(ភ្នំពេញ)៖ អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង បង្ហាញអំពីគម្រោង នៃការសាងសង់ព្រលានយន្ដហោះថ្មី នៅខេត្តភូមិភាគឦសានមួយនេះ ខណៈខេត្តបានត្រៀមដីរបស់រដ្ឋរួចរាល់ហើយ ប្រមាណ៦០០ហិចតា នៅពេលរាជរដ្ឋាភិបាលត្រូវការ ក្នុងការសងសាង់។ ទីតាំងគម្រោងព្រលានយន្ដហោះថ្មីនេះ គឺមានចម្ងាយប្រហែល២០គីឡូម៉ែត្រ ពីទីក្រុងសែនមនោរម្យ។
ក្នុងសន្និសីទសារព័ត៌មានរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ លោក ស្វាយ សំអ៊ាង បានបញ្ជាក់ថា គម្រោងព្រលានយន្ដហោះថ្មីនេះ មិនអាចសាងសង់នៅលើទីតាំងចាស់ ដែលមានដីប្រមាណ១៩ហិចតាបានឡើយ ពោលនៅកន្លែងចាស់នាពេលបច្ចុប្បន្ន ហាក់មានសភាពចង្អៀត ព្រោះប្រជាពលរដ្ឋរស់នៅជុំវិញច្រើន។
បើតាមលោកអភិបាលខេត្ត នៅពេលរាជរដ្ឋាភិបាលសាងសង់ព្រលានយន្ដហោះថ្មីនោះ ព្រលានយន្ដហោះចាស់ មិនត្រូវបានបោះបង់ចោល ឬលក់ទៅឲ្យឯកជនណាមួយនោះទេ ពោលរដ្ឋបាលខេត្ត សហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងរៀបចំទីតាំងនេះ ទៅជាសួនច្បារ ឬកន្លែងសម្រាប់ប្រជាពលរដ្ឋលំហែកម្សាន្ដ។
លោក ស្វាយ សំអ៊ាង បានថ្លែងយ៉ាងដូច្នេះថា «យើងទុកទីតាំងព្រលានចាស់នោះធ្វើជាសួនច្បារ ហើយយើងរកទីតាំងថ្មី ដែលទីតាំងថ្មីនេះយើងមានផ្ទៃដីប្រមាណជា៦០០ហិចតា ដែលឃ្លាតពីក្រុងសែនមនោរម្យ ប្រមាណជាង២០គីឡូម៉ែត្រ។ ទីតាំងថ្មីនេះ អាចពង្រីកព្រលានយន្ដហោះខ្នាតធំនៅស្រុក ឬខាតអន្ដរជាតិ ដែលនេះអាស្រ័យលើការសិក្សារបស់អាកាសចរស៉ីវិល និងក្រសួងពាក់ព័ន្ធ»។
អភិបាលខេត្តមណ្ឌលគីរី បានអះអាងថា បច្ចុប្បន្នអាជ្ញាធរខេត្ត បាននិងកំពុងរៀបចំការពារដីដែលត្រៀមទុកនេះ ពីការរំលោភទន្ទ្រានពីប្រជាពលរដ្ឋ ហើយនៅពេលណារាជរដ្ឋាភិបាលត្រូវការ គឺរដ្ឋបាលខេត្តមានទីតាំងសមស្របទៅតាមតម្រូវការ សម្រាប់វិនិយោគព្រលានយន្ដហោះថ្មីនេះ។
ដោយឡែក ពាក់ព័ន្ធការរក្សាទុកព្រលានយន្ដហោះចាស់ រដ្ឋបាលខេត្តនឹងរៀបចំទៅជាសួនច្បារ ប៉ុន្ដែសួនច្បារនេះទៀតសោត នឹងត្រូវធ្វើឡើងជាដំណាក់កាល មិនមែនធ្វើម្ដងសម្រេចនោះទេ ខណៈបច្ចុប្បន្នកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធជាបណ្ដើៗហើយ ដោយមានដាំដើមឈើជាដើម។
គួរជម្រាបថា យោងតាមអ្វីដែលរដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល ធ្លាប់បង្ហើបប្រាប់នោះ ព្រលានយន្ដហោះថ្មី នៅខេត្តមណ្ឌលគិរី អាចនឹងត្រូវសាងសង់លើផ្ទៃដី៣០០ហិកតា ហើយតាមការប៉ាន់ស្ថានអាចនឹងវិនិយោគប្រមាណជាង៦០លានដុល្លារ។ គម្រោងនេះ បានសិក្សារួចរាល់ និងបានដាក់ជូនក្រុមប្រឹក្សាអភិវឌ្ឍន៍ គោលនយោបាយសេដ្ឋកិច្ច។
សូមជម្រាបថា សព្វថ្ងៃនេះកម្ពុជា មានអាកាសយានដ្ឋានអន្តរជាតិចំនួន៣ កំពុងតែដំណើរការ គឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប អាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ ដែលគ្រប់គ្រង និងធ្វើទំនើបកម្មអាកាសយានដ្ឋាន ដោយក្រុមហ៊ុន SCA របស់បារាំង៕