(កណ្តាល)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា សម្រេចជ្រើសតាំងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជននៅក្នុងអាណត្តិថ្មីបន្តទៀត ដើម្បីធ្វើជាសេនាធិការរបស់សម្តេចក្នុងការបម្រើប្រយោជន៍ជូនអតីតយុទ្ធជនកម្ពុជា។
ពិធីប្រកាសតែងតាំងសមាសភាពថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនក្នុងអាណត្តិថ្មីត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន។
ក្នុងពិធីប្រកាសតែងតាំងសមាសភាពថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជាក្នុងអាណត្តិថ្មីនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារ ក៏ដូចជាការប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា ដែលសម្រេចបានក្នុងអាណត្តិចាស់រយៈពេល៥ឆ្នាំកន្លងទៅ។
សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានជំរុញថ្នាក់ដឹកនាំដែលត្រូវបានជ្រើសតាំងកាន់កាប់ការងារសមាគមក្នុងអាណត្តិថ្មី ឱ្យប្រឹងប្រែងបំពេញការងារឱ្យសកម្ម និងមានប្រសិទ្ធភាពថែមទៀត ដើម្បីបម្រើជាប្រយោជន៍ និងលើកកម្ពស់ជីវភាពរបស់អតីតយុទ្ធជនកម្ពុជា ដែលសុទ្ធសឹងជាអ្នកមានគុណបំណាច់យ៉ាងធំធេងសម្រាប់ជាតិមាតុភូមិ។
លោកទេសរដ្ឋមន្ត្រី គន់ គីម ក្នុងតួនាទីជាអនុប្រធានសមាគម និងជាអគ្គលេខាធិការរបស់សមាគម ដែលជាអ្នកប្រតិបត្តិការងារផ្ទាល់នោះ ត្រូវបានគេមើលឃើញថា បានធ្វើសកម្មភាពយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហា ក៏ដូចជាការប្រឹងប្រែងជួយលើកកម្ពស់ជីវភាពរបស់អតីតយុទ្ធជនឱ្យបានកាន់តែល្អប្រសើរ។
ជាមួយនឹងការទទួលបានសេចក្តីទុកចិត្តពីសម្តេចតេជោ ហ៊ុន សែន ឱ្យធ្វើជាសេនាធិការបម្រើការងារអតីតយុទ្ធជនក្នុងអាណត្តិថ្មីនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានបង្ហាញការប្តេជ្ញាចិត្ត និងសន្យាប្រឹងប្រែងឱ្យអស់កម្លាំងកាយចិត្ត ដើម្បីជួយក្រុមគ្រួសារអតីតយុទ្ធជន។
«នេះជាមហាកិត្តិយសដ៏ធំធេងសម្រាប់ខ្ញុំ ដែលទទួលបានសេចក្តីទុកចិត្ត និងផ្តល់ឱកាសដ៏ធំធេងពីសម្តេចតេជោ ហ៊ុន សែន ដើម្បីបម្រើបងប្អូនអតីតយុទ្ធជន។ ខ្ញុំសូមប្រកាសប្តេជ្ញាថា នឹងប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្ត ដោយមិនខ្លាចនឿយហត់នោះឡើយ ដើម្បីដោះស្រាយបញ្ហាទាំងឡាយរបស់បងប្អូនអតីតយុទ្ធជន ក៏ដូចជាជួយឱ្យការរស់នៅរបស់បងប្អូនអតីតយុទ្ធជនបានកាន់តែល្អប្រសើរ»។ នេះជាការប្រកាសប្តេជ្ញាចិត្តរបស់លោកទេសរដ្ឋមន្ត្រី គន់ គីម។
លោកទេសរដ្ឋមន្ត្រីបន្ថែមថា «បំណងប្រាថ្នារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត គឺចង់ឃើញបងប្អូនរស់នៅមានសេចក្តីសុខ មានជីវភាពមួយល្អប្រសើរ ដូច្នេះខ្ញុំត្រូវតែប្រឹងប្រែងមិនធ្វើឱ្យសម្តេចទាំងពីរខកបំណងនោះឡើយ»។
លោក គន់ គីម បានឱ្យដឹងថា រយៈពេល៥ឆ្នាំកន្លងទៅ ពោលចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២០នេះ ដើម្បីឆ្លើយតបទៅនឹងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានគិតគូរសាងសង់ផ្ទះជូនអតីតយុទ្ធជនចំនួន ២,៤៦០ខ្នង។ បើតាមលោកទេសរដ្ឋមន្ត្រី នៅមានគ្រួសារអតីតយុទ្ធជនប្រមាណ ៣,៦៥៤គ្រួសារទៀត ដែលត្រូវបន្តសាងសង់ និងដោះស្រាយដីសម្បទានសង្គមកិច្ចជូនបន្តទៀត។
ជាមួយគ្នានេះសមាគមអតីតយុទ្ធជនកម្ពុជា បានប្រគល់ថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពសមាជិក ស.អ.ក តាមបណ្តារាជធានី-ខេត្ត សរុបចំនួន៩,៧៩៣សព។ ក្នុងនោះថវិកាសម្តេចតេជោ ហ៊ុន សែន បានផ្តល់បំពេញបន្ថែម សម្រាប់ផ្តល់ជូនគ្រួសារសមាជិកចំនួន ៣,១២៧សព និងបំពេញថវិកាបន្ថែម ៣,៥០០រៀល ជូនសមាជិកជាគ្រួសារជនពលី មរណៈរយៈ២៥ខែ (គិតត្រឹមការផ្ទេរថវិកាប្រចាំខែកក្កដា ឆ្នាំ២០២០) សរុបថវិកា ២ពាន់លានរៀល។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា គិតត្រឹមខែឧសភា ឆ្នាំ២០២០ សមាគមអតីតយុទ្ធជនកម្ពុជា មានសមាជិក ៧៦,៩២៣នាក់ ដែលមាននៅក្នុងបន្ទុកប្រមាណ ១០៨,៨៧១នាក់ កំពុងទទួលរបបឧបត្ថម្ភគោលនយោបាយពីរដ្ឋជារៀងរាល់ខែ ក្នុងនោះ៖ មាននិវត្តជន ចំនួន ២៦,៨៩២នាក់, ជនបាត់បង់សមត្ថភាពការងារ ចំនួន ១,៤៤៤នាក់ និងជនពិការ ចំនួន ២៦,៤៤៩នាក់៕
ក្នុងពិធីព្រឹកមិញនេះ ក្រុមហ៊ុនផលិតទឹកបរិសុទ្ធ អរុណា (Aruna Co., Ltd) បានឧបត្ថម្ភទឹកបរិសុទ្ធចំនួន ២,០០០កេស គិតជាទឹកប្រាក់ចំនួន ៦,០០០$ សម្រាប់សាងសង់ផ្ទះ២ខ្នងជូនដល់អតីតយុទ្ធជន ក្រៅពីនោះក្រុមហ៊ុនក៏បានផ្តល់ឱ្យមាននូវផ្លាកសញ្ញារបស់សមាគមអតីតយុទ្ធជនភ្ជាប់ជាមួយហ្នឹងដបទឹកសុទ្ធអរុណា ឱ្យសមាគមយកទៅចែកចាយលក់បន្តរ ដើម្បីយកប្រាក់ចំនេញទៅផ្គត់ផ្គង់ដល់អតីតយុទ្ធជន។
លោកទេសរដ្ឋមន្ត្រី បានអំពាវនាវដល់ក្រសួងស្ថាប័ន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ជួយទិញទឹក ដើម្បីជួយគាំទ្រដល់អតីតយុទ្ធជន ក៏ដូចជាការចូលរួមចំណែកអភិវឌ្ឍអតីតយុទ្ធជនកម្ពុជាផងដែរ។ បន្ថែមពីនេះលោកទេសរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបង្កើតបានជាសមិទ្ធផល ស្នាដៃ និងវឌ្ឍភាពការងាររបស់សមាគមអតីតយុទ្ធជនកម្ពុជា សម្រេចបានក្នុងរយៈកាល៥ឆ្នាំកន្លងមក៕