាប្អៀរ ជាច្រើនអ្នកផងដែរ។

លោក ថោង វ៉ាន់វិរ៉ាវុឌ្ឍី បានឱ្យដឹងថា ការដាក់ដាំកូនឈើប្រភេទលម្អនេះ គឺជាការជួសឡើងវិញនៅកន្លែងខ្លះដែលបានងាប់ស្វិត ដោយសារតែនៅរដូវប្រាំងកន្លងទៅ បានងាប់ស្វិតអស់មួយចំនួន ទើបលោកបាននាំក្រុមការងារចុះដាំជួសឡើងវិញ ការដាក់ដាំនូវប្រភេទកូនឈើលម្អនេះគឺធ្វើយ៉ាងណាឱ្យតំបន់នេះ មានសម្រស់ធម្មជាតិ បៃតង និងមានបរិស្ថានល្អដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកកំសាន្តនៅតំបន់នេះមកស្រូបយកនូវខ្យល់អាកាសល្អបរិសុទ្ធនៅទីនេះ ព្រោះទីនេះ គឺរមណីយដ្ឋានទេសចរណ៍មួយ ដែលមានការទាក់ទាញភ្ញៀវជាតិ និងបរទេសឱ្យចូលមកទស្សនា ដោយហែលទឹកលេងកម្សាន្តនៅទីនេះផងដែរ ។

នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំង បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ សូមឱ្យចូលរួមដាំដើមឈើឡើងវិញខណៈដែលព្រៃឈើកំពង់រងនូវការបាត់បង់ និងសូមចូលរួមថែរក្សាការពារព្រៃឈើទាំងអស់គ្នា ដើម្បីឲ្យមានពណ៌បៃតងធម្មជាតិនៅគ្រប់ទីកន្លែង ព្រោះដើមឈើគឺជាជីវៈចម្រុះ វាបានបង្កើតនូវខ្យល់អុកស៊ីហ្សែន សម្រាប់មនុស្សសត្វទាំងឡាយ។

លោកក៏បានឲ្យដឹងទៀតថា នៅក្នុងខណ្ឌរដ្ឋបាលព្រៃឈើបានរៀបចំធ្វើកន្លែងដាក់ដាំឈើប្រណីតជាច្រើនប្រភេទ នៅក្នុងខណ្ឌរដ្ឋបាលព្រៃឈើឡើងវិញ ក្នុងនោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ព្រះអង្គក៏បានត្រាស់ប្រទានកូនឈើប្រណិតចំនួន៥ដើម ជូនដល់អាជ្ញាធរខេត្តកំពង់ឆ្នាំង និងបានធ្វើការដាក់ដាំនៅសួនកូនឈើចម្រុះក្នុងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំងរួចរាល់ហើយដែរ។

ជុំវិញការដឹកនាំមន្ត្រីដាំដើមឈើជាប្រភេទដើមផ្កាសាគូរ៉ាខាងលើនេះផងដែរ លោក ថោង វ៉ាន់វីរ៉ាវុឌ្ឍី បានឱ្យទៀតដឹងថា ដើមផ្កាសាគូរ៉ានេះ គឺជាពូជដើមផ្កាម្យ៉ាង ដែលវាមានផ្កាចំរុះពណ៌ដ៏ស្រស់ត្រកាល កាលពីបុណ្យទន្លេនៅក្នុងខេត្តកំពង់ឆ្នាំង លោកបានដាំប្រភេទដើមផ្កាសាគូរ៉ានេះម្ដងរួចមកហើយ បន្ទាប់មកលោកក៏បានជួល ឱ្យមានអ្នកថែទាំតាំងពីពេលនោះមក។ ក៏ប៉ុន្តែមួយរយៈនេះដោយពុំមានអ្នកមើលថែដើមផ្កាទាំងអស់នេះក៏ត្រូវបានគោស៊ីអស់មួយចំនួន ទើបលោកក៏បានដឹកនាំក្រុម ការងារចុះដាំជួសជុលឡើងវិញ ដើម្បីជាការចូលរួមអបអរសាទរ ពិធីបុណ្យ រុក្ខទិវា៩កក្កដា ឆ្នាំ២០២០ ដែលនឹងត្រូវប្រារព្ធធ្វើនៅពេលខាងមុខនេះ៕