(ភ្នំពេញ)៖ លោក ជា ពិសី ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខណ្ឌឫស្សីកែវ និងជាអភិបាលខណ្ឌ បានគូសបញ្ជាក់ថា «គុណបំណាច់នៃសមានចិត្តដ៏ធំធេងបំផុតរបស់អ៊ុ ពូ មីង និងបងៗជាអតីតយុទ្ធជន ពិតជាមានតម្លៃ ដែលបានពាលីអាយុជីវិត ទាំងកម្លាំងកាយចិត្ត សាច់ស្រស់ ឈាមស្រស់ ដើម្បីនាំមកនូវសុខសន្តិភាព ជូនដល់មនុស្សជំនាន់ក្រោយ» ពិតជាដឹងគុណ និងសូមថ្លែងអំណរគុណយ៉ាងក្រៃលែង។
ការគូសបញ្ជាក់យ៉ាងដូច្នេះ របស់អភិបាលខណ្ឌឫស្សីកែវ បានធ្វើឡើងនាឱកាសដែលលោកបន្តដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មកឧបត្ថម្ភជូនដល់អតីតយុទ្ធជន ចំនួន៩គ្រួសារទៀតផ្សេងទៀត នៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។
សកម្មភាពជាបន្តបន្ទាប់នេះ ក្រៅពីប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខណ្ឌឫស្សីកែវ ក៏មានការចូលរួមពីលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌ និងជាប្រធានសមាគមអតីត យុទ្ធជនកម្ពុជាខណ្ឌ, លោក-លោកស្រីអធិការរងនគរបាលខណ្ឌ, តំណាងយោធភូមិភាគពិសេសប្រចាំខណ្ឌ, រួមទាំងមន្ត្រីរាជការ, នគរបាលប៉ុស្តិ៍ និងអាជ្ញាធរសង្កាត់ផងដែរ។
សូមជម្រាបថា កាលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខណ្ឌឫស្សីកែវ ដឹកនាំដោយលោក ជា ពិសី អភិបាលខណ្ឌ បាននាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកឧបត្ថម្ភជូន អតីតយុទ្ធជន ចំនួន៩គ្រួសារផ្សេងទៀត ស្ថិតនៅសង្កាត់ទួលសង្កែទី២ និងនៅក្រោយពីលោកអភិបាលខណ្ឌ ជា ពិសី ដឹកនាំក្រុមការងារដដែលនេះ បានចុះសួរសុខទុក្ខ និងយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មកឧបត្ថម្ភជូនអតីតយុទ្ធជនចំនួន ១១គ្រួសារផ្សេងទៀត នៅសង្កាត់ឫស្សីកែវ និងនៅក្រោយពីលោកដឹកនាំ ក្រុមការងារដដែលនេះ នាំយកអំណោយមកឧបត្ថម្ភជូនអតីតយុទ្ធជនចំនួន ៩គ្រួសារផ្សេងបន្ថែមទៀត ស្ថិតនៅសង្កាត់ទួលសង្កែទី២ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០៕