(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃទី១៦ ខែកក្កដានេះ បានបន្តចេញសេចក្តីជូនដំណឹងប្រាប់កម្មករនិយោជិតសរុបចំនួន ៣១,៧៦៤នាក់ ដែលព្យួរកិច្ចសន្យាការងារនៅរោងចក្រ-សហគ្រាសចំនួន ១៤០ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ រង់ចាំមើលសាររបស់វីងនៅលើទូរស័ព្ទដៃរបស់ខ្លួន ដើម្បីយកលេខកូដទៅបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល។
ក្រសួងការងារបន្តថា ការបើកប្រាក់ឧបត្ថម្ភនេះនឹងបើកផ្ដល់ជូនជាប្រាក់រៀល ដោយចំនួនតិច ឬច្រើន គឺអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះរួមមាន៖
* ៤០,៥០០រៀល (១០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងារចាប់ពី ១១-២០ថ្ងៃ។
* ៨១,០០០រៀល (២០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងារចាប់ពី ២១-៣០ថ្ងៃ។
* ២០២,៥០០រៀល (៥០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងារចាប់ពី ៣១-៤៩ថ្ងៃ។
* ២៤៣,០០០រៀល (៦០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងារចាប់ពី ៥០-២ខែ។
ក្រសួងការងារបានរំឭកជូនបន្ថែមថា ធនាគារវីងនឹងបង្វិលប្រាក់ឧបត្ថម្ភនេះជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាកម្មករនិយោជិតខកខានមិនបានទៅបើកប្រាក់ឧបត្ថម្ភនេះ ក្នុងរយៈពេល១០ថ្ងៃ បន្ទាប់ពីទទួលបានសារតាមទូរស័ព្ទពីធនាគារឯកទេសវីង។ ដើម្បីបើកប្រាក់ឧបត្ថម្ភនេះ កម្មករនិយោជិតត្រូវយកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងទូរស័ព្ទដែលទទួលបានសារនោះទៅកាន់ភ្នាក់ងារវីងដែលនៅជិតបំផុត។
ម្យ៉ាងទៀត នៅពេលបើកប្រាក់ឧបត្ថម្ភខាងលើនេះ កម្មករនិយោជិតមិនតម្រូវឱ្យបង់ថ្លៃសេវាទៅភ្នាក់ងារវីងឡើយ។ ក្នុងករណីកម្មករនិយោជិតដែលបម្រើការងារនៅរោងចក្រ-សហគ្រាសទាំង៦០នេះ មិនបានទទួលសារទូរស័ព្ទពីធនាគារឯកទេសវីង កម្មករនិយោជិតត្រូវទំនាក់ទំនងសួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាពលេខទូរស័ព្ទរបស់ខ្លួនទៅរដ្ឋបាលរោងចក្រ-សហគ្រាសរបស់ខ្លួន។
សូមជម្រាបថា នេះជាលើកទី១៤ហើយ ដែលក្រសួងការងារបានចេញសេចក្ដីជូនដំណឹងឱ្យកម្មកនិយោជិតដែលព្យួរការងារនៅរោងចក្រ-សហគ្រាសក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ទៅបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ហើយក្រសួងក៏នឹងបន្តជូនដំណឹងដល់កម្មកររោងចក្រ-សហគ្រាសដទៃផ្សេងទៀត អំពីការបើកផ្តល់ប្រាក់ឧបត្ថម្ភនេះទៀតដែរ៕