(ភ្នំពេញ)៖ នៅរសៀល ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦នេះ អាស៊ានបូកបី (ចិន កូរ៉េខាងត្បូង និងជប៉ុន) នឹងចុះអនុស្សារណៈមួយទៀត នៅទីក្រុងម៉ានីល ប្រទេសហ្វ៊ីលីពីន ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ រវាងប្រទេសសមាជិកអាស៊ាន ជាមួយប្រទេសចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ។
កិច្ចសហប្រតិបត្តិការថ្មីនេះ នឹងជំរុញនិងសម្រួល ការធ្វើដំណើរនិងដឹកជញ្ជូនទេសចរនៃអាស៊ានបូកបី , ការអភិវឌ្ឍផលិតផលទេសចរណ៍ និងពង្រឹងចំណង សហប្រតិបត្តិការ លើធនធានមនុស្សក្នុងវិស័យទេសចរណ៍។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦។
ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នានេះ ក៏មានការចូលរួមពីលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា រួមទាំងរដ្ឋមន្រ្តីមកពីប្រទេសពាក់ព័ន្ធទាំងអស់ផងដែរ។ រដ្ឋមន្រ្តីទេសចរណ៍ទាំងនោះ បានទៅចូលរួមនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍អាស៊ានបូកបី (ចិន ជប៉ុន កូរ៉េ ) លើកទី១៥ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ក្នុងថ្ងៃនេះ។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៥ កន្លងទៅ ប្រទេសអាស៊ានបូកបី (អាស៊ានបូកចិន ជប៉ុន កូរ៉េ)ទទួលបានទេសចរអន្តរជាតិប្រមាណ ២៥១លាននាក់ កើនឡើងក្នុងអត្រា៧% ដែលក្នុងនោះប្រមាណ ៦៧%នៃចំនួនសរុបជាភ្ញៀវទេសចរផ្ទៃក្នុងអាស៊ានបូក ចិន-ជប៉ុន-កូរ៉េ។
រីឯទេសចរអាស៊ានទៅទស្សនាប្រទេសបូកបី (ចិន ជប៉ុន កូរ៉) (ស្ថិតិបណ្តោះអាសន្នក្នុងឆ្នាំ ២០១៥) មានដូចជា ចិនទទួលទេសចរមកពីប្រទេសសមាជិកអាស៊ានចំនួនជាង ៥,៩ លាននាក់, ជប៉ុនទទួលទេសចរមកពីប្រទេសសមាជិកអាស៊ានចំនួនជាង ១,៤ លាននាក់ និង កូរ៉េខាងត្បូងទទួលទេសចរមកពីប្រទេសសមាជិកអាស៊ានចំនួនជាង ១,៤ លាននាក់៕