(ស្ទឹងត្រែង)៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានជួបសំណេះសំណាលជាមួយមន្ត្រី នៃលេខាធិការដ្ឋានរៀបចំ ការបោះឆ្នោតខេត្ត (លខប) ស្ទឹងត្រែង នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ដែលមានទីតាំងស្ថិតនៅភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ប្រធាន លខប ស្ទឹងត្រែង លោក ហង់ កុង បានរាយការណ៍សង្ខេបជូនគណៈប្រតិភូជាន់ខ្ពស់ គ.ជ.ប ថា ខេត្តស្ទឹងត្រែងមានប្រជាពលរដ្ឋសរុប ចំនួន ៣៧,១៣១គ្រួសារ ស្មើនឹង ១៥៨,៥៦៧នាក់ ក្នុងនោះអ្នកដែលមានអាយុ១៨ឆ្នាំឡើង សរុបមានចំនួន ៨៦,១៣៩នាក់ ហើយប្រជាពលរដ្ឋមិនទាន់បានចុះឈ្មោះ និងប៉ាន់ស្មាន សម្រាប់ការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ សរុបមានចំនួន ៣,៦៣០នាក់ ប៉ុន្តែតាមផែនការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ គឺមានចំនួន២,៧៦០នាក់។
បើតាមលោក ហង់ កុង ខេត្តស្ទឹងត្រែង មានការិយាល័យចម្បងសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ចំនួន៣៤ និងការិយាល័យចល័ត ចំនួន១៣៣ ការិយាល័យ ហើយក្នុងនោះមានការិយាល័យចំនួន៤០ ស្ថិតនៅទីតាំងលំបាកដោយត្រូវប្រើកាណូត និងគោយន្ត ដើម្បីដឹកសម្ភារទៅកាន់ទីតាំង ការិយាល័យចុះឈ្មោះ បោះឆ្នោតទាំងនោះដោយសារកត្តាភូមិសាស្រ្ត។
សម្រាប់អ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០១៩ លោក ហង់ កុង បានរាយការណ៍ថា មានចំនួន ៨២,៥៥៧ នាក់។
លោកបន្តទៀតថា មន្ត្រី លខប ទាំងអស់បានសហការ និងមានទំនាក់ទំនងល្អជាមួយអាជ្ញាធរខេត្ត ក្រុង ស្រុក ទាំង៦ឃុំ សង្កាត់ទាំង ៣៤ និងគ្រប់ភាគីពាក់ព័ន្ធ ទាំងអស់នៅក្នុងខេត្ត។ លខប ស្ទឹងត្រែង ក៏បានបើកវគ្គបណ្តុះបណ្តាល ស្តីពីការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន ជូនដល់ភាគីពាក់ព័ន្ធ ជាពិសេសអាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមក្នុងការអនុវត្តការងារ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ នាខែតុលា ខាងមុខនេះ។
ក្រោយពីបានស្តាប់របាយការណ៍របស់ លខប ខេត្ត លោកប្រធាន គ.ជ.ប បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លខប ស្ទឹងត្រែង ដែលបានយកចិត្តទុកដាក់ ក្នុងការថែរក្សាសម្ភារ បរិក្ខារ បានយ៉ាងល្អត្រឹមត្រូវ ជាពិសេសមានការសហការល្អជាមួយភាគីពាក់ព័ន្ធ។
ទន្ទឹមនឹងនេះ លោកប្រធាននឹងខិតខំដោះស្រាយនៅថ្នាក់ជាតិបន្តទៀត ចំពោះការលំបាកដែល លខប បានជួបប្រទះ ព្រោះថាការបោះឆ្នោត គឺធ្វើឡើងនៅតាមរាជធានី ខេត្ត ហើយ លខប ជាអ្នកធ្វើការងារនេះ ផ្ទាល់នៅនឹងកន្លែង ទើបត្រូវធ្វើការពង្រឹងបន្ថែមកោសិកាបោះឆ្នោតនៅថ្នាក់ក្រោម។
លោកប្រធាន គ.ជ.ប ក៏បានបង្ហាញឆន្ទៈ ក្នុងការបន្តការកែទម្រង់ការបោះឆ្នោត ទៅដល់មន្ត្រី លខប ទាំងចាស់ និងថ្មីថា ការបោះឆ្នោតនេះ គឺសំខាន់ណាស់ ក្នុងការចូលរួមថែរក្សាស្ថិរភាព និងសុខសន្តិភាពរបស់ប្រទេស ដូចយើងបានឆ្លងកាត់រួចមកហើយនាពេលកន្លងមក វិបត្តិដែលកើតឡើងក្រោយការបោះឆ្នោត មិនថានៅប្រទេសកម្ពុជា ឬនៅប្រទេសដទៃ។
លោកប្រធាន បានសង្កត់ធ្ងន់ទៀតថា រឿងបោះឆ្នោតនេះ គឺរសើបណាស់ ចុះបើយើងរៀបចំការបោះឆ្នោតបានល្អ តើគេមកតវ៉ារឿងអ្វី តវ៉ាម៉េចនឹងកើត។
លោកប្រធាន បានគូសបញ្ជាក់ថា «ធ្វើអ្វី ក៏ដោយត្រូវអនុវត្តទៅតាមច្បាប់។ មន្ត្រីបោះឆ្នោតត្រូវរៀនសូត្រ និងស្គាល់ក្រមសីលធម៌ សម្រាប់អ្នកបោះឆ្នោត ដែលជាត្រីវិស័យនៃការងាររបស់យើង»។
ទស្សនវិស័យរបស់ គ.ជ.ប គឺមិនត្រឹមតែនៅឆ្នាំ២០១៦ គ.ជ.ប បានប្តូរពីការចុះឈ្មោះដោយដៃ មកចុះឈ្មោះតាមប្រព័ន្ធកុំព្យូទ័រប៉ុណ្ណឹងទេ ដើម្បីឲ្យការបោះឆ្នោត កាន់តែទទួលយកបានទំនុកចិត្តខ្លាំងពីមហាជន គ.ជ.ប គ្រោងធ្វើតាមប្រព័ន្ធអេឡិចត្រូនិកនូវ៖
* ការចុះឈ្មោះគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត
* ការប្រកាសលទ្ធផលនៃការបោះឆ្នោត ដែលរួមមាន៖ ការទទួល និងការបញ្ជូនលទ្ធផលបោះឆ្នោត, ការប្រកាសលទ្ធផលបឋមនៃការបោះឆ្នោត, ការបែងចែកអាសនៈ, ការស្រង់បេក្ខជនជាប់ឆ្នោត។
បន្ថែមពីលើនេះទៅទៀត លោកប្រធាន គ.ជ.ប បានណែនាំឲ្យមន្រ្តីបោះឆ្នោតទាំងអស់ត្រូវតែ គោរពឲ្យខាងតែបាននូវក្រមសីលធម៌ សម្រាប់មន្ត្រីបោះឆ្នោត និងគោរពច្បាប់ឲ្យបានត្រឹមត្រូវ ដើម្បីលុបបំបាត់ការតវ៉ា និងធានាថា គ្មានវិបត្តិនៅក្រោយការបោះឆ្នោត។
លោកបន្ដថា ចំពោះមន្រ្តីថ្មី ដែលជាកិច្ចសន្យារយៈពេលខ្លី ត្រូវតែខិតខំប្រឹងប្រែងស្វែងយល់ពីច្បាប់ ទាក់ទងនឹងការបោះឆ្នោតឲ្យបានច្បាស់លាស់ ព្រោះបច្ចេកទេសនៃការបោះឆ្នោត គ្មានបង្រៀននៅសាលាណាទេ៕