(កំពង់ចាម)៖ គម្រោងបង្កើតរោងចក្រផលិតស្បែកជើងមួយកន្លែង នៅខេត្តកំពង់ចាម ក្រោមទុនវិនិយោគជាង១០លានដុល្លារអាមេរិក ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តឲ្យដំណើរការ។
Facebook ផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន MANN LONG SHOES CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា ក្រុមហ៊ុននេះ មានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៦ ភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ១០.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៣,៣៧៩កន្លែង៕