(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យ លោក លីន សេងរ៉ុង (LIN XIANGRONG) ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ហុង ឌី សេង HONG DE SHENG STEEL ( CAMBODIA) Co.LTD និងសហការី ចូលជួបសម្ដែងការគួរសម នៅភូមិគ្រឹះរបស់សម្តេច ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០។
លោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន បានជម្រាបជូនសម្តេចប្រធានរដ្ឋសភា ថា ក្រុមហ៊ុនហុង ឌី សេង បានមកវិនិយោគនៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ២០១៩ មក។
លោក លីន សេងរ៉ុង បានលើកឡើងថា ដោយសារតែកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍ បានបង្កលក្ខណៈ អំណោយផលដល់ការវិនិយោគរបស់វិស័យឯកជន នៅក្នុងនោះ មានក្រុមហ៊ុនលោកមួយដែរ។
ជាការចូលរួមចំណែកទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នៅកម្ពុជា ក្រុមហ៊ុនហុង ឌី សេង បានប្រគល់ជូនសម្តេចប្រធានរដ្ឋសភា នូវម៉ាសចំនួន២០ម៉ឺន សម្រាប់ចែកជូនប្រជាពលរដ្ឋ។
សម្តេចពញាចក្រី ហេង សំរិន បានស្វាគមន៍ចំពោះការវិនិយោគរបស់ក្រុមហ៊ុន ហុង ឌី សេង នៅកម្ពុជា។
សម្តេចបានលើកឡើងថា កម្ពុជាបានបើកចំហនិងលើកទឹកចិត្តដល់ការវិនិយោគពីបរទេស ដើម្បីជាការចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ច អភិវឌ្ឍន៍ប្រទេសជាតិ ពិសេសការផ្តល់ការងារដល់ប្រជាពលរដ្ឋធ្វើការរស់នៅក្នុងជីវភាពសមរម្យ ប្រទេសជាតិមានសុខសន្តិភាព។
សម្តេចបានថ្លែងអំណរគុណដល់ក្រុមហ៊ុនបានផ្តល់ម៉ាសជូនសម្តេច សម្រាប់ចែកជូនពលរដ្ឋប្រើប្រាស់នៅក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
សម្តេចបានបញ្ជាក់ថា អំណោយនាពេលនេះ បានឆ្លុះបង្ហាញពីស្មារតីសាមគ្គីភាពនិងវប្បធម៌ជួយគ្នាទៅវិញទៅមកក្នុងគ្រាមានអាសន្ន និងចាំបាច់៕