(កណ្ដាល)៖ ទ្រព្យសម្បត្ដិរដ្ឋទាំងអស់ ពិសេស ដីរដ្ឋ បឹងបួរទាំងឡាយ ដែលមិនទាន់បានចុះក្នុងសៀវភៅបញ្ជីសារពើភណ្ឌ ត្រូវប្រញាប់យកមកចុះបញ្ជី ឲ្យស្របតាមនីតិវិធីហិរញ្ញវត្ថុ ដើម្បីចៀសវាងពីការរំលោភកាន់កាប់ខុសច្បាប់ ឬបាត់បង់ជាយថាហេតុ។ ដូច្នេះអង្គភាពទាំងអស់ ត្រូវត្រៀមលក្ខណៈ និងត្រូវរៀបចំសៀវភៅបញ្ជីសារពើភណ្ឌឆ្នាំគោល (ឆ្នាំ២០១៩) របស់ខ្លួន ឲ្យបានឆាប់រហ័សដើម្បីដាក់ឆ្លងគណៈកម្មការធ្វើការត្រួតពិនិត្យ។
នេះជាការជំរុញរបស់លោក នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល ដែលលោកបានស្នើឲ្យមន្ទីរ អង្គភាព រដ្ឋបាលខេត្ត-ក្រុង-ស្រុក ឃុំសង្កាត់ ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះទ្រព្យសម្បត្តិរដ្ឋ នៅក្នុងកិច្ចប្រជុំ ត្រួតពិនិត្យការរៀបចំ បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល (បញ្ជីឆ្នាំ២០១៩) នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ដោយមានការចូលរួមពីបណ្តាមន្ទីរពាក់ព័ន្ធ មន្ត្រីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអាជ្ញាធរក្រុង ស្រុក ភូមិឃុំសង្កាត់ ជាច្រើនរូប។
លោកបានបន្តថា គ្រប់មន្ទីរអង្គភាព និងអាជ្ញាធរដែលបានកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ត្រូវខិតខំការពារ គ្រប់គ្រង និងថែរក្សាទ្រព្យសម្បត្តិរដ្ឋទាំងនោះ ប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមរយៈការកត់ត្រាទ្រព្យសម្បត្តិរដ្ឋឲ្យបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ ស្របតាមតាមបែបបទ នៃបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ តាមនិតិវិធី និងការណែនាំ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើឲ្យការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋប្រកបដោយសក្កិសិទ្ធភាព និងគណនេយ្យភាព។
ក្នុងឱកាសនេះដែរ លោកស្រី ខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកណ្ដាល បានបញ្ជាក់ថា ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ គឺត្រូវបានអនុវត្តតាម២ទម្រង់ គឺទម្រង់ទី១ គឺជាសៀវភៅបញ្ជីសារពើភណ្ឌកត់ត្រាលម្អិត នូវទ្រព្យសម្បត្តិរដ្ឋទាំងអស់ ដែលត្រូវធ្វើក្នុងរយៈពេល៥ឆ្នាំម្ដង និងទម្រង់ទី២ គឺជាតារាកើតឡើង និងថយចុះ នូវទ្រព្យសម្បត្តិរដ្ឋ ដែលធ្វើឡើងក្នុង១ឆ្នាំម្តងៗ ក្នុងចន្លោះរយៈពេល៥ឆ្នាំនៃឆ្នាំគោល។
លោកស្រី ក៏បានជម្រាបផងដែរថា ដីរបស់មន្ទីរ អង្គភាព សាលាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តកណ្ដាល សរុបមានចំនួន១,១៦២កន្លែង ក្នុងនោះដី ដែលមានប្លង់កម្មសិទ្ធិមានចំនួន៦១៨កន្លែង និងដីដែលមិនទាន់មានប្លង់កម្មសិទ្ធិ មានចំនួន៥៤៤កន្លែង។
លោកស្រី ខុន លក្ខិណា ក៏បានសំណូមពរដល់បណ្ដាអង្គភាពទាំងអស់សូមរៀបចំសៀវភៅបញ្ជីសារពើភណ្ឌប្រចាំឆ្នាំ ២០១៩ ឲ្យបានឆាប់រហ័ស ដើម្បីដាក់ឆ្លងគណៈកម្មការពិនិត្យ ឲ្យបានរួចរាល់តាមការកំណត់៕