(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងដោយត្រង់ៗចំៗ សុំចិត្តពលរដ្ឋដែលមានហើយ កុំឡើយធ្វើជាក្រក្លែងក្លាយ ដណ្តើមក្រ ពីគ្រួសារក្រីក្រពិត ព្រោះតែចង់បានប្រាក់ឧបត្ថម្ភពីសម្តេចតេជោនោះអី ដោយណែនាំឲ្យអាជ្ញាធរភូមិ-ឃុំពិនិត្យលើករណីនេះឲ្យបានម៉ឹងម៉ាត់បំផុត។ ជាពិសេសហាមដាច់ខាតមិនឲ្យមានគ្រួសារមានក្រីក្របន្លំ ទទួលបានប័ណ្ណសមធម៌ឡើយ បើសិនមានករណីនេះ អ្នកពាក់ព័ន្ធទាំងអស់ ត្រូវទទួលខុសត្រូវដោយខ្លួនឯង និងចំពោះមុខច្បាប់។
លោក ជាម ច័ន្ទសោភ័ណ លើកឡើងធ្ងន់ៗបែបនេះ ក្នុងឳកាសអញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋានភូមិ ឃុំ មន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីពិនិត្យការអនុវត្តផ្ទាល់ការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៅឃុំកំពង់ទ្រាស និងឃុំឈូក ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។
លោក ជាម ច័ន្ទសោភ័ណ បានក្រើនរំលឹក និងណែនាំឲ្យមេភូមិ មេឃុំ ស្មៀនឃុំ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវមានមានសុក្រឹតភាព តម្លាភាព ក្នុងបេះដូង ដួងចិត្ត លើការងារធ្វើអត្តសញ្ញាណកម្មកំណត់គ្រួសារក្រីក្រ និងងាយរងគ្រោះ នាអំឡុងកូវីដ-១៩ ក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីពលរដ្ឋដែលក្រីក្រពិតប្រាកដទទួលបានសាច់ប្រាក់ឧបត្ថម្ភ ពីរាជរដ្ឋាភិបាលកម្ពុជា ពីសម្តេចតេជោ ក៏ដូចជាបានផ្តាំផ្ញើរឲ្យមន្ត្រីគ្រប់លំដាប់ថ្នាក់ទាំងអស់ខិតខំបំរើសេវាឲ្យបានលឿន បំពេញតម្រូវការពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីទាញយកសមាណចិត្ត និងបេះដូងក្តីស្រលាញ់គាំទ្ររបស់ពួកគាត់ មានចំពោះគណបក្សប្រជាជនកម្ពុជាជារៀងរហូត៕