(ភ្នំពេញ)៖ តំណាងក្រុមហ៊ុនហ្គាសទាន់សម័យ បានចេញមកបញ្ជាក់ជាមួយ Fresh News នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦នេះថា កន្លែងស្តុកហ្គាស ដែលផ្ទុះឆេះនៅយប់ថ្ងៃទី២១ ខែមករា នៅតាមបណ្តោយផ្លូវហាណូយ កែងផ្លូវទំនប់កប់ស្រូវ ក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (ក្បែរហ្គ្រេនភ្នំពេញ) មិនមែនជារបស់ខ្លួននោះឡើយ។
តំណាងក្រុមហ៊ុនហ្គាសទាន់សម័យ បានបញ្ជាក់ថា ក្រោយពេលការចេញផ្សាយថា កន្លែងស្តុកហ្គាស ដែលឆេះកាលពីយប់មិញ មានអតិថិជន និងអ្នកចែកចាយរបស់ខ្លួន ជាច្រើនបានទូរស័ព្ទសាកសួរ ក្លាយប៉ះពាល់ដល់ការផ្គត់ផ្គង់ហ្គាស។ «ខ្ញុំសូមបញ្ជាក់ថា កន្លែងឆេះយប់មិញ មិនមែនជារបស់ខ្ញុំទេ ហ្គាសទាន់សម័យអត់មាននៅខាងណុងទេ។ ហ្គាសដែលឆេះពីយប់មិញ ជារបស់ក្រុមហ៊ុន KM»។
សូមបញ្ជាក់ថា នៅក្បាលព្រលប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ មានករណីផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ នៅកន្លែងស្តុកហ្គាសនៅក្នុងដីឡូតិ៍ នៅតាមបណ្តោយផ្លូវហាណូយ កែងផ្លូវទំនប់កប់ស្រូវ ក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ការឆាបឆេះនេះ ត្រូវបានកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចជាច្រើននាក់ ចេញប្រតិបត្តិការបាញ់ពន្លត់ ទៅវិញទាំងស្រុង នៅម៉ោងប្រមាណ១០យប់។
ប្រតិបត្តិការបាញ់ពន្លត់អគ្គិភ័យនេះ ប្រើរថយន្តពន្លត់អគ្គិភ័យចំនួន ២០គ្រឿង និងប្រើទឹកអស់ចំនួន៣៥រថយន្ត៕