(ព្រះវិហារ)៖ អណ្តូងទឹកស្អាតប្រភេទអាហ្រ្វីដេសចំនួន១៧ ដែលជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានសម្ពោធដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ ក្រោមវត្តមានលោកស្រី ចឹក ហេង អភិបាលរងខេត្តព្រះវិហារ និងជាអនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទ ក្រហមកម្ពុជាខេត្ត និងក្រុមការងារ រួមជាមួយអាជ្ញាធរមូលដ្ឋានជាច្រើន។
ក្នុងឱកាសនោះដែរ លោកស្រី ចឹក ហេង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចជាកាលសម្តេចតែងយកចិត្តទុកដាក់គិតគូរជានិច្ច ពីសុខទុក្ខនិងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសជនក្រីក្រ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ ក្មេងកំព្រា អ្នកផ្ទុកមេរោគអេដស៍ និងជនងាយរងគ្រោះ ដោយគ្រោះធម្មជាតិផ្សេងៗ។
លោកស្រី ចឹក ហេង ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវថែទាំសុខភាពឲ្យបានល្អ ត្រូវពិសាទឹកដាំពុះ និងត្រូវលាងដៃឲ្យបានស្អាតដោយសាប៊ូ និងទឹកអាល់កុល ដើម្បីបង្ការជំងឺផ្សេងៗ ពិសេសជំងឺកូវីដ-១៩។
លោកស្រីបានលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋចូលរួមប្រើប្រាស់ទឹកដោយសន្សំសំចៃ ទៅតាមសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាល ពីព្រោះបញ្ហាបម្រែបម្រួល អាកាសធាតុ អាចធ្វើឲ្យមានបញ្ហាកើតឡើង ដូចជាគ្រោះរាំងស្ងួត ភ្លើងឆេះព្រៃ ទឹកជំនន់ជាដើម ពិសេសសូមចូលរួមថែរក្សា និងប្រើប្រាស់អណ្តូងទឹកនេះឲ្យបានល្អ និងត្រឹមត្រូវ ប្រយោជន៍ដើម្បីឲ្យអណ្តូងទឹកទាំងនេះ អាចប្រើប្រាស់បានយូរអង្វែង។
សូមបញ្ជាក់ថា អណ្តូងទឹកស្អាតប្រភេទ អាហ្រ្វីដេស ចំនួន១៧ ត្រូវបានផ្តល់ជូនប្រជាពលរដ្ឋខ្វះខាតទឹក ប្រើប្រាស់ចំនួន២៧៥គ្រួសារ (ស្មើនឹងមនុស្ស១,០៥៨នាក់) រស់នៅភូមិចំនួន១៤ ក្នុងឃុំចំនួន៤ រួមមានឃុំរុងរឿងចំនួន ៥អណ្តូង ឃុំរំដោះចំនួន៤អណ្តូង ឃុំរមទមចំនួន៣អណ្តូង ឃុំរមណីយ៍ចំនួន៥អណ្តូង នៃស្រុករវៀង ខេត្តព្រះវិហារ។
ក្នុងឱកាសនោះដែរ កាកបាទក្រហមកម្ពុជា បានផ្តល់អំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ចំនួន៣៦គ្រួសារ មកពី៤ភូមិ ក្នុងឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ ក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូ មី១កេស ត្រីខ១យួរ ទឹកស៊ីអីវ១យួរផងដែរ៕