(ភ្នំពេញ)៖ បន្ទាប់ពីបានចុះពង្រឹងការងារដោយផ្ទាល់ នៅតាមលេខាធិការរដ្ឋានរៀបចំការបោះឆ្នោតខេត្ត (លខប) ចំនួន៨ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបន្តការងារនេះ នៅខេត្តចំនួន៩ ទៀតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។
ខេត្តទាំងនោះរួមមាន ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ ខេត្តត្បួងឃ្មុំ ខេត្តកំពង់ចាម ខេត្តព្រៃវែង និងខេត្តស្វាយរៀង។ ខេត្តដំបូងនៃយុទ្ធនាការចុះតាមបណ្តាលខេត្តជាលើកទី២ របស់លោកប្រធានគ.ជ.ប នៅពេលនេះ គឺផ្តើមចេញពីខេត្តព្រះវិហារ។
សូមជម្រាបថាខេត្តព្រះវិហារមានប្រជាពលរដ្ឋសរុបចំនួន ២៤៨.៣៤០ នាក់ ក្នុងនោះប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៩ ចំនួន១២៨.៣១៧នាក់។ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ លេខធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តព្រះវិហារគ្រោងចុះឈ្មោះបោះឆ្នោតថ្មីចំនួន៦៨៤១នាក់។
ការចុះមកដោយផ្ទាល់នេះ គឺលោក ស៊ិក ប៊ុនហុក ត្រូវការស្តាប់ការលំបាកដែលថ្នាក់ក្រោមបានជួបប្រទះនាពេលកន្លងមក និងស្តាប់សំណូមពររបស់លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត ដើម្បីមានវិធានការណ៍ដោះស្រាយនៅថ្នាក់ដឹកនាំ គ.ជ.ប ព្រោះនេះគឺជាការពង្រឹងកោសិកានៃការបោះឆ្នោតនៅថ្នាក់មូលដ្ឋាន៕