(បន្ទាយមានជ័យ)៖ លោក សាន វិជ្ជាសារាវុធ ប្រធានកាំកុងត្រូលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ បានដឹកនាំមន្រ្តីក្រោមឱវាទចុះពិនិត្យរកទំនិញខូចគុណភាព ដែលគ្មានថ្ងៃបរិច្ឆេទកំណត់ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក សាន វិជ្ជាសារាវុធ មន្ត្រីបានចុះពិនិត្យរក ទំនិញជាម្ហូបអាហារ និងដកយកសំណាកគំរូនៅតាមតូប បញ្ជរលក់ទំនិញ ក្នុងផ្សារសមាគមនៃក្រុងប៉ោយប៉ែត នូវផលិតផលទំនិញជាម្ហូបអាហារចំនួន ១២សំណាកគំរូ រួមមាន៖ បន្លែស្រស់ ត្រីស្រស់ សាច់ស្រស់ ណែម មីលឿងខ្មែរ ពពុះសណ្តែក ដើម្បីយកមកវិភាគនៅមន្ទីរពិសោធន៍ខ្នាតតូច នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជាលទ្ធផលរកឃើញ ងៀតយីហ៊ឺ ៨កញ្ចប់ ស្មើ ០.៥គីឡូក្រាម និងកម្ទេចមី ១១២០កញ្ចប់ ស្មើ ២០គីឡូក្រាម ដែលមិនអនុលោមតាមបញ្ញាតិច្បាប់ម្ហូបអាហារ ត្រូវបានដកហូត ដើម្បីយកមកដុតកម្ទេចចោលតាមនីតិវិធី។
ម៉្យាងវិញទៀត យោងតាមលទ្ធផលវិភាគលើសំណាកគំរូចំនួន១២គំរូនោះ បង្ហាញឱ្យឃើញថា ពុំមានវត្តមានសំណល់ប្រភេទ Grow Promotor ឈ្មោះ Ractopamine និងឈ្មោះ Clenbuterol នៅក្នុងសាច់មាន់ សាច់ជ្រូក ត្រី និងកង្កែប និងពុំមានវត្តមានសារធាតុគីមី ហាមឃាត់ Borax នៅក្នុងណែម មីលឿងខ្មែរ ពពុះសណ្ដែក ហើយពុំមានវត្តមានសំណល់ថ្នាំកសិកម្មនៅក្នុងបន្លែស្រស់ (ត្រសក់ ខាត់ណាផ្កា សណ្តែកកួរ ទំពាំង) ឡើយ សំណល់ Grow Promotor ដែលនៅជាប់នឹងសាច់សត្វទេ៕