(ភ្នំពេញ)៖ បន្ទាប់ពីប្រើប្រាស់ពេលវេលាសិក្សាជាយូរឆ្នាំមកហើយនោះ ដំណក់រ៉ែមាសលើកដំបូង លើទឹកដីខេត្តមណ្ឌលគិរី នឹងលេចចេញជារូបរាង នៅអំឡុងចុងឆ្នាំ២០២០ ឬឆ្នាំ២០២១ខាងមុខនេះ ដោយក្រុមហ៊ុនចំនួនពីររបស់ប្រទេសអូស្ដ្រាលី និងចិន ដែលទទួលបានអាជ្ញាបណ្ណស្របច្បាប់ពីរាជរដ្ឋាភិបាល ជាអ្នកធ្វើអាជីវកម្ម។
អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ក្រុមហ៊ុនបរទេសទាំងពីរនេះ បានបញ្ចប់ការសិក្សាហើយ នឹងអះអាងថា ខ្លួនអាចធ្វើអាជីវកម្មរ៉ែមាស នៅខេត្ដមណ្ឌលគិរី អំឡុងឆ្នាំ២០២០ ឬ២០២១ខាងមុខនេះ ពោលនៅពេលក្រុមហ៊ុនរៀបចំខ្សែសង្វាក់ផលិតកម្មរួចរាល់។
លោក ស្វាយ សំអ៊ាង បានបញ្ជាក់ទៀតថា ក្រុមហ៊ុនទាំងពីរនេះ រួមមាន ក្រុមហ៊ុនរឺនីសង់ របស់ប្រទេសអូស្ដ្រាលី និងក្រុមហ៊ុនរ៉ុងឆេង របស់ប្រទេសចិន។
អភិបាលខេត្តមណ្ឌលគិរី ថ្លែងយ៉ាងដូច្នេះថា «មានពីរក្រុមហ៊ុនដែលបានសិក្សាឃើញបរិមាណរ៉ែមាស ដែលអាចក្រុមហ៊ុននឹងធ្វើអាជីវកម្មបាន គឺក្រុមហ៊ុនរឺនីសង់ របស់ប្រទេសអូស្ដ្រាលី និងក្រុមហ៊ុនរ៉ុងឆេង របស់ប្រទេសចិន។ បើតាមរបាយការណ៍ចុងក្រោយនេះ គាត់ (ក្រុមហ៊ុនរុករករ៉ែមាស) នឹងធ្វើអាជីវកម្មនៅឆ្នាំ២០២០នេះ ឬឆ្នាំ២០២១ នៅពេលគាត់រៀបចំនូវខ្សែសង្វាក់ផលិតកម្មរួចរាល់»។
នៅពេលក្រុមហ៊ុននេះធ្វើអាជីវកម្មរ៉ែ នឹងនាំមកនូវចំណូលសេដ្ឋកិច្ចជូនជាតិ រួមទាំងការចូលរួមចំណែកអភិវឌ្ឍន៍ខេត្តមណ្ឌលគិរី កាន់តែប្រសើរបន្ថែមទៀតផងដែរ ខណៈបច្ចុប្បន្នក្រុមហ៊ុនទាំងពីរនេះ ក៏បានជួយដោះស្រាយបញ្ហាខ្វះខាតនៅតាមមូលដ្ឋានមួយចំនួនរួចមកហើយ ដូចជាអណ្ដូងទឹក មន្ទីរពេទ្យ ផ្លូវ ស្ពានជាដើម។ នេះជាអ្វីដែលលោកអភិបាលខេត្តបានគូសបញ្ជាក់។
បើតាមលោក ស្វាយ សំអ៊ាង នៅខេត្តមណ្ឌលគិរី មានសក្ដានុពល រ៉ែ មានរ៉ែច្រើនប្រភេទដូចជា រ៉ែមាស សំណរ បុកស៊ីត។ល។ ហើយរហូតមកដល់បច្ចុប្បន្ននេះ មានក្រុមហ៊ុនសិក្សាជំរករ៉ែចំនួន ១០ក្រុមហ៊ុន ស្មើនឹង១១អាជ្ញាប័ណ្ណ។
លោកបន្ថែមថា ក្រៅពីវិស័យរ៉ែនោះ វិស័យថាមពល ក៏មានសក្ដានុពលដូចគ្នាដែរ ហើយទីតាំងដែលអាចសាងសង់ទំនប់វារីអគ្គិសនីបាន ក្នុងនោះរួមមាន ទន្លេស្រែពក មាន អានុភាព ២៣៥មេហ្គាវ៉ាត់ អាងអូរផ្លាយមានអានុភាព ២០មេហ្គាវ៉ាត់, ព្រែកពោធិ៍ មានអានុភាព ១៧មេហ្គាវ៉ាត់ និងព្រែកដាក់ឌឿ មានអានុភាព២០០-៥០០មេហ្គាវ៉ាត់។ ទីតាំងទាំងអស់នេះ ក្រសួងបានសិក្សារួចរាល់ហើយ គ្រាន់តែមិនទាន់មានដៃគូវិនិយោគតែប៉ុណ្ណោះ។
បច្ចុប្បន្ននេះ ខេត្តមានស្ថានីយ៍វារីអគ្គិសនី ខ្នាតតូចចំនួន០២កន្លែង គឺស្ថានីយ៍អូររមីស និងស្ថានីយ៍អូរម្លែង សម្រាប់ផ្តត់ផ្គង់ថាមពលដល់ប្រជាពលរដ្ឋ ក្នុងក្រុងសែនមនោរម្យ មានថាមពលផ្គត់ផ្គង់ចំនួន ៣៧០មេហ្គាវ៉ាត់ និងបានតភ្ជាប់បណ្តាញពីរខ្សែពីប្រទេសវៀតណាម៕