(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុន Cellcard បានចេញសេចក្ដីជូនដំណឹងរួមគ្នាមួយស្ដីពី ការដាក់ឲ្យប្រើប្រាស់កម្មវិធី «Cellcard Free Data Distance Education» នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។
កម្មវិធី «Cellcard Free Data Distance Education» ជាកម្មវិធីមួយដែលគាំទ្រដល់ កម្មវិធីទូរស័ព្ទដៃ មានឈ្មោះថា «ការអប់រំពីចំងាយ-Distance Education» ដែលបានបង្កើតដោយក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគម។
កម្មវិធីនេះនឹងផ្ដល់ជូនដល់សិស្សានុសិស្ស បុគ្គលិកអប់រំ និងសាធារណជនទាំងអស់ ដែលកំពុងប្រើប្រាស់បណ្ដាញទូរស័ព្ទរបស់ក្រុមហ៊ុន Cellcard អាចប្រើប្រាស់ដោយឥតគិតថ្លៃ ជារៀងរាល់ថ្ងៃ និងចាប់ពីម៉ោង៦៖០០ដល់ម៉ោង១១៖០០នាទីថ្ងៃត្រង់។
កម្មវិធីលើទូរស័ព្ទដៃ «ការអប់រំពីចំងាយ-Distance Education» នឹងផ្ដល់ជាវីដេអូនៃការបង្រៀន សម្រាប់កម្មវិធីសិក្សា របស់ក្រសួងអប់រំ យុវជន និងកីឡា ចាប់ពីថ្នាក់ទី៩ដល់ថ្នាក់ទី១២ ដែលជាជំហានសំខាន់មួយក្នុងការផ្ដល់សេវា អប់រំឌីជីថល និងការអប់រំពីចំងាយ។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា «ដើម្បីឲ្យមានសេដ្ឋកិច្ចឌីជីថល លុះត្រាតែមានការអប់រំឌីជីថល ហើយកម្ពុជាអាចប្រែក្លាយវិបត្តិកូវីដ១៩ ឲ្យទៅជាឱកាសក្នុងការបង្កើតវេទិការអប់រំឌីជីថល ដើម្បីអាចបន្ដផ្ដល់ការអប់រំដល់សិស្សានុសិស្ស ដោយយើងបានដើរលឿន១០ឆ្នាំទៅមុខ ក្នុងការអនុវត្តនការអប់រំបែបឌីជីល ក្នុងវិស័យអប់រំនៅកម្ពុជា»។
លោកបានបន្ដថា ការអប់រំបែបឌីជីថល ក្នុងបរិបទឧស្សាហកម្ម៤.០ មានសារៈសំខាន់សម្រាប់កម្ពុជា ក្នុងការបោះជំហានឲ្យក្លាយជាប្រទេស ដែលមានសេដ្ឋកិច្ចបែបឌីជីថល និងរដ្ឋបាលឌីជីថល ព្រោះផ្នែកទាំងអស់នេះត្រូវការំនាញជាច្រើន ដើម្បីបំពេញការងារ និងគ្រប់គ្រងប្រព័ន្ធឆ្លាតវៃទាំងអស់នេះ»។
លោក Ian Watson នាយកប្រតិបត្តិនៃក្រុមហ៊ុន Cellcard បានថ្លែងថា កិច្ចការនេះជាកម្មវិធីប្រកបដោយ នវានុវត្តន៍មួយនៃក្រុមហ៊ុន Cellcard ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ជួយគាំទ្រដល់ការសិក្សារបស់សិស្សានុសិស្ស ហើយក្នុងនាមក្រុមហ៊ុនសូមជម្រាបថា Cellcard នឹងនៅទីនេះដើម្បីជួយដល់ការសិក្សា និងការងារនៅថ្ងៃអនាគត៕