(កំពង់ឆ្នាំង)៖ ស្រូវវស្សារបស់ប្រជាពលរដ្ឋចំនួន ៣៥០ហិកតា នៅក្នុងភូមិ៣ នៃឃុំព្រៃគ្រីខាងជើង ស្រុកជល់គិរី កំពុងខ្វះខាតទឹក ខណៈដែលជួបការរាំងស្ងួតកន្លងមក ក៏ដូចពេលនេះ ដោយសាររបបទឹកភ្លៀងធ្លាក់មកតិចតួចមិនគ្រប់គ្រាន់ ដែលធ្វើឲ្យស្រូវស្កក មិនអាចបែកគុម្ភបាន និងស្រូវខ្លះទៀតស្វិតត្រូវការសង្គ្រោះបន្ទាន់ផងដែរ។
មេបញ្ជាការផ្នែកសឹករងស្រុកជលគីរី លោកវរសេនីយ៍ត្រី អៀម វណ្ណនី បានឲ្យដឹងនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះថា ដោយអនុវត្តតាមបទបញ្ជា និងការណែនាំរបស់គណៈបញ្ជាការឯកភាព ខេត្តកំពង់ឆ្នាំងលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ទោ ធន់ ធឿន បានឲ្យបណ្ដាអង្គភាពទាំងអស់ត្រូវយកចិត្តទុកដាក់ ចុះជួយអន្តរាគមន៍បូមទឹកសង្រ្គោះស្រូវវស្សារបស់ប្រជាកសិករចំនួន៣ភូមិរួមមាន៖ ភូមិតាកាន់ ភូមិទំពារ និងភូមិព្រៃគ្រីជើង ក្នុងឃុំព្រៃគ្រី ស្រុកជលគិរី បានចំនួន៥លើក នៅចំណុចស្លាទុំ ត្រពាំងធំ ភ្នំរលកនឹងថ្មគោល ដែលស្រូវរបស់ប្រជាពលរដ្ឋជាច្រើនរយហិកតាកំពុងរងនូវការប៉ះពាល់ដោយសារការខ្វះទឹក គឺប្រឈមនិងការក្រៀមស្វិត ព្រោះតែការរាំងស្ងួតបានអូសបន្លាយពេលវេលាជា ច្រើនខែកន្លងមកនេះ។
នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ លោកវរសេនី យ៍ត្រី អៀម វណ្ណនី មេបញ្ជាការសឹករងស្រុក សហការជាមួយមន្ត្រីរាជការស្រុកជលគីរី នឹងសមាជិកគណបក្សស្រុកជាច្រើនរូប រួមទាំងនាយទាហាន និងនាយទាហានរងផ្នែកសឹករង ស្រុកជលគិរីបានដឹកនាំយកប្រេងឥន្ទៈចំនួន៨២០លីត្រ ដែលបានពីការជួយឧបត្ថម្ភពីមន្ទីរពាក់ព័ន្ធ ក្នុងនោះលោក ដោក ប៊ុនថុន ប្រធានមន្ទីរធន ធានទឹក នឹងឧត្តុនិយមខេត្ត២០០លីត្រ និងលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តចំនួន២០០លីត្រ។
ដោយឡែកលោក អ៉ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ក៏បានចូលរួមឧបត្ថម្ភប្រេងដល់ប្រជាពលរដ្ឋចំនួន ៤២០ផងដែរ ប្រេងទាំងអស់នេះបានប្រគល់ជូនទៅលោក ហ៊ាន ធីម ជំទប់ទី២ឃុំ នឹងប្រជាកសិករ ឃុំព្រៃគ្រី ដែលបានប្រគល់ជូននៅនឹងទីតាំងបូមទឹក ចុះណុចប្រឡាយមេ ត្រង់ចំណុចពូនភ្នំ ស្ថិតក្នុងភូមិសាស្រ្ត ឃុំព្រៃគ្រី ស្រុកជលគិរី។
លោកវរសេនីយ៍ឯក អៀម វណ្ណី មេបញ្ជាការសឹករងស្រុកជលគីរី បានឱ្យអង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ថា ស្រូវវស្សារបស់ប្រជាពលរដ្ឋ នៅក្នុងស្រុកជលគីរីនេះ ដែលត្រូវការទឹកជួយសង្គ្រោះ មានចំនួនរហូតដល់៣៥០ហិកតា នេះបើតាមការចុះពិនិត្យជាក់ស្ដែងរបស់លោកជាមួយនឹងប្រជាកសិករ នៅក្នុងមូលដ្ឋានក្នុងចំណោម ស្រែដែលត្រូវការទឹកទាំងអស់ខាងលើនេះ មានស្រូវស្រែប្រហែលជា ១០០ហិកតា ត្រូវបានខូចខាតស្ទើរទាំងស្រុងផងដែរ។
លោកបានឲ្យដឹងទៀតថា ការខិតខំជួយសង្គ្រោះស្រូវវស្សារបស់ប្រជាពលរដ្ឋពេលនេះ គឺលោកបានប្រឹងប្រែងដោយសហការជាមួយក្រុមមន្ត្រីស្រុកជលគិរី និងសមាជិកគណបក្សប្រជាជន ស្រុកជលគិរី រួមទាំងកងកម្លាំងរបស់លោក គឺដើម្បីជួយសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋ ១សប្តា ហ៍កន្លងមកហើយ ដោយប្រើប្រាស់ម៉ាស៊ីនចំនួន២០០គ្រឿង ដោយបូមជាច្រើនដំណាក់ ទីមួយគឺបូមចេញពីបឹងបញ្ចូលមកទម្លាក់ចូលក្នុងប្រឡាយមេ។ បន្ទាប់មកបូមពីប្រឡាយមេចូលទៅក្នុងស្រែ អ្នកដែលមានស្រែឆ្ងាយៗក៏ត្រូវតែប្រើប្រាស់ម៉ាស៊ីន បូមចេញពីស្រែនោះទៅដាក់ស្រែរបស់ពួកគាត់ជាបន្តទៀតផងដែរ ដូច្នេះត្រូវការប្រេងជាច្រើនបន្ថែមទៀតទើបអាចទប់ទល់សភាពការណ៍ខាងលើនេះបាន។
ពាក់ព័ន្ធនឹងបញ្ហាស្រូវរបស់ប្រជាពលរដ្ឋត្រូវការសង្គ្រោះខនេះដែរ លោក ដោក ប៊ុនថុន បានឲ្យអង្គភាពព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះថា ស្រូវប្រជាពលរដ្ឋ ដែលត្រូវការជួយសង្គ្រោះនៅស្រុកជលគិរីទាំងអស់ មានចំនួនជាង៣០ហិកតាតែប៉ុណ្ណោះ ហើយស្រូវទាំងអស់នោះ ក៏មិនទាន់ក្រៀមស្វិតទាំងអស់នោះដែរ ដោយសារតែស្រូវខ្លះ ក៏អាចនៅមានទឹកខ្លះៗនៅក្នុងស្រែ វាគ្រាន់តែស្ទើរទឹក ហើយត្រូវការបន្ថែមទឹកបញ្ចូលទៅក្នុងស្រែបន្ថែមទៀត ដើម្បីកុំឲ្យក្រៀមស្វិតតែប៉ុណ្ណោះ ហើយស្រូវស្រែរបស់ប្រជាពលរដ្ឋ ដែលប៉ះពាល់ខាងលើនេះភាគច្រើនគឺជាស្រែនៅឆ្ងាយៗ ជាប់ព្រំប្រទល់ខេត្តកំពង់ចាម ដែលឆ្ងាយពីប្រភពទឹក តែទោះជាយ៉ាងណា លោកបានជួយប្រេងចំនួន ២០០ លីត្រហើយ លោកនឹងបន្តជួយប្រេងផ្តល់ជូនទៅប្រជាកសិករជាបន្ថែមទៀតនៅថ្ងៃស្អែក ឬក៏ខានស្អែកនេះផងដែរ៕