(ភ្នំពេញ)៖ អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ បានបង្ហាញអំពីវឌ្ឍនភាព និងការរីកចម្រើនរបស់ រដ្ឋបាលខេត្ត ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ដ តាមរយៈសន្និសីទសារព័ត៌មាន ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រោមប្រធានបទ «វឌ្ឍនភាព និងទិសដៅបន្ដរបស់រដ្ឋបាលខេត្តមណ្ឌលគិរី»។
*សក្តានុពលលើវិស័យទេសចរណ៍៖ វិស័យទេសចរណ៍ គឺជាវិស័យមួយយ៉ាងសំខាន់ក្នុងការរួមចំណែកកសាង និងអភិវឌ្ឍន៍ខេត្ត ព្រោះខេត្តមណ្ឌលគិរី គឺជាខេត្ត ដែលមានសក្តានុពលខ្លាំងក្នុងវិស័យអេកូទេសចរណ៍ ដូចនេះក្នុងនាមអាជ្ញាធរខេត្ត ក៏បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យនេះ តាមរយៈការបណ្តុះបណ្តាល ធនធានមនុស្សលើវិស័យទេសចរណ៍ ការកែលម្អរតំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងតំបន់រមណីយដ្ឋានទេសចរណ៍វប្បធម៌ ការថែរក្សា និងអភិរក្សតំបន់រមណីយដ្ឋានទេចណ៍ ការជួយសម្របសម្រួលដល់ក្រុមហ៊ុនវិនិយោគលើវិស័យទេសចរណ៍ និងការចុះបញ្ជីអាជីវកម្មទេសចរណ៍ ជាដើម ដែលបានធ្វើឲ្យកំណើន ភ្ញៀវទេចរមកទស្សនាខេត្តមណ្ឌលគិរី មានការកើនឡើងគួរឲ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ។
នៅទូទាំងខេត្តមណ្ឌលគិរី មានធនធាន និងតំបន់ទាក់ទាញទេសចរណ៍ ដែលភ្ញៀវទេសចរ អាចទៅដល់មានចំនួន៣៦កន្លែង ក្នុងនោះ មានតំបន់រមណីយដ្ឋានទឹកធ្លាក់ តំបន់រមណីយដ្ឋានវប្បធម៌ជនជាតិដើមភាគតិច តំបន់ភ្នំ តំបន់ទេសភាព ភូមិជនជាតិ សមុទ្រឈើ សហគមន៍ទេសចរណ៍ ដែនជម្រកសត្វព្រៃ និងមានអាកាសធាតុត្រជាក់។ល។
ដោយយោងទៅតាមសក្តានុពលលើវិស័យទេសចរណ៍ធ្វើឲ្យភ្ញៀវទេសចរមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដោយគិតចាប់ពីឆ្នាំ២០១៥ រហូតដល់ឆ្នាំ២០១៩ ក្នុងនោះ៖ ឆ្នាំ២០១៥ កើនឡើង១៨,៨៧%, ឆ្នាំ២០១៦ កើនឡើង១០,០៨%, ឆ្នាំ២០១៧ កើនឡើង២១,១៣%, ឆ្នាំ២០១៨ កើនឡើង១៧,៩៣% និងឆ្នាំ២០១៩ កើនឡើង២០,៣៩%។
ក្រៅពីនេះ នៅមានគម្រោងវិនិយោគអភិវឌ្ឍទេសចរណ៍ ក្នុងតំបន់អភិរក្សធនធានធម្មជាតិ សរុបចំនួន៤០គម្រោងទៀត ក្នុងនោះមាន ដែនជម្រកសត្វព្រៃកែវសីមា ១០គម្រោង, ដែនជម្រកសត្វព្រៃភ្នំណាមលៀរ ០២គម្រោង និងរបៀងអភិរក្សជីវៈចម្រុះ ប្រព័ន្ធតំបន់ការពារធនធានធម្មជាតិ ២៨គម្រោង។
*សក្តានុពលលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម៖ ស្ថានភាពដីមានជីជាតិអំណោយផលដល់ការដាំដុះដំណាំកសិកម្ម ដំណាំកសិ-ឧស្សាហ កម្ម និងដំណាំផ្សេងៗជាច្រើនទៀត។ ផ្ទៃដីដាំដុះដំណាំស្រូវអនុវត្តបានសរុប ២២,៩៨៨ហិកតា ទិន្នផលជាមធ្យម ២.៩៨តោន/ហិកតា បរិមាណផលសរុប ៦៨,៥៦៥តោន តម្រូវការស្បៀង១២,៧៨៣តោន តុល្យភាពស្បៀង (សល់ស្បៀងសម្រាប់លក់ចេញ) ២៥,៣៩៥តោន។
ដំណាំរួមផ្សំអនុវត្តបានសរុប ៥៦០ហិកតា (ពោត និងបន្លែគ្រប់មុខ), ដំណាំឧស្សាហកម្មអនុវត្តបានសរុប ២០,៤៦៥ហិកតា (សណ្តែកបាយ សណ្តែកដី សណ្តែកអង្គុយ ដំឡូងមី), ដំណាំអចិន្ត្រៃយ៍អនុវត្តបានសរុប ៩,៦៤៦ហិកតា (ស្វាយចន្ទី កាហ្វេ ដូង ចេក ស្វាយ ប័រ ទុរេន សាវម៉ាវ ក្រូច ទៀប)។
បច្ចុប្បន្ននៅទូទាំងខេត្តមានក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចចំនួន ២៥ក្រុមហ៊ុន លើផ្ទៃដី សរុប១៤៧,០១៣.០៥ហិកតា។ ដំណាំកៅស៊ូក្រុមហ៊ុនអនុវត្តបាន ចំនួន៣១,២៣១.៩៨ហិកតា ផ្ទៃដីធ្វើអាជីវកម្មសរុបចំនួន ៥,២៨៦.៨២ហិកតា បរិមាណផលសរុប ៤,៨៦២.២៨តោន (ជ័រស្ងួត) ដំណាំកៅស៊ូគ្រួសារអនុវត្តបាន សរុបចំនួន១១,៣០៥.៤៣ហិកតា ស្មើនឹង១,៥៨៩គ្រួសារ និងផ្ទៃដីធ្វើអាជីវកម្មសរុបចំនួន ៣,៣៩២.១៣ហិកតា បរិមាណផលសរុប ៣,៧៦៤,៦តោន (ជ័រស្ងួត) ស្មើនឹង២០៧គ្រួសារ។
*សក្តានុពលលើវិស័យគមនាគមន៍៖ ផ្លូវជាតិលេខ៧៦ តភ្ជាប់ពីស្រុកស្នួល ខេត្តក្រចេះ មកដល់ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មានប្រវែង១២៧គីឡូម៉ែត្រ កំណាត់ផ្លូវជាតិលេខ៧៦ ពីក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ទៅតាអង្គ ស្រុកលំផាត់ ខេត្តរតនគិរី មានប្រវែង១៧២គីឡូម៉ែត្រ, ប្រវែងផ្លូវក្នុងខេត្តសរុប ៨៥១.៣៧គីឡូម៉ែត្រ ក្នុងនោះផ្លូវក្នុងខេត្តមានចំនួន០៨ខ្សែ ប្រវែង៥៣០.៥គីឡូម៉ែត្រ, ផ្លូវក្នុងក្រុងសែនមនោរម្យមានចំនួន៥៩ខ្សែ ប្រវែង ៦៥.៨៧គីឡូម៉ែត្រ និងផ្លូវលំសរុប ៣២ខ្សែ ប្រវែង២៥៥គីឡូម៉ែត្រ។
*សក្តានុពលលើវិស័យធនធានរ៉ែ និងថាមពល៖ វិស័យរ៉ែ មានរ៉ែច្រើនប្រភេទដូចជា រ៉ែមាស សំណរ បុកស៊ីត។ល។ ជាក់ស្តែងរហូតមកដល់បច្ចុប្បន្ននេះ មានក្រុមហ៊ុនសិក្សាជំរករ៉ែចំនួន ១០ក្រុមហ៊ុន ស្មើនឹង១១អាជ្ញាប័ណ្ណ។
វិស័យថាមពល ដែលអាចសាងសង់ទំនប់វារីអគ្គិសនីបាន ក្នុងនោះមានទន្លេស្រែពក មាន អានុភាព ២៣៥មេហ្គាវ៉ាត់ អាងអូរផ្លាយមានអានុភាព ២០មេហ្គាវ៉ាត់, ព្រែកពោធិ៍ មានអានុភាព ១៧មេហ្គាវ៉ាត់ និងព្រែកដាក់ឌឿ មានអានុភាព២០០-៥០០មេហ្គាវ៉ាត់ បានសិក្សារួចរាល់ហើយ។ បច្ចុប្បន្ននេះ ខេត្តមានស្ថានីយ៍វារីអគ្គិសនី ខ្នាតតូចចំនួន ០២កន្លែង គឺស្ថានីយ៍អូររមីស និងស្ថានីយ៍អូរម្លែង សម្រាប់ផ្តត់ផ្គង់ថាមពលដល់ប្រជាពលរដ្ឋក្នុងក្រុងសែនមនោរម្យ មានថាមពលផ្គត់ផ្គង់ចំនួន ៣៧០មេហ្គាវ៉ាត់ និងបានតភ្ជាប់បណ្តាញពីរខ្សែពីប្រទេសវៀតណាម។
បើតាមការលើកឡើងរបស់លោកអភិបាលខេត្ត ដោយយោងតាមកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តការងាររបស់រដ្ឋបាលខេត្តមណ្ឌលគិរី សម្រេចបាននូវលទ្ធផលដូចខាងក្រោម៖
*បានចូលរួមក្នុងការលើកកម្ពស់ខឿនវប្បធម៌ជាតិ និងខឿនការពារជាតិ
*បានយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ និងសុខមាលភាពរបស់ប្រជាពលរដ្ឋ
*យកចិត្តទុកដាក់ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ដោយ រក្សាបាននូវស្ថេរភាពនយោបាយ និងសន្តិសុខសង្គម
*ពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង ជាពិសេសការអភិវឌ្ឍន៍ តំបន់ព្រំដែន តាមរយៈការជំរុញវិនិយោគតំបន់ព្រំដែន ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល
*លើកកម្ពស់វិស័យកសិកម្ម កសិ-ឧស្សាហកម្ម តាមរយៈការកៀងគរក្រុមហ៊ុនវិនិយោគ ឲ្យចូលមកវិនិយោគក្នុងខេត្ត ដើម្បីជួយស្វែងរកការងារជូនប្រជាពលរដ្ឋ កាត់បន្ថយចំណាកស្រុក និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនោះដែរ បានជំរុញដល់ប្រជាពលរដ្ឋ យកចិត្តទុកដាក់ក្នុងការងារ កសិកម្ម កសិ-ឧស្សាហកម្ម ដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅ។
*តភ្ជាប់បណ្តាញអគ្គិសនីជូនប្រជាពលរដ្ឋប្រើប្រាស់ទាំងនៅក្នុងទីរួមខេត្ត និងតាមបណ្តាស្រុក ក្រុងក្នុងខេត្ត
*តភ្ជាប់បណ្តាញផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់នៅក្នុងក្រុងសែនមនោរម្យ និង តាមបណ្តាស្រុកមួយចំនួនក្នុងខេត្ត
*ផ្លូវជាតិលេខ៧៦ តភ្ជាប់ពីខេត្តក្រចេះ មកខេត្តមណ្ឌលគិរី និងតភ្ជាប់ទៅខេត្តរតនគិរី និងផ្លូវផ្សេងៗក្នុងខេត្តជាច្រើនទៀត មានផ្លូវក្រុង ស្រុក ផ្លូវព្រំដែន និងផ្លូវលំជនបទ
*អគាររដ្ឋបាលបម្រើការងារ និងអគារផ្សេងៗទៀត តាមបណ្តាមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុង ស្រុក និងអគារសំណង់ផ្សេងៗជាច្រើនទៀតក្នុងខេត្ត
*ការងារបោះបង្គោលព្រំដែន កំណត់ខណ្ឌសីមាព្រំដែន និងការងារថែទាំបង្គោលព្រំដែន ដែលបានបោះរួច
*សហការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗក្នុងខេត្ត បទល្មើសឆ្លងដែនខុសច្បាប់ ដូចជាបទល្មើសព្រៃឈើ សត្វព្រៃ បទល្មើសរត់ពន្ធគ្រប់ប្រភេទ គ្រឿងញៀន និងបទល្មើសជួញដូរ ស្ត្រី និងកុមារ ជាដើម។ល។
*មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បានចូលរួមយ៉ាងសកម្មក្នុងការសហការអនុវត្តការងារ បានល្អប្រសើរ និងមានកិច្ចសហការល្អ អនុវត្តការងារតាមឋានានុក្រម៕