(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងជំរុញឲ្យប្រជាកសិករខិតខំបង្កើនការដាំដំណាំកសិកម្ម និងដំណាំរួមផ្សំលក្ខណៈគ្រួសារ រួមទាំងការចិញ្ចឹមសត្វ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ ក្នុងសម័យកាលប្រទេសកំពុងប្រឈមនឹងជំងឺកូវីដ-១៩។

លោក ជាម ច័ន្ទសោភ័ណ បានលើកឡើងយ៉ាងដូចនេះនាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលលោក និងលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត ចុះសំណេះសំណាល ចែកពូជបន្លែ អន្តរាគមន៍បន្ទាន់ និងសម្ភារៈកសិកម្មជូនគ្រួសារក្រីក្រ និងកសិករងាយរងគ្រោះ ក្នុងវិបត្តិជំងឺកូវីដ១៩ នៅឃុំគោកស្រុក ស្រុកតំបែរ ។

លោក ជាម ច័ន្ទសោភ័ណ ក៏បានអំពាវនាវឲ្យពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះការប្រែប្រួលអាកាសធាតុនាពេលបច្ចុប្បន្ន ត្រូវថែរក្សាសុខភាពខ្លួន ដោយរក្សានូវអនាម័យជាប់ជានិច្ច តាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ដើម្បីចូលរួមទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា។

ជាមួយគ្នានោះលោកក៏បានបន្តចុះសួរសុខទុក្ខពលរដ្ឋក្រីក្រ និងពិនិត្យដំណើរការសម្ភាស៍គ្រួសារស្នើសុំប័ណ្ណក្រីក្រដល់ខ្នងផ្ទះ ក៏ដូចជាចែកជូនថវិកា ដល់ពូ មីង តា យាយ និងចែកនំចំណីកុមារា កុមារី ប្រកបដោយភាពស្និទ្ធស្នាលបំផុត ក្នុងនាមជាមេគ្រួសារប្រជាជនទូទាំងខេត្តត្បូងឃ្មុំ។

បើតាមលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ និងលោក សុខ សារិទ្ធ អភិបាលស្រុកតំបែរ បានឲ្យដឹងថា ប្រជាកសិករដែលទទួលពូជបន្លែនិងសម្ភារៈកសិកម្ម មានចំនួន៦១គ្រួសារ ដោយក្នុង១គ្រួសារៗទទួលពូជបន្លែរយៈពេលខ្លី រួមមាន៖ ត្រកួន ១គីឡូក្រាម ស្ពៃចង្កឹះ ១កញ្ចប់ ស្ពៃក្រញាញ់ ២កញ្ចប់ ស្ពៃតឿ ១កញ្ចប់ សាលាដ ១កញ្ចប់។ កសិករក៏ទទួលបានពូជបន្លែ និងសម្ភារកសិកម្មសម្រាប់ការធ្វើបង្ហាញ ១៩គ្រួសារ ក្នុង១គ្រួសារទទួលបានកៅស៊ូផ្លាស្ទិចគ្របរង ១ដុំ សំណាញ់ទ្រើង ២ដុំ ទុយោសាច ១ដុំ ថាសបណ្តុះកូន ៥បន្ទះ គ្រាប់ពូជស្ពៃក្រញាញ់ ១កញ្ចប់ គ្រាប់ពូជខាត់ណាដើម ១កញ្ចប់ គ្រាប់ពូជត្រសក់ ១កញ្ចប់ និងគ្រាប់ពូជសណ្តែកកួរ ១កញ្ចប់៕