(កែប)៖ លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា រាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង លើការលើកកម្ពស់សិទ្ធិរបស់នារីភេទ តាមរយៈការបង្កើនសមាសភាពស្ត្រីភេទក្នុងជួរថ្នាក់ដឹកនាំ តាំងពីថ្នាក់មូលដ្ឋានដល់ថ្នាក់ជាតិ តួយ៉ាងនៅក្រសួងសាធារណការ និងដឹកជញ្ជូន មានស្ត្រីដែលមានឋានៈជារដ្ឋលេខាធិការចំនួន៤រូប និងមានលោកស្រីអភិបាលអភិបាលខេត្តកោះកុងជាដើម។
លោកស្រី មឹន មាណវី បានលើកឡើងយ៉ាងដូចនេះនាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលលោកស្រី ជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពី អនុសញ្ញាស្ដីពីការលុប បំបាត់ ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ(CEDAW) និងអនុសាសន៍១១ចំណុចរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងច្បាប់ពាក់ព័ន្ធមួយចំនួន។
ពិធីនេះមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួង អង្គភាពពាក់ព័ន្ធ មន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប ខេត្តកោះកុង ខេត្តកំពត ខេត្តតាកែវ ខេត្តព្រៃវែង ខេត្តស្វាយរៀង និងខេត្តកណ្ដាល សរុបប្រមាណ១០០នាក់។
លោកស្រី មឹន មាណវី បានបន្តថា រាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានចក្ខុវិស័យវែងឆ្ងាយក្នុងការជំរុញឱ្យមានថ្នាក់ដឹកនាំ ជាស្ត្រីនៅតាមស្រុក/ខណ្ឌ-ខេត្ត ទូទាំងប្រទេសកម្ពុជា ពោលគឺយ៉ាងហោចណាស់ឱ្យមានអភិបាលរងស្រុក/ខណ្ឌ/ក្រុង និងអភិបាលរងខេត្ត ឬរាជធានីផងដែរ។
លោកស្រីរដ្ឋលេខាធិការ ក៏បានសម្ដែងនូវការកោតសរសើរចំពោះវាគ្មិន និងសិក្ខាកាមទាំងអស់ដែលបានអញ្ជើញមកពីទីជិតទីឆ្ងាយចូលរួមកម្មវិធីនេះ និងបានផ្ដាំផ្ញើឱ្យ សិក្ខាកាមទាំងអស់ចូលរួមយ៉ាងសកម្មក្នុងការសួរដេញដោល ផ្ដល់មតិយោបល់ និងចែករំលែកចំណេះដឹងពាក់ព័ន្ធឱ្យបានផុលផុស ដើម្បីឱ្យសិក្ខាសាលានេះប្រព្រឹត្តទៅ ដោយរលូន និងទទួលបានផ្លែផ្កាតាមការគ្រោងទុក និងសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់អនុវត្តឱ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជៀសឱ្យផុតពីមេរោគកូវីដ១៩។
លោកស្រី មឹន មាណវី បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់គោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងប្រកាន់យកគោលការណ៍ សុវត្ថិភាពជាចម្បង ដើម្បីជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ទាំងឡាយ និងត្រូវចងចាំនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន គឺ៖ ថ្ងៃនេះថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍៕