(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ បានបង្ហោះសារលើ Facebook ផ្លូវការរបស់សម្តេច ដោយបន្តអំពាវនាវដល់បងប្អូនជនរួមជាតិ ត្រូវឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជែលសម្លាប់មេរោគ ឬទឹកអាល់កុល និងត្រូវពាក់ម៉ាសការពារឲ្យបានល្អ កុំធ្វេសប្រហែសចំពោះជំងឺកូវីដ១៩ឲ្យសោះ។
ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានណែនាំ ឲ្យគ្រប់ទីកន្លែងធ្វើអាជីវកម្មតូចធំទាំងរបស់រដ្ឋ និងឯកជន ហាងកាហ្វេ ភោជនីយដ្ឋាន ការដ្ឋានសំណង់ ទីកន្លែងកាត់សក់ ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូដែលបានអនុញ្ញាត ធនាគារ និងកន្លែងប្តូរប្រាក់តូចធំ គ្លីនិកតូចធំ គ្លីនិកធ្មេញ មន្ទីរពេទ្យរដ្ឋ និងមន្ទីរពេទ្យឯកជន ត្រូវតែមានជែល ទឹកអាល់កុល និងម៉ាសសម្រាប់ផ្តល់ជូនអតិថិជន ឬក្រុមគ្រួសារអ្នកជំងឺ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារក្នុង Facebook យ៉ាងដូច្នេះថា «សុខសប្បាយជាទេ បងប្អូនជនរួមជាតិ? ជំងឺឆ្លងរាតត្បាតកូវីដ១៩ មកទល់ថ្ងៃនេះ នៅក្នុងពិភពលោកបានកើនឡើង ១៣,១៥០,៦៤៥ នាក់ហើយ។ ចំនួនអ្នកស្លាប់ក៏បានកើនឡើងដល់ ៥៧៤,៤៦៤នាក់ រីករាលដាលលើ២១៦ប្រទេស រីឯថ្នាំព្យាបាលក៏មិនទាន់មានដែរ។ នៅក្នុងប្រទេសកម្ពុជាយើងវិញមកទល់ថ្ងៃនេះ មានអ្នកឆ្លងរោគសរុប ១៦៦នាក់ អ្នកដែលបានព្យាបាលជាសះស្បើយមាន ១៣៣នាក់ ប្រទេសយើងគ្មានអ្នកស្លាប់ដោយសារកូវីដ១៩ទេ។
វិធីដែលចាំបាច់នឹងមានប្រសិទ្ធភាពបំផុត ចៀសវាងការឆ្លងរោគកូវីដ១៩ ដែលយើងមើលមិនឃើញដោយភ្នែកទទេរនេះ គឺត្រូវឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជែលសម្លាប់មេរោគ ឬទឹកអាល់កុល។ ត្រូវពាក់ម៉ាសការពារឲ្យបានល្អ ហើយកុំធ្វេសប្រហែសដោយគិតថា កំណើនឆ្លងរោគនៅប្រទេសយើងទាប ។
ទីកន្លែងធ្វើអាជីវកម្មតូចធំរួមទាំងផ្សាររដ្ឋ និងឯកជន តូបលក់ឥវ៉ាន់តូចធំ ដេប៉ូចែកចាយ ហាងកាហ្វេ ភោជនីយដ្ឋាន ការដ្ឋានសំណង់ ទីកន្លែងកាត់សក់ ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូដែលបានអនុញ្ញាតធនាគារ និងកន្លែងប្តូរប្រាក់តូចធំ គ្លីនិកតូចធំ គ្លីនិកធ្មេញ មន្ទីរពេទ្យរដ្ឋ និងមន្ទីរពេទ្យឯកជន ត្រូវតែមានជែល ទឹកអាល់កុល និងម៉ាសសម្រាប់ផ្តល់ជូនអតិថិជន ឬក្រុមគ្រួសារអ្នកជំងឺ ដើម្បីទប់ស្កាត់ការរីករាលដាល ចម្លងរោគពីម្នាក់ទៅម្នាក់ ហើយត្រូវបន្តធ្វើតាមការណែនាំ របស់ក្រសួងសុខាភិបាលគ្រប់ពេល។ សូមជូនពរបងប្អូនបានចៀសផុត ពីជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ១៩ ទាំងអស់គ្នា»។
សូមជម្រាបថា ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន០១នាក់ទៀត លើបងប្អូនខ្មែរដែលធ្វើដំណើរត្រឡប់មកពីប្រទេសអារ៉ាប់ប៊ីសាអូឌី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ។
គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅកម្ពុជាបានរកឃើញអ្នកជំងឺកូវីដ១៩ សរុបចំនួន១៦៦នាក់ (ស្ត្រី ៤០នាក់ និងបុរស ១២៦នាក់) ចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេសមានចំនួន ១៣៣នាក់ (ស្រី ៣៩នាក់ និងបុរស ៩៤នាក់) អ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួន៣៣នាក់៕