(បន្ទាយមានជ័យ)៖ នគរបាលប៉ុស្តិ៍សង្កាត់ប៉ោយប៉ែត សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ កម្លាំងការិយាល័យសេដ្ឋកិច្ចខេត្ត ដឹកនាំដោយលោកវរសេនីយ៍ទោ យឹម នី នាយរងការិយាល័យសេដ្ឋកិច្ច ក្រោមការសម្របសម្រួលពីតំណាងអយ្យការ បានចុះឆែកផ្ទះឈ្មួញលួចផ្ទុបឆ្អឹងមាន់ ប្រហិតក្លាស្សេខូចគុណភាពមួយកន្លែង នៅជិតផ្សារត្រីក្បែរវិហារចាម ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្នុងនោះ សមត្ថកិច្ច រឹបអូសបានប្រហិត២៩៦គីឡូ, ឆ្អឹងមាន់៤៥២គីឡូ សរុបស្មើ៧៤៨គីឡូ នៅវេលាម៉ោង៣រសៀល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។
សមត្ថកិច្ច បានឲ្យដឹងថា ការបង្ក្រាបឆ្អឹងមាន់ និងប្រហិតនេះ ម្ចាស់រួមមាន៖
*ទី១៖ ឈ្មោះ ឈន់ ឈាន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរលក់ដូររស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
*ទី២៖ ឈ្មោះ រុន រ៉ាវី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងធ្វើបាស់ រស់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
*ទី៣៖ ឈ្មោះ ឆុន វ៉ាន់ថុល ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បើតាមសមត្ថកិច្ច បានបញ្ជាក់ថា សម្ភារ និងវត្ថុតាងខាងលើ ដែលរឹបអូសពីឈ្មួញបាន ក្រោយពីធ្វើកំណត់ហេតុរួច ខាងការិយាល័យជំនាញ ដឹកយកទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕