(កណ្ដាល)៖ សប្បុរសជនទាំងខ្មែរ និងទាំងជនជាតិចិន បាននាំយកសម្ភារជាឧបភោគបរិភោគ កម្រាល សម្ភារមួយចំនួនផ្សេងទៀត និងថវិកាចំនួន ៣៥០០ដុល្លារផងដែរ ដើម្បីធ្វើការងារមនុស្សធម៌ ពោលដើម្បីឆ្លើយតបតាមការអំពាវនាវ របស់នាយកអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ (Hand of HopeCommunity) ហៅកាត់ថា HHC នៅក្រុងតាខ្មៅ។
ស្ថិតនៅក្នុងកម្មវិធីសំណេះសំណាលជាមួយក្មេងៗ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ លោក ចាន់ សារិន នាយកអង្គការ HHC កម្ពុជា បានថ្លែងអំណរគុណដល់លោកឧកញ៉ា ជា លាងហុង និងលោកស្រី តុប ស្រីនិច ព្រមទាំងលោកស្រី Wei you Jhen និងលោក Chen yu Chuan ម្ចាស់ហាងថែររក្សាសម្ជស្ស Airlee beauty Center សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដែលបាននាំយកមកនូវអំណោយមនុស្សធម៌ជាច្រើន ផ្តល់ជូនកុមារពិការខ្សោយសតិបញ្ញា និងកុមារដែលមានអូទីស្សឹម។
លោកចាត់ទុកថា នេះជាកាយវិការសប្បុរសធម៌ល្អឯក និងការទឹកចិត្តដ៏ល្អផូរផង់របស់កូនខ្មែរ ដែលបានកៀគរសប្បុរសជនបានជួយគាំទ្រ និងទ្រទ្រង់មកដល់អង្គការ។
ទន្ទឹមនឹងកម្មវិធីនេះដែរ លោកឧកញ៉ា ជា លាងហុង បានលើកឡើងថា អរគុណសន្តិភាព, អរគុណសម្ដេចតេជោ ដែលបានដឹកនាំប្រទេសឱ្យមានការរីកចម្រើន មានសុខសន្តិភាព និងស្គាល់តែការអភិវឌ្ឍ។ នេះជាកាយវិការមនុស្សធម៌របស់លោក ដើម្បីចូលរួមបន្តិចបន្តួចក្នុងសង្គម ហើយលោកថានឹងបន្តកៀរគរសប្បុរសជនទាំងខ្មែរ ទាំងបរទេស បន្តជួយដល់អង្គការថែមទៀត តាមលទ្ធភាពដែលខ្លួនអាចធ្វើបាន។
អង្គការ HHC បានផ្តើមនៅឆ្នាំ២០១២ ក្រោមការជួយជ្រោមជ្រែងពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាកបាទក្រហមកម្ពុជា អង្គការ UNICEF សមាជិកAWC ក្នុងគោលបំណងជួយរាជរដ្ឋាភិបាល លើកម្ពស់អប់រំ ផ្នែកពិការខ្សោយសតិបញ្ញា និងអូទីស្សឹម លើអប់រំបរិយាបន្ននៅកម្ពុជា។ អង្គការនេះ ក៏បានជួយក្រសួងកិច្ចនារី ក្នុងការយកចិត្តទុកដាក់លើវិស័យយែនឌ័រ អំពើហិង្សាក្នុងគ្រួសារ និងការរើសអើងលើស្រ្តីពិការជាដើម៕