(ភ្នំពេញ)៖ អនុវត្តតាមប្រសាសន៍ណែនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកាលពីថ្ងៃទី១៤ ខែកក្កដា នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប នៅខេត្តព្រៃវែង គឺសម្តេចបានជំរុញឲ្យប្រជាកសិករបន្តខិតខំចិញ្ចឹមសត្វបន្ថែមទៀត (ជ្រូក មាន់ ទា និងត្រី) ដើម្បីផ្គត់ផ្គង់ឲ្យតម្រូវការគ្រួសារ ទីផ្សារក្នុងស្រុក និងធ្វើការនាំចេញ និងជាពិសេសរឹតត្បិតការនាំចូលសត្វ។
យោងលើប្រសាសន៍ណែនាំនេះ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានកិច្ចប្រជុំទ្វេភាគីរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងពាណិជ្ជកម្ម ដែលដឹកនាំដោយលោករដ្ឋមន្រ្តី វេង សាខុន និងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដើម្បីពិភាក្សាអំពីបច្ចុប្បន្នភាព នៃការធ្វើពាណិជ្ជកម្មសត្វជ្រូកសាច់ (ការនាំចេញ នាំចូល និងនាំឆ្លងកាត់) ការរឹតត្បិត ឬកាត់ បន្ថយបរិមាណនាំចូល និងវិធានការទប់ស្កាត់ឲ្យខាងតែបាន ការនាំចូលសត្វខុសច្បាប់ ក្នុងបំណងចំបង គឺដើម្បីលើកកម្ពស់ផលិតភាព ផលិតកម្មចិញ្ចឹមសត្វក្នុងស្រុក ធានាបរិមាណផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក ប្រកបដោយគុណភាព និងសុវត្ថិភាព និងចូលរួមលើកកម្ពស់កម្រិតជីវភាពរបស់អ្នកចិញ្ចឹម ពង្រីកសក្តានុពលវិនិយោគ លើការបង្កើតកសិដ្ឋានចិញ្ចឹមសត្វ រោងចក្រផលិតចំណីសត្វ ការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក និងបង្កើតការងារនៅមូលដ្ឋានផ្ទាល់។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ បានថ្លែងបញ្ជាក់ថា សម្តេចបានបដិសេធសំណើរបស់ក្រុមហ៊ុនមួយ ដែលចង់នាំចូលជ្រូក១លានក្បាលមកកម្ពុជា ដែលការបដិសេធនេះ ត្រូវបានសម្តេចតេជោអះអាងថា ដើម្បីការពារកសិករចិញ្ចឹមក្នុងស្រុក។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ប្រសិនបើសម្តេចយល់ព្រមឲ្យមានការនាំចូលជ្រូក១លានក្បាលនេះ ស្មើនឹងសម្តេចសម្លាប់កសិកររបស់ខ្លួន ដែលកំពុងតែខិតខំចិញ្ចឹមជ្រូកយ៉ាងផុលផុស។
សូមជម្រាបថា ក្នុងមួយថ្ងៃៗកម្ពុជា មានតម្រូវការសត្វជ្រូកប្រមាណ១ម៉ឺនក្បាល ក្នុងនោះការចិញ្ចឹមក្នុងស្រុក គឺមានលទ្ធផលផ្គត់ផ្គង់រហូតដល់៥៨០០ក្បាលក្នុង១ថ្ងៃ ដោយអនុញ្ញាតឲ្យមានការនាំចូលពី៦ពាន់-៧ពាន់ក្បាល៕