(មណ្ឌលគិរី)៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៣នាក់ បានស្លាប់ និងមនុស្ស១០នាក់ផ្សេងទៀត បានរងរបួសធ្ងន់-ស្រាល ក្នុងរកណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តសាំយ៉ុងដឹកអ្នកដំណើរ។

ការណីគ្រោះថ្នាក់ក្រឡាប់រថយន្តខាងនេះ បានកើតឡើងនៅវេលាម៉ោង១១៖៣៥នាទី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ ស្ថិតនៅចំណុចផ្លូវជាតិលេខ៧៨ ចន្លោះគីឡូម៉ែត្រ ៤៨៤+៤៨៥ ស្ថិតនៅភូមិរវ៉ាក់ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

លោក ខ្លូត សុឃា អធិការស្រុកកោះញែក បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយអ្នកបើកបរបណ្តាលឱ្យក្រឡាប់ខ្លួនឯង ក្នុងទិសដៅពីលិចទៅកើត។ រថយន្តដែលក្រឡាប់ខាងលើនេះ ជាប្រភេទរថន្តយសាំយ៉ុង ដឹកអ្នកដំណើរមកពីស្រុកមេមត់ ខេត្តកំពង់ចាម ឆ្ពោះទៅកាន់ខេត្តរតនគីរី លុះមកដល់ចំណុចខាងលើក៏ជួបគ្រោះថ្នាក់នេះតែម្តង។

លោក ខ្លូត សុឃា បានបន្តថា ចំពោះអ្នករងរបួសស្រាល និងធ្ងន់សមត្ថកិច្ចនគរបាលរួមជាមួយបងប្អូនបុគ្គលិក ក្រុមហ៊ុនខិតខំជួយដឹកជញ្ជូនអ្នករងរបួស ទៅកាន់មន្ទីរពេទ្យខេត្តរតនគិរី។ រីឯសពចំនួន៣នាក់ ដែលបានស្លាប់នៅនឹងកន្លែងត្រូវបានសមត្ថិច្ចប្រគល់សពទៅក្រុមគ្រួសារចាត់ធ្វើបុណ្យ តាមប្រពៃណី៕