(កំពង់ឆ្នាំង)៖ តំបន់អភិរក្សត្រីមេពូជបឹងល្មួស ក្នុងពេលនេះមានត្រីមេពូជរាប់រយតោន ដែលគ្រប់គ្រងដោយសហគមន៍នេសាទកំពង់អុស ស្ថិតនៅក្នុងភូមិកំពង់អុស ឃុំកំ ពង់អុស ស្រុកជលគីរី បច្ចុប្បន្នក្រុមល្បាតក្នុងសហគមន៍ កំពុងតស៊ូការពារ ដោយបានដាក់វេនគ្នា យាមកាមការពារបទល្មើសទាំងយប់ទាំងថ្ងៃ ប៉ុន្តែជាបញ្ហានោះ គឺការខ្វះខាតសម្ភារដែលជាមធ្យោបាយការការពារ ជុំវិញបឹងអភិរក្ស និងខ្វះប្រេងចាក់កាណូត ដើរល្បាតប្រចាំថ្ងៃ ហេតុនេះហើយទើបសហគមន៍សំណូមពរ ដល់អង្គការដៃគូ និងក្រសួងពាក់ព័ន្ធជួយឧបត្ថម្ភ ដល់ការខ្វះខាតដោយក្តីអនុគ្រោះផង។
ជួបជាមួយក្រុមអ្នកយកព័ត៌មាន នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ លោកស្រី សំរិទ្ធ ណុន ប្រធានសហគមន៍នេសាទកំពង់អុស បាននិយាយថា សហគមន៍នេសាទ កំពង់អុសបានកើតឡើងនៅឆ្នាំ២០១៧ មានសមាជិកចំនួន៣៤៥នាក់ រស់នៅក្នុងភូមិកំពង់អុស ដែលមានដែននេសាទសាធារណៈជាច្រើនហិកតា ដោយឡែក ក៏មានតំបន់អភិរក្សមេពូជត្រីបឹងល្មួសមានទំហំ៤០ហិកតាមួយកន្លែងផងដែរ ដែលត្រូវការពារមេពូជត្រីគ្រប់ប្រភេទ នៅក្នុងអន្លុងបឹងល្មួសឲ្យបានគង់វង្សជាពិសេស នៅក្នុងរដូវបិតនេសាទ ដែលជារដូវត្រីពងកូននេះ តែសហគមន៍មានកាណូត ដែលអង្គការជួយតែ១គ្រឿងប៉ុណ្ណោះ។
លោកស្រីប្រធានសហគមន៍ បានបន្តថា ប៉ុន្មានថ្ងៃនេះ សមាជិកនៅក្នុងសហគមន៍ ពិសេសក្រុមល្បាតកំពុងធ្វើ ការយ៉ាងសកម្ម គឺចងលួសហុំព័ទ្ធកំប៉ោង ប្រើកាណូត និងកម្លាំងមនុស្ស រុញកំប៉ោងធ្វើជារនាំងរបងការពារជុំវិញបឹងអភិរក្ស ជារៀងរាល់ថ្ងៃ ដើម្បីទប់ស្កាតកុំឲ្យទូកកាណូតជនល្មើល បើកបរចូលមកលួចនេសាទ ក្នុងបឹងអភិរក្សនេះបាន ព្រោះថា នៅខែភ្លៀងរដូវវស្សានេះ ខ្យល់បានបោកបក់ដាច់ចំណងលួស និងកំប៉ោងរាយប៉ាយពេញបឹងស្ទើរតែរៀងរាល់ថ្ងៃ។
លោកថា ប៉ុន្តែអ្វីដែលប្រឈមនោះ គឺសហគមន៍ពុំមានថវិកាសំរាប់ទិញលួស ទិញប្រេងធ្វើការងារទាំងនេះឡើយ ដែលកន្លងមកសមាជិកមួយចំនួន បានចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីធ្វើការងារទាំងអស់នេះ ទៅតាមលទ្ធភាពដែលមាន។
ដោយឡែកបទល្មើសនេសាទ នៅក្នុងឆ្នាំកន្លងមកសហគមន៍ បង្ក្រាបបានប្រមាណ២០ករណី ក្នុងនោះមានការឆក់ត្រី២ករណី ត្រូវបានចាប់បញ្ជូនឲ្យខណ្ឌរដ្ឋបាល ជលផល កសាងសំណុំរឿងបញ្ជូនទៅតុលាការ និងបទល្មើសនេសាទ១៨ករណីទៀត សហគមន៍សហការជាមួយអាជ្ញាធរ និងមន្ត្រីជំនាញធ្វើកិច្ចសន្យាអប់រំនៅក្នុង មូលដ្ឋាន។ រីឯនៅក្នុងរដូវប្រាំងកន្លងមកនេះ ជនល្មើស ក៏បានលួចដុតព្រៃលិចទឹកពេលយប់ ខូចខាតអស់ប្រមាណ៥ហិកតាផងដែរ ដែលករណីនេះសហគមន៍ និងមន្ត្រីជំនាញកំពុងស៊ើបអង្កេត រកមុខសញ្ញាជនល្មើស ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់។
លោក ញ៉ាញ់ ប្រធានក្រុមល្បាត ដែលកំពុងដឹកនាំក្រុម ល្បាតរុញកំប៉ោងធ្វើរបាំងការពារបឹងអភិរក្សា បានឲ្យដឹងថា សហគមន៍មានក្រុមល្បាត ចំនួន៣ក្រុម ដែលមានកម្លាំងសរុបចំនួន១៥នាក់ ដោយដាក់វេនគ្នាចេញល្បាតការពារតំបន់អភិរក្សទាំងយប់ទាំងថ្ងៃ គឺពេលថ្ងៃ១ក្រុម៣នាក់ និងនៅពេលយប់១ក្រុម៣នាក់ ប៉ុន្តែយើងអាចការពារបានតែ៨០% ប៉ុណ្ណោះ ព្រោះតែយើងមានកម្លាំងល្បាតតិច និងម្យ៉ាងគ្មានប្រេងចាក់កាណូតដើម្បីបើកល្បាត។
ហេតុនេះហើយ លោកស្រីប្រធានសហគមន៍ និងប្រធានក្រុមល្បាត សំណូមពរដល់អង្គការដៃគូរ ដែលជួយលើវិស័យជនផល ស្ថាប័នពាក់ព័ន្ធ មេត្តាជួយឧបត្ថម្ភ ដល់ការខ្វះខាតខាងលើនេះ ជូនសហគមន៍នេសាទកំពង់អុសផង ដើម្បីជាប្រយោជន៍រួម៕