(កំពង់ចាម)៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានណែនាំឲ្យអង្គភាពមន្ទីរព័ត៌មាន ខេត្តកំពង់ចាម ខិតខំផលិតព័ត៌មានឲ្យបានច្រើន ឆាប់រហ័ស និងអាចទុកចិត្តបាន ប្រៀបបានទៅនឹងចុងភៅចំណាន ដែលប្រសព្វនៅក្នុងការធ្វើម្ហូបអាហារ ដើម្បីបម្រើតាមសេចក្តីត្រូវការ របស់អតិថិជនដូច្នេះដែរ។
លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានណែនាំបែបនេះ ក្នុងពិធីប្រកាសអ្នកស្រី សម ផល្លា ចូលកាន់តំណែងជាប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម ជំនួសលោក ជា ក្រូច ចូលនិវត្តន៍ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ចាម។
លោករដ្ឋមន្ត្រី បានថ្លែងទៀតថា ដើម្បីផលិតព័ត៌មានបានឆាប់រហ័ស និងអាចទុកចិត្តបាន អង្គភាពមន្ទីរព័ត៌មាន ត្រូវមានកិច្ចសហការ តាមបណ្ដាមន្ទីរអង្គភាពជុំវិញខេត្ត ជាពិសេសថ្នាក់ដឹកនាំខេត្តតែម្ដង ដើម្បីប្រមូលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ផលិតផ្សព្វផ្សាយជាព័ត៌មាន។
អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានផ្ដាំផ្ញើដល់ប្រធានមន្ទីរព័ត៌មានថ្មី សូមជំរុញឲ្យមន្ត្រីបានចូលរួមវគ្គបណ្ដុះបណ្ដាលឲ្យបានច្រើន ដើម្បីឈានទៅ អភិវឌ្ឍន៍ខ្លួន នៅក្នុងការចុះយកព័ត៌មានតាមសម័យបច្ចេក វិទ្យាទំនើបនេះ និងផលិតព័ត៌មានប្រកបដោយគុណភាព ធ្វើយ៉ាងណាឲ្យប្រទេសរបស់យើង ក៏ដូចជាក្នុងខេត្តកំពង់ចាម មានភាពទាក់ទាញផងដែរ។
លោកអភិបាលខេត្ត ក៏បានផ្ដាំផ្ញើឲ្យលោកស្រី ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម ដែលទើបឡើងកាន់តំណែង សូមឲ្យថែរក្សាសាមគ្គីភាពផ្ទៃក្នុង ដឹកនាំឲ្យមានតម្លាភាព និងគណនេយ្យភាព ជាពិសេសគឺការឯកភាពផ្ទៃក្នុងឲ្យបានល្អ៕