(ភ្នំពេញ)៖ យ៉ាងហោចណាស់ មាននិស្សិតកម្ពុជា៤៩៥នាក់ បានធ្វើដំណើរត្រឡប់ទៅវៀតណាមវិញហើយ ដើម្បីបន្តការសិក្សា បន្ទាប់ពីអាជ្ញាធរនៃប្រទេសនេះ បានអនុញ្ញាតឲ្យពួកគេចូល ទៅប្រទេសនេះវិញ។ នេះបើតាមលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ។
លោក កុយ គួង បានឲ្យដឹងថា «នៅថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០២០ មន្ត្រីកុងស៊ុល អនុព័ន្ធយោធារងអមស្ថានអគ្គកុងស៊ុល និងតំណាងនិស្សិតកម្ពុជា ប្រចាំទីក្រុងហូជីមិញ បានអមលោកឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសវៀតណាម ទៅទទួលនិស្សិត សិក្ខាកាមនគរបាល និងយោធា ចំនួន៤៩៥នាក់ នៅច្រកទ្វារអន្តរជាតិបាវិត-ម៉ុកបាយ ចូលប្រទេសវៀតណាមវិញ ដើម្បីបន្តការសិក្សា និងធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ នៅខេត្តតៃនិញ តាមការរៀបចំរបស់អាជ្ញាធរខេត្តតៃនិញ»។
លោកបន្តថា នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ មន្ត្រីស្ថានទូត និងអគ្គកុងស៊ុលកម្ពុជា ក៏បានជួបសំណេះសំណាលជាមួយនិស្សិត ដើម្បីលើកទឹកចិត្ត សម្រួលស្មារតី និងពង្រឹងសាមគ្គីភាព និងចេះជួយយកឧស្សាហ៍គ្នា ក្នុងគ្រាលំបាក ដោយបានផ្តល់ជូននូវម៉ាសកំណាត់ចំនួន ៨.០០០ម៉ាស, ជែលលាងដៃកម្ចាត់មេរោគចំនួន ៣០ដបធំ, សមាគមមិត្តភាពវៀតណាមកម្ពុជា ខេត្តបិញហ្សឿង តាមរយៈស្ថានអគ្គកុងស៊ុលផ្តល់ជូនទឹកសុទ្ធចំនួន ២០០កេស ដើម្បីចែកជូនពួកគាត់ផងដែរ៕