(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានឲ្យដឹងថា បច្ចុប្បន្នជនបរទេស ប្រហែល២០ម៉ឺននាក់ កំពុងស្នាក់នៅក្នុងប្រទេសកម្ពុជា ក្នុងនោះ មាន១១ម៉ឺននាក់ ជាជនបរទេសមិនមែនអន្ដោប្រវេសន៍ និងប្រមាណ៩ម៉ឺននាក់ ជាជនបរទេសអន្ដោប្រវេសន្ដ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាស របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់ថា ដោយប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេស (FPCS) ចាប់ពីដើមឆ្នាំមក បានរកឃើញថា មានជនបរទេសមិនមែនអន្ដោប្រវេសន៍ ប្រមាណជាង១៦ម៉ឺននាក់ នៅក្នុងប្រទេសកម្ពុជា ប៉ុន្ដែចំនួនស្នាក់នៅជាក់ស្ដែង ប្រហែល១១ម៉ឺននាក់។

នៅក្នុងប្រទេសកម្ពុជា បានកំណត់ប្រភេទជនបរទេសជាបីប្រភេទផ្សេងគ្នា រួមមាន៖ ជនបរទេសមិនមែនអន្ដោប្រវេសន៍, ជនបរទេសអន្ដោប្រវេសន្ដ និងជនបរទេសអន្ដោប្រវេសន្ដជាអ្នកវិនិយោគ។

ជនបរទេសមិនមែនអន្ដោប្រវេសន៍ សម្ដៅទៅលើភ្នាក់ងារដែលបម្រើការនៅស្ថានទូតបរទេស ឬស្ថានកុងស៊ុលបរទេស ឬស្ថានតំណាងបេសកកម្មបរទេស អ្នកជំនាញការអន្តរជាតិ និងជនផ្សេងៗទៀត ដែលចូលមកកម្ពុជាតាមការស្មើសុំ ឬតាមកិច្ចព្រមព្រៀង ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោយរាប់ទាំងក្រុមគ្រួសារ និងបុគ្គលិករបស់គេក្នុងរយៈពេលដែលគេស្នាក់អាស្រ័យនៅ។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានថ្លែងយ៉ាងដូច្នេះថា «ដោយប្រើប្រាស់តាមប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេស (FPCS) មកដល់ម៉ោងនេះយើងទទួលបាន ចំនួនជាង១៦ម៉ឺននាក់ ដែលបានចុះបញ្ជីក្នុងប្រព័ន្ធយើង ប៉ុន្ដែប្រព័ន្ធបានបញ្ជាក់ថា វត្តមានជាក់ស្ដែងមានប្រហែលជាង១១ម៉ឺននាក់ ហើយប្រព័ន្ធនេះក៏កំពុងតាមដានបន្ដទៀត ឬអាចមានការកើនឡើងថែមទៀត»

បើតាមការលើកឡើងរបស់ នាយឧត្តមសេនីយ៍ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្នុងឆមាសទី១នេះ បានខិតខំប្រឹងប្រែងរៀបចំប្រមូលផ្ដុំ ក្នុងគោលដៅជំរុញ ការគ្រប់គ្រងជនបរទេសមិនមែនអន្ដោប្រវេសន្ដឲ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការពិនិត្យស្នើឲ្យបំពេញអាសយដ្ឋានច្បាស់លាស់ ក្នុងសាលកបត្រពេលមកដល់ ការរពង្រឹងសំណុំឯកសារ និងបែបបទពេលមកស្នើសុំទិដ្ឋាការស្នាក់នៅបណ្ដោះអាសន្ន និងការចាត់តាំងអនុវត្តសេចក្ដីណែនាំរបស់ ក្រសួងមហាផ្ទៃ។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានបង្ហាញជំនឿយ៉ាងមុតមាំថា ចាប់ពីពេលទៅដោយប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេស (FPCS) អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នឹងគ្រប់គ្រងវត្តមានជនបរទេសនៅកម្ពុជាបានល្អ និងច្បាស់លាស់ ខណៈបច្ចុប្បន្ននេះជាជំហ៊ានដំបូងក្នុងការប្រើប្រាស់ប្រព័ន្ធ បច្ចេកវិទ្យាដើម្បីគ្រប់គ្រង។

សូមជម្រាបថា យោងតាមរបាយការណ៍ដែលបានបង្ហាញក្នុងកិច្ចប្រជុំ រហូតមកដល់ពេលនេះ មានម្ចាស់លំនៅឋានចំនួន ៥០,៩៧៤គណនី បានភ្ជាប់ប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេស (FPCS) និងបានរាយការណ៍អំពីវត្តមានជនបរទេស ទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍។

គិតចាប់ពីឆ្នាំ២០១៤ ដល់ខែមិថុនា ឆ្នាំ២០២០នេះ មានជនបរទេស សរុបចំនួន១៧,២៣០នាក់ ស្រី២,៩៧១នាក់ ស្មើនឹង១០៤សញ្ជាតិ ត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា ក្រោយរកឃើញថាចូលមកធ្វើការ និងរស់នៅដោយខុសច្បាប់។ បច្ចុប្បន្ន មានជនបរទេសកំពុងស្នាក់នៅ កន្លែងត្រៀមបណ្ដេញចេញ នៅមណ្ឌលភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ ចំនួន៩៣នាក់ ស្រី៨នាក់ មាន២០សញ្ជាតិ៕