(ភ្នំពេញ)៖ មន្រ្តីនគរបាលខណ្ឌចំការមន បានចេញមកបកស្រាយភ្លាមៗថា ករណីស្រ្តីអ្នកបម្រើលួចយកក្មេងស្រី អាយុ៩ខែចេញពីផ្ទះ នៅសង្កាត់បឹងត្របែក កាលពីព្រឹកមិញនោះ ជារឿងប្តីប្រពន្ធឈ្លោះគ្នា ហើយប្រពន្ធបានយកកូនរបស់ខ្លួន ចេញពីផ្ទះ។
លោក ណេង សំអឿន នាយនគរបាលប៉ុស្តិ៍បឹងត្របែក បានបញ្ជាក់ដល់អង្គភាព Fresh News ថា «មិនពិតទេជារឿងប្តី និងប្រពន្ធឈ្លោះគ្នា ហើយស្រាប់តែស្រ្តីជាប្រពន្ធ យកកូនចេញពីផ្ទះបាត់ទៅ មិនមែនស្រ្តី អ្នកបម្រើយកទៅនោះឡើយ»។
លោកមេប៉ុស្តិ៍បានស្តីបន្ទោសដល់ឪពុកមា ក្មេងស្រីនោះថា បានបំពុលបរិយាកាស ហើយស្រ្តីឈ្មោះ ជាតិ និមល អាយុ២៤ឆ្នាំនេះ គឺជាម្តាយរបស់ក្មេងតូចនោះ ដែលពួកគេរស់នៅផ្ទះលេខ៤ ផ្លូវលេខ៤៣២ សង្កាត់បឹងត្របែក ហើយបានយកកូនរបស់ខ្លួនចេញពីផ្ទះ នៅម៉ោងជាង៥ព្រឹកទាបភ្លឺ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦នេះ។
សូមបញ្ជាក់ថា នាព្រឹកមិញលោក នូ ដារ៉ា អាយុ៣៨ឆ្នាំ ត្រូវជាពូរបស់ក្មេងស្រីតូច បានបំពុល និងបំប៉ោងរឿងថា ក្មួយស្រីរបស់ខ្លួន ត្រូវបានស្រ្តីអ្នកបម្រើលួចយកទៅ ប្រទេសថៃបាត់ហើយ៕