(ភ្នំពេញ)៖ ក្រុមបាល់ទាត់ Cambodia All Star របស់កម្ពុជា នឹងធ្វើការប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិទល់នឹង ក្រុមមកពីថៃ Buriram United នៅម៉ោង ៦៖៣០នាទីយប់ស្អែកនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។
Buriram ដើរតួជាក្រុមដែលនឹងជួបប្រកួតសងសឹក ជំនួសក្រុម Muangthong United របស់ថៃដូចគ្នា ដែលបានចាញ់ Cambodia All Star កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ៤-៣ នៅអូឡាំពិកដែរនោះ ដែលនេះជាការប្រកួតលើកទី២ផង ដែរសម្រាប់កម្ពុជា ដែលមានគ្រូបង្វឹកបង្គោល ប្រាក់ សុវណ្ណារ៉ា កោះហៅកីឡាករមកពីក្លឹបធំៗដែលលេងនៅលីក កំពូលកម្ពុជាមកជួយក្រុម ដើម្បីទប់ទល់នឹងក្រុមជើងឯកថៃ ដែល Buriram United ឈ្នះពានបានដល់ទៅ៥ ក្នុង ប្រទេសរបស់គេ នាពេលថ្មីៗនេះ ។
សូមជម្រាបផងដែរ សំបុត្រចូលទស្សនា តម្លៃ២ដុល្លារក្រោមដំបូល និងតម្លៃ១ដុល្លារនៅក្រៅដំបូល ដែលអាចស្វិតស្វាញខ្លាំងឡើង ព្រោះ Buriram ជាជើងខ្លាំងសំបូរទៅដោយកីឡាករជនជាតិថៃ និងបរទេសលេងល្អ ដូចទៅនឹង Cam-All Star ក៏លេងពេញជើងដែរ ក្រោយបញ្ចប់យុទ្ធនាការ Bangabandhu Gold Cup ឆ្នាំ២០១៦ នៅប្រទេស បង់ក្លាដេសរួចមក ។
នៅចាំបានបាន Buriram United លេងឈ្នះក្រុមបឹងកេតអង្គររបស់កម្ពុជា តែ ១-០ ប៉ុណ្ណោះ ដោយបាល់ប៉េណាល់ទី កាលពីចុងខែធ្នូ ឆ្នាំ២០១៥ នៃវគ្គផ្តាច់ព្រ័ត្រ ក្នុងពានរង្វាន់ប្រទេសស្ថិតក្នុងអនុតំបន់ទន្លេមេគង្គ ឆ្នាំ២០១៥ ។
កីឡាករដែលស៊ុតបញ្ចូលទីបាន២គ្រាប់ ចាន់ វឌ្ឍនាកា និង Booysen Shane នៅមុខអ្នកទស្សនាផ្ទាល់ ៤៥៣៩២ នាក់កាលពីសប្តាហ៍មុន សុទ្ធតែត្រូវបានគ្រូបង្វឹកក្លឹបបឹងកេតអង្គរ លោក ប្រាក់ សុវណ្ណារ៉ា ដាក់ចូលលេងជម្រើសដំបូងដដែល គ្រាដែលអ្នកចាំទី ស៊ូ យ៉ាទី និង អ៊ុ សេរីរ័ត្ន កំពុងពិចារណា ថាតើដាក់នរណាមុន ។ ការប្រកួតមិត្តភាពនោះដែរ ក៏ដើម្បីអបអរសាទរខួបលើកទី៦៥ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងថៃផងដែរ ក្រៅពីថវិកាដែលទទួលបានពីការ លក់សំបុត្រនោះ នឹងយកទៅជួយឧបត្ថម្ភមន្ទីរពេទ្យគន្ធបុប្ផា របស់កម្ពុជា ៕